អាជ្ញាធរខេត្ត​ព្រះសីហនុ គ្មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរ​និង​ដីព្រៃ​រដ្ឋ​ខុសច្បាប់​

​បន្ទាប់ពី​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ​រួចមក លោក យន្ត មីន បានដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរ​និង​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់ ហើយ​ក៏បាន​ប្ដេជ្ញា​ដោះស្រាយ​ជម្លោះដីធ្លី​ផងដែរ​។ ក៏ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរ ដី​តំបន់​បឹង​ព្រែក​ទប់ និង​ដីព្រៃ​របស់​រដ្ឋ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​រាល់​វិធានការ​របស់លោក យន្ត មីន បានក្លាយ​ទៅជា​រឿង​លេងសើច​ឥតន័យ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ជា សុផារ៉ា ដែលជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ចាត់វិធានការ​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ប្រកបដោយ​ប្រសិទ្ធភាព​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ខេត្ត តែងតែ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ទៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​ដូចជា ដី​ឆ្នេរសមុទ្រ ដីភ្នំ ដី​កោះ ដីព្រៃ​លិច​ទឹក និង​អូរ​ធម្មជាតិ​ជាដើម​។ បញ្ហា​បានកើត​ឡើង​នៅក្នុង​ពេលដែល​លោក ស្បោង សារ៉ាត់ នៅ​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ និង​លោក ឈិ​ត សុខុន នៅ​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ ហើយ​រហូតមក​ដល់ពេលនេះ​បញ្ហា​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ អ្នកមាន​លុយ អ្នកមានអំណាច បាន​សាងសង់​ភូមិគ្រឹះ​នៅ​តំបន់​បឹង​ព្រែក​ទប់​ដោយ​ខុសច្បាប់​យ៉ាង​គឃ្លើន ហើយ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ជុំវិញ​បញ្ហា​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរសមុទ្រ ដីព្រៃ​លិច​ទឹក និង​ព្រៃរបស់​រដ្ឋ​យ៉ាង​ពេញបន្ទុក​នោះ ប្រជាពលរដ្ឋ​វាយតម្លៃថា​លោក យន្ត មីន ជា​អភិបាលខេត្ត គ្មាន​សមត្ថភាព​ដោះស្រាយ​ទៅតាម​អ្វីដែល​ជាគោលការណ៍​ឬ​វិធានការ​របស់ខ្លួន​នោះទេ​។ ជាក់ស្តែង​ថ្មីៗ​នេះ​លោក យន្ត មីន បាន​ត្អូញត្អែរ​ពី​រឿង​ពិបាក​ដោះស្រាយ​ចំពោះ​ករណី​ដែល​កើតឡើង ព្រោះ​ហា​ទៅ​វា​ស្លាក់​ខ្ជាក់​ទៅ​វា​ស្លែង​ចំពោះ​សកម្មភាព​ជីក​កកាយ​ដីភ្នំ​ចាក់​លុប​បឹង អូរ​ធម្មជាតិ ព្រៃកោងកាង ព្រៃ​លិច​ទឹក ក៏ដូចជា​ឆ្នេរសមុទ្រ ព្រោះ​ឈ្មួញ​បានបង្ហាញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ចេញ​ដោយ​មន្ទីរ​សុរិយោដី និង​អតីត​អភិបាលខេត្ត​ព្រះសីហនុ​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​វាយតម្លៃ​ទុកជាមុន​ថា លោក យន្ត មីន បានត្រឹមតែ​ដាក់ចេញ​នូវ​វិធានការ​តាមរបៀប​លេងសើច​ឥតប្រយោជន៍ ព្រោះ​លោក​អភិបាលខេត្ត​រូបនេះ មិន​ហ៊ាន​ទប់ស្កាត់​សកម្មភាព​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរ ដីភ្នំ ដីព្រៃ​លិច​ទឹក និង​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​នោះឡើយ​៕

12674342_1536238526671724_670553935_nលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ e4a00491-855d-46bb-964f-8dfea0c45602ភូមិគ្រឹះមន្ត្រីមានអំណាចនៅតំបន់បឹងព្រែកទប់