វាយប្រហារ​ភេរវកម្ម​ក្នុង​ព្រ​លាន​យន្តហោះនិង​ស្ថានីយ​មេត្រូ​ នៅព្រុ​ច​សែ​ល

ទីភ្នាក់ងារសារព័ត៌មាន​បែ​ល​ហ្ស៊ិ​ក BELGA បាន​រាយការណ៍​ថា មានការ​ផ្ទុះ​ចំនួន​២​លើក​នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​កន្លែង​រង់ចាំ​ចេញដំណើរ​នៃ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល BRUXELLES-ZA VENTEM និង​ផ្ទុះ​មួយ​គ្រាប់​ទៀត​នៅ​ស្ថានីយ​មេត្រូ ដែល​របាយការណ៍​ផ្លូវការ​ដំបូង​ៗ​បានអោយ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់​៣៥​នាក់​ស្លាប់ និង​របួស​ច្រើន​រយ​នាក់​ទៀត នេះ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ មីនា នេះ​។

BELGA បញ្ជាក់​ថា ប្រភព​នៃ​ការ​ផ្ទុះ​នៅ​ពុំ​ទាន់​អាច​កំណត់​ដឹង​នៅឡើយ​សម្រាប់​ពេល​នេះ ក៏​ប៉ុន្តែ​ស្នូរ​កាំភ្លើង និង​សំឡេង​ស្រែក​ជា​ភាសា​អា​រ៉ាប់​ត្រូវ​បាន​ស្តាប់​ឮ មុន​ការ​ផ្ទុះ​គ្រាប់បែក​ទាំង​២​គ្រាប់​នេះ ។ អាជ្ញាធរ​បាន​ចេញផ្សាយ​រូបភាព​ជនសង្ស័យ​២​នាក់ អាច​ជា​អ្នក​វាយប្រហារ​អត្តឃាត​ដែល​ថត​បាន​ពេល​រុញ​រទេះ​តាម​រយៈ​ស្ថានីយ និង​អាជ្ញាធរ​បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​ស្វែងរក​យ៉ាង​សកម្ម ហើយ​សម្រាប់​លើក​ទី​៣ ត្រូវ​បាន​អាជ្ញាធរ​ស្វែងរក​ឃើញ​មាន​គ្រាប់បែក​មួយ​គ្រាប់​មិន​ផ្ទុះ​។

រាល់​ការ​ហោះហើរ​ត្រូវ​បាន​ផ្អាក​ភ្លាម​ៗ​ហើយ​សមត្ថកិច្ច​ព្រ​លាន​យន្តហោះ​បាន​ជម្លៀស​មនុស្ស​ចេញ ។ ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវដែក​មក​កាន់​ព្រ​លាន​យន្តហោះ ZAVENTEM ក៏​ត្រូវ​ផ្អាក​ដែរ ។

បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​បែ​ល​ហ្ស៊ិ​ក​បង្ហាញ​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ មានការ​កត់​សម្គាល់ថា ការ​ផ្ទុះ​គ្រាប់បែក​នេះ​កើត​មាន​៤​ថ្ងៃក្រោយ​ការ​ចាប់ខ្លួន​នៅ MOLENBEEK ជា​សង្កាត់​មួយ​នៃ​ក្រុង​ព្រុ​ច​សែ​ល បុរស​ម្នាក់​ឈ្មោះ SALAH ABDESLAM គឺជា​ជនសង្ស័យ​សំខាន់​នៃ​ក្រុម​កុំម៉ង់ដូ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រុងប៉ារីស និង SAINT-DENIS ប្រទេស​បារាំង​ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​១៣០​នាក់ ។

បណ្តា​រូបភាព​ផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​ផ្សែងហុយ ចេញពី​ទីតាំង​ព្រ​លាន​យន្តហោះ និង​បណ្តា​អ្នកដំណើរ​រាប់រយ​នាក់​ដែល​នាំ​គ្នា​រត់គេច​ខ្លួន​ចេញពី​កន្លែង​ផ្ទុះ ។
យោង​តាម​សារព័ត៌មាន​បែ​ល​ហ្ស៊ិ​ក​ជា​ច្រើន​ថា ការ​ផ្ទុះ​នោះ​បាន​កើត​មាននៅ​ក្បែរ​បញ្ជរ​ចុះ​ឈ្មោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​េ​ម​រិ​ក AMERICAN AIRLINE ។ នា​វេលា​ម៉ោង​៩​និង​៣៥​នាទី​ម៉ោង​នៅ​ក្រុង​ព្រុ​ច​សែ​ល ទូរទស្សន៍​បែ​ល​ហ្ស៊ិ​ក RTBF បាន​រាយការណ៍​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់ និង​របួស​៣០​នាក់ ។

នា​វេលា​ម៉ោង​៨​និង​៥៥​នាទី សារព័ត៌មាន​បែ​ល​ហ្ស៊ិ​កមួយ​ចំនួន​រាយការណ៍​រួច​ហើយ ពី​មនុស្ស​ស្លាប់​១៥​នាក់ និង​របួស​៣៥​នាក់ ។

ផ្ទុះ​មួយ​គ្រាប់​ទៀត​នៅ​ស្ថានីយ​មេត្រូ
ទូរទស្សន៍​រដ្ឋ​បែ​ល​ហ្ស៊ិ​ក VRT គូសបញ្ជាក់​ថា ការ​ផ្ទុះ​២​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល គឺជា​ការ​វាយប្រហារ​អត្តឃាត ។ ទូរទស្សន៍​នោះ​រៀបរាប់​នា​វេលា​ម៉ោង​១០​និង​៥​នាទី​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់ និង​របួស​៣៥​នាក់ នៅ​ព្រ​លាន​យន្តហោះ ។ តាម​ប្រភព​ក្រៅផ្លូវការ​បាន​និយាយ​ពី​ចំនួន​មនុស្ស​ស្លាប់​រហូត​ដល់​ជាង​២០​នាក់ ។

ម្យ៉ាងទៀត​យោង​តាម​ទូរទស្សន៍ RTBF ថា ការ​ផ្ទុះ​មួយទៀត​កើត​មាននៅ​ក្នុង​ស្ថានីយ​មេត្រូ MAELBEEK ក្បែរ​ទីស្នាក់ការ​នៃ​បណ្តា​ស្ថាប័ន​អឺរ៉ុប កណ្តាល​ក្រុង​ព្រុ​ច​សែ​ល នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ដែរ ។

សេចក្តីរាយការណ៍​របស់ AFP ពី​ជន​រង​គ្រោះ​ដោយសារ​ការ​ផ្ទុះ​ក្នុង​ស្ថានីយ​មេត្រូ​ថា មាន​អ្នក​របួស​ប្រមាណ​ជា​១៥​នាក់ ហើយ​មាន​រូបភាព​មួយ​បង្ហាញ​ពី​មនុស្ស​ម្នាក់​មាន​ឈាម​ហូរ​ដាប​នៅ​ចិញ្ចើមថ្នល់​មុខ​ស្ថានីយ​មេត្រូ​នោះ ។

បណ្តាសារ​ព័ត៌មាន​បែ​ល​ហ្ស៊ិ​ក​នានា​រៀបរាប់​ពី​មនុស្ស​ស្លាប់​១០​នាក់​ក្នុង​ស្ថានីយ​មេត្រូ តែ​ចំនួន​នេះ​មិន​ទាន់​អាច​កំណត់​ជា​ផ្លូវការ​បាន​នៅឡើយ​ទេ ។

នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក លោក CHARLES MICHEL ថ្លែង​តាម TWITTER ថា យើង​តាមដាន​សភាពការណ៍​ពី​១​នាទី​ទៅ​១​នាទី ។ អាទិភាព​សំខាន់​គឺ​ជួយ​បណ្តាជន​រង​គ្រោះ និង​បណ្តា​មនុស្ស​នៅ​ព្រ​លាន​យន្តហោះ ។

នា​វេលា​ម៉ោង​១០​និង​៥៧​នាទី ថ្ងៃ​ទី​២២ មីនា ម៉ោង​នៅ​ក្នុង​ក្រុង​ព្រុ​ច​សែ​ល ត្រូវ​នឹង​ម៉ោង​៦​ល្ងាច​នៅ​កម្ពុជា​តុល្យការ​ថ្មី​ក្រៅផ្លូវការ​បានឱ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​សរុប​២៣​នាក់ ៕