សាលា​រាជធានី​ទិញ​រថយន្ត​បោសសម្អាត​ផ្លូវ​ទំនើប​ពី​ប្រទេស​ចិន

សាលា​រាជធានី​ទិញ​រថយន្ត​បោសសម្អាត​ផ្លូវ​ទំនើប​ពី​ប្រទេស​ចិន



រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាន​កុំម៉ង់​ទិញ​រថយន្ត បោស បូម និង​បាញ់​លាង​សំអាត​ផ្លូវ​ពី​ប្រទេស​ចិន ដែល​មាន​លក្ខណៈ​ទំនើប​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ជម្រុញ​ការងារ​បរិស្ថាន និង​អនាម័យ​ទីក្រុង ជា​ពិសេស​ជួយ​លើក​មុខមាត់​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​ឱ្យ​ពិតជា​ទីក្រុង​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏​ផង​ដែរ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សាលា​រាជធានី បាន​ទិញ​រថយន្ត សម្រាប់​បោស បូម និង​បាញ់​លាង​សំអាត​ថ្នល់ ដែល​រថយន្ត​នេះ​មាន​លក្ខណៈ​ទំនើប ដោយ​មាន​ភ្ជាប់​ឧ​បករ​ណ៏​បោស​ដី បូម​ដី និង​បាញ់​ទឹក​មិន​ឲ្យ​ហុយ​នៅ​ពេល​បោស អាច​ផ្ទុក​ធូលី​ដី​បាន​៤​ម៉ែត្រគូប និង​ទឹក​សម្រាប់​បាញ់​លាង​ប្រមាណ​២​ម៉ែត្រគូប ។

រថយន្ត​នេះ​មាន​អំបោស​នៅ​ពីក្រោម នៅ​ពេល​បោសសំអាត​មិន​ហុយ ឬ​រំខាន​ដល់​អ្នក​រស់នៅ​ជិតខាង និង​មាន​ប្រព័ន្ធ​បញ្ជា​ទំនើប មិន​ចាំបាច់​ប្រើ​មនុស្ស​ច្រើន មាន​ភ្លើង​ហ្វា​ខាងក្រោម និង​ខាងក្រោយ​សម្រាប់​ការងារ​សំអាត​នៅ​ពេល​យប់​ផង​ដែរ ។ អាជ្ញាធរ​និយាយ​ថា នៅ​ពេល​ខាង​មុខ សាលា​រាជធានី​ភ្នំពេញ​នឹង​កុំម៉ង់​ទិញ​រថយន្ត​ទំនើប​បែប​នេះ​បន្ថែម​ទៀត ដើម្បី​ជម្រុញ​ឲ្យ​ការងារ​បរិស្ថាន និង​អនាម័យ​កាន់តែ​មាន​ភាព​ប្រសើ​ឡើង ។

ពេល​នេះ​ទើប​មាន​មួយ​គ្រឿង​ប៉ុណ្ណោះ ទំនង​ទិញ​យក​មក​សាកល្បង ។ ប្រសិនបើ​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព​លាង បោសសំអាត​ស្អាត ជាង​ប្រើ​កម្លាំង​មនុស្ស​មែន ថ្ងៃក្រោយ​អាច​មាន​រថយន្ដ​បែប​នេះ​ច្រើន​ថែម​ទៀត ដូច​នៅ​តាម​ទីក្រុង​នានា នៃ​ប្រទេស​ដែល​កំពុង​រីក​ចម្រើន ៕