អ្នកដើរ​ទិញ​ជ្រូក​តាម​ភូមិ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ ប្រទះឃើញ​ដេកស្លាប់​នៅ​ចិញ្ចើមផ្លូវ

កំពង់ស្ពឺ:
បុរស​ម្នាក់​មាន​ដែល​គេ​ស្គាល់​ថា ជា​អ្នកដើរ​ទិញ​ជ្រូក​តាម​ភូមិ ត្រូវ​ប្រជាពលរដ្ឋប្រទះឃើញ​ដេកស្លាប់ ដោយមាន​ស្នាម​រយះ​ក្បាល​យ៉ាង​ធំ ។​

​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹកថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៤​ត្រង់ចំណុច​ភូមិផ្គង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សឿន សិ​ដ្ឋ អាយុ​២៥​ឆ្នាំ ជា​ជា​អ្នកដើរ​ទិញ​ជ្រូក មានទីលំនៅ​ក្នុងភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​សព​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅក្បែរ​ដុំថ្ម​មួយ​ដុំដោយមាន​ស្នាម​បែកក្បាល​រយះ​យ៉ាង​ធំ ។ ឃើញ​ដូច្នោះ ក៏បាន​ទៅ​រាយការណ៍​ជូនសមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ ក្រែង​ជា​ករណី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម ។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះមក​កន្លែងកើតហេតុ និង​បានធ្វើការត្រួតពិនិត្យ​លើ​សាកសព យ៉ាង​លម្អិត រួច​បា​នស​ន្និ​ដ្ឋា​​ន​ថា ការស្លាប់​នេះពុំមាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ គឺ​ទំនងជា​ជនរងគ្រោះ​ស្រវឹងស្រា ហើយ​ជិះម៉ូតូ​មក​ដួល​នៅ​កន្លែងកើតហេតុ ទើប​បោក​ក្បាល​នឹង​ដុំថ្ម បណ្តាល​ឲ្យ​ស្លាប់​បែបនេះហើយក៏​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕​