បញ្ហា​ជម្លោះដីធ្លី​ក្នុង​ខេត្តកំពត នៅតែ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​

​ប្រភពពី​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា បញ្ហាសំខាន់​ដែល​កំពុង​កើតឡើង​នៅ​ខេត្ត​នេះ គឺ​បញ្ហា​ជម្លោះដីធ្លី​ព្រោះ​ពលរដ្ឋ​ក្នុងស្រុក​មួយចំនួន​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ឆក់​ប្លន់​ដីធ្លី​យ៉ាង​កំរោល​។ ហេតុនេះហើយ​ទើប​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​អំពា​វ​នាវ​ឲ្យ​លោក ចាន់ ចេស្ដា អភិបាលខេត្ត​កំពត​ថ្មី ដែល​ទើប​ឡើងកាន់តំណែង​ជំនួស​លោក ខូ​យ ឃុន​ហួរ ចាត់វិធានការ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើង​ទៀតថា បញ្ហា​ដែល​អភិបាល​ខេត្តកំពត​ថ្មី ត្រុ​វ​ដោះស្រាយ​គឺ​រឿង​ជម្លោះដីធ្លី ហើយ​ក្នុងស្រុក​ឈូក មាន​ជម្លោះដីធ្លី​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​មួយចំនួន​ពុំ​មានជំនឿថា ក្រោយ​ទទួលបាន​តំណែង​ជា​អភិបាល​ខេត្តកំពត លោក ចាន់ ចេស្ដា យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ដីធ្លី​សម្រាប់​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ជិវិត​នោះទេ​។ ដោយហេតុថា​កាលពី​លោក ចាន់ ចេស្ដា នៅ​ធ្វើជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​បក្ខពួកនិយម ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​គេ​បាន​វាយតម្លៃថា នៅពេល​លោក ចាន់ ចេស្ដា កាន់តំណែង​ជា​អភិបាល​ខេត្តកំពត ប្រាកដជា​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​ជាមិនខាន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា កន្លងមក​ប្រជាពលរដ្ឋ​ទន់ខ្សោយ​មិន​ត្រឹមតែ​ទទួលរង​នូវ​អំពើ​ឆក់​ប្លន់​ដីធ្លី​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ អ្នកមាន​លុយ អ្នកមានអំណាច ប៉ុណ្ណោះ​ទេ​គឺ​ពួកគាត់​ថែមទាំង​ទទួលរង​នូវ​ការគំរាមកំហែង​ដល់​អាយុជីវិត​ទៀតផង​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ចាន់ ចេស្ដា អភិបាលខេត្ត​កំពត​ថ្មី ធ្វើយ៉ាងណា​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ជាពិសេស​លោក ចាន់ ចេស្ដា មិន​ត្រូវយក​ទម្លាប់​ចាស់​កាលពី​នៅ​ធ្វើជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត មក​អនុវត្តន៍​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ ព្រោះ​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​៕

9c8bcbac-daa0-4667-b7cc-592828ae30a9លោក ចាន់ ចេស្ដា អភិបាលខេត្តកំពតថ្មី