អង្គភាព​ប្រឆាំង​អំពើពុករលួយ​រង​ការរិះគន់​កាន់តែខ្លាំង​ពី​មហាជន​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន កំពុង​ប្រឈម​នឹង​ការរិះគន់​កាន់តែខ្លាំង​ព្រោះ​ស្ថាប័ន​នេះ​ពុំបាន​ធ្វើ​ការងារ​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ រហូតដល់​មជ្ឈដ្ឋាន​ខ្លះ​ហៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា​ជា អង្គភាព​បិទបាំង​អំពើពុករលួយ​ទៀតផង​។ មជ្ឈដ្ឋាន​ខ្លះ​បាន​កត់សម្គាល់ថា លោក ឱម យ៉ិនទៀង ចាត់វិធានការ​តែ​លើ​មន្ត្រី​ពុករលួយ​តូចតាច​ប៉ុណ្ណោះ ចំណែក​អំពើពុករលួយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អំពើពុករលួយ​នៅ​ក្រសួងសុខាភិបាល អំពើពុករលួយ​នៅ​ក្រសួង​ធម្មការ និង​អំពើពុករលួយ​នៅ​ទីស្ដីការគណរដ្ឋមន្ត្រី​ជាដើម គឺ​លោក ឱម យ៉ិនទៀង មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រការ​នេះហើយ​ដែល​ក្នុងសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ទូទៅ​គ្មាន​ជំនឿ​សូម្បី​ប៉ុន​សរសៃសក់​ចំពោះ​ការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

ថ្មីៗ​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​សម្ដែង​នូវ​ការ​អាក់អន់ចិត្ត​ចំពោះ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​(Facebook) និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ជេរប្រមាថ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្តន៍​ការងារ​ដោយ​ងងឹត​ងងុល​តាម​ពាក្យបណ្ដឹង​របស់​ក្រុមយុវជន​ដែល​ប្ដឹង​លោក កឹម សុខា​។ លោក ឱម យ៉ិនទៀង ដែល​ឃើញ​សារ​ជេរប្រមាថ​យ៉ាងច្រើន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ បាន​អះអាងថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខិតខំ​បំពេញការងារ​ដោយ​អនុវត្តន៍​តាមច្បាប់​។ ក៏ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​វាយតម្លៃថា អ្វីដែល​មហាជន​រិះគន់​ទៅលើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺជា​សារ​មួយ​ដែល​រំលឹក​ឲ្យ​លោក ឱម យ៉ិនទៀង ពិនិត្យឡើងវិញ​រាល់​ទង្វើ​របស់ខ្លួន​។

គួរ​រំលឹក​ដែរ​ថា កន្លងមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​ដាក់ចេញ​នូវ​វិធានការ​លុបបំបាត់​អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន​ឃុំ​-​សង្កាត់ ហើយ​បន្ទាប់មក​ដាក់ចេញ​នូវ​វិធានការ​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​បច្ចុប្បន្ន​អំពើពុករលួយ​នៅ​ថ្នាក់ឃុំ​សង្កាត់ និង​អំពើពុករលួយ​តាម​ដងផ្លូវ កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ជាក់ស្តែង​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក៏ដូចជា​កុងត្រូលជជុះ​របស់​គយ​ចល័ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម គឺជា​កន្លែង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ដងផ្លូវ​យ៉ាង​គឃ្លើន​។ ជាងនេះទៅទៀត​អំពើពុករលួយ​តាម​ក្រសួង មន្ទីរ ស្ថាប័ន អង្គភាព​រដ្ឋ ដែល​មន្ត្រីរាជការ​តាម​ស្ថាប័ន​ទាំងនោះ​លាតត្រដាង មិនឃើញ​លោក ឱម យ៉ិនទៀង ចាត់វិធានការ​ស៊ើបអង្កេត​តាម​តួនាទី​របស់ខ្លួន​ទេ ហើយ​បែរជា​មក​ប្រព្រឹត្ត​រឿង​មួយ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​កាន់តែខ្លាំង​លើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៕

2yingtieng-22-03-2