សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កើតឡើង​យ៉ាង​រាលដាល​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដីព្រៃ​រដ្ឋ​ក្នុង​មូលដ្ឋាន​ពួកគាត់​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​កាប់​គាស់​ឈូសឆាយ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​រាប់រយ​ហិកតា​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​សុរិយោដី​ជាដើម ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ដើម្បី​ទទួលបាន​ផលប្រយោជន៍​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រាំង​ស្គារ បាន​ឲ្យ​ដឹងថា ករណី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​បានកើត​ឡើង​នៅ​ចំណុច​ដក់​ត្រី ភូមិ​ក្ដុល ដោយ​ជ្រក​ក្រោម​ស្លាក​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អម្ពិល ហើយ​មន្ត្រី​យោធា​ជា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​គឺជា​ខ្នងបង្អែក​របស់​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​។ ក្រុម​អ្នក​ដែល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​មានដូចជា ឈ្មោះ សោម សុទ្ធ មេភូមិ​ក្ដុល ឈ្មោះ ម៉ៅ វឿន ជា​អនុប្រធាន​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អម្ពិល និង​ជា​ឈ្មួញ​ទិញ​លក់​ដី ឈ្មោះ មាស ស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​នៅ​ក្រសួងការពារជាតិ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​គម្រោង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ​។ ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​បាន​ស្រួលៗ​គឺ​ពួកគេ​ប្រើ​រូបភាព​ធ្វើ​ផ្លូវ​ទៅកាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អម្ពិល ហើយ​ធ្វើ​របង​ព័ទ្ធ​យក​ដី​ក្នុង​ម្នាក់ៗ​រាប់សិប​ហិកតា​។     ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ឈ្មោះ សោម សុទ្ធ ជា​មេភូមិ​ក្ដុល បាន​បញ្ចុះបញ្ចូល​ឲ្យ​គេ​ផ្ដិតមេដៃ​លើ​ឯកសារ​ពាក់ព័ន្ធ​ដោយ​សន្យា​ផ្ដល់ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​២០០​ដុល្លារ​។ បញ្ហា​នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អ្នកមាន​លុយ អ្នកមានអំណាច កំពុង​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាមួយគ្នានេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ជាបន្ទាន់​ព្រោះ​សកម្មភាព​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​៕

WAT-21038 WAT-21037