តើ​មហាសេដ្ឋី​ Bill Gates, Warren Buffet និង Oprah Winfrey មាន​លក្ខណៈ​សម្បត្តិ​ភាព​ជា​អ្នក​ដឹក​នាំ​អ្វី​ខ្លះ​នៅ​ក្នុង​ខ្លួន?

១) មាន​ចិត្ត​នឹងន

 

មាន​ចិត្ត​នឹង​ន​ នៅ​ពេល​នេះ​គឺ​សំដៅ​ការ​ចេះ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​នៅ​ពេល​មាន​ភាព​តាន​តឹង​ក្នុង​ អារម្មណ៍ ឬ កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​លំបាក។ អនុភាព​នៃ​អារម្មណ៍​របស់​មនុស្ស​អាច​ផ្លាស់​ប្តូរ​គ្រប់​ពេល​ភ្លាម​តាម​ស្ថានភាព​ជាក់​ស្តែង។ នៅ​ក្នុង​ជីវិត​ជាក់​ស្តែង​ មាន​ពេល​វេលា​ច្រើន​ណាស់​ដែល​អ្នក​សប្បាយ​រីករាយ ហើយ​ក៏​មាន​ពេល​ច្រើន​ដែរ ដែល​អ្នក​ពិបាក​ចិត្ត ខក​ចិត្ត ឬ អារម្មណ៍​ខឹង​ខ្លាំង។

 

នៅ​ពេល​ដែល​អ្នក​បណ្ដោយ​ឲ្យ​អារម្មណ៍ នឹង​ចិត្ត​របស់​អ្នក​ វក់​ខ្លាំង ក្នុង​រឿង សប្បាយ និង រឿង​កើត​ទុក​ខ្លាំង​ពេក នោះ​អារម្មណ៍​ទាំង​នេះ​នឹង​ជញ្ជក់​យក​អស់​នូវ​ថាមពល​ខួរ​ក្បាល​ដ៏​ឆ្លាត​វៃ​របស់​អ្នក។ បើ​យោង​តាម​អ្នក​ជំនាញ​ខាង​អារម្មណ៍ បុគ្គល​ជោគជ័យ​ស្ទើរ​តែ ៩០% មាន​ជំនាញ​ធ្វើ​ឲ្យ​ចិត្ត​ខ្លួន​ឯង នឹងន ជាប់​ជា​និច្ច​ទោះ​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​ដោយ។

 

២) ការ​បង្កើត​វិន័យ​ឲ្យ​ខ្លួន​ឯង

 

ការ​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​ គឺ​ជា​សកម្មភាព ឬ អាកប្បកិរិយា ដែល​អនុវត្តន៍​តាម​អ្វី​ដែល​ចិត្ត​អ្នក​កំណត់ ដែល​នេះ​ជា​សកម្មភាព​មួយ​ដើម្បី​បង្កើត​ភាព​ជោគជ័យ​យូរ​អង្វែង​ឲ្យ​ខ្លួន​ឯង។ នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​អ្នក​ដឹកនាំ​ឆ្នើម មាន​ចំណង​ជើង​ថា Three Leadership Skills That Count ស្រាវជ្រាវ ដោយ​លោក Morten T. Hansen បោះពុម្ព​ផ្សាយ​ដោយ សាលា Harvard Business រៀប​រាប់​ថា ភាព​ងប់ងុល​នឹង​ការ​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង គឺ​ជា​ការ​បង្កើត​ស្ថិរភាព​ នៃ​សកម្មភាព​ការងារ​មួយ​ឥត​ឈប់​ឈរ​ឲ្យ​ខ្លួន​ឯង។ អាថ៌កំបាំង ក្នុង​ការ​រៀប​ចំ​កិច្ចការ​ប្រចាំ​ថ្ងៃ និង ធ្វើ​ការងារ​ណា​ដែល​ជា​អាទិភាព​ គឺ​កើត​ឡើង​តាម​រយៈ​ស្ថិរភាព​នៃ​អាកប្បកិរិយា​របស់​អ្នក។

 

៣) វិចារណញ្ញាណ

 

វិចារណញ្ញាណ គឺ​ជា​មគ្គុទ្ទេសក៍ ក្នុង​ខ្លួន​របស់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ អ្វី​មួយ ទាំង​ក្នុង​ជីវិត​ការងារ និង ជីវិត​ផ្ទាល់​ខ្លួន។ នៅ​ក្នុង​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា What I Know for Sure អ្នក​ Oprah Winfrey រៀប​រាប់​ថា​ នាង​បាន​ស្តាប់​ វិចារណញ្ញាណ របស់​ខ្លួន​ឯង​ស្ទើរ​មួយ​ជីវិត​ទៅ​ហើយ​ទើប​ទទួល​បាន​ជោគជ័យ ដោយ​អ្នក​នាង​បន្ថែម​ថា ខ្លួន​ធ្លាប់​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​នៅ​ពេល​ដែល​មិន​ចេះ​ស្តាប់​ វិចារណញ្ញាណ​ខ្លួន​ឯង។

 

សូម្បី​តែ​លោក Richard Branson, Bill Gates, និង លោក Warren Buffett ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ប្រើប្រាស់​ វិចារណញ្ញាណ ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ដូច្នេះ ចិត្ត​នឹង​ន​ គឺ​ជា​ការ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​ ឲ្យ​ធ្វើ​អ្វី​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ទោះ​បី​ស្ថិត​នៅ​កាលៈទេសៈ​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ ការ​កំណត់​វិន័យ​ឲ្យ​ខ្លួន​ឯង គឺ​ជា​ការ​រក្សា​សកម្មភាព​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ប្រចាំ និង ចុង​ក្រោយ វិចារណញ្ញាណ គឺ​ជា​ធ្វើ​រឿង​អ្វី​មួយ​ដែល​ចេញ​ពី​បេះដូង​ខ្លួន​ឯង។

http://www.businessinsider.com/leadership-qualities-of-successful-people-2016-3

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com