អភិបាលខេត្ត​បាត់ដំបង គួរពិនិត្យមើល​ក្រុម​ទារ​ភាស៊ី​នៅ​ស្រុក​សំពៅ​លូន បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ផង​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល ជា​អភិបាលខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច​ខេត្តបាត់ដំបង លុបបំបាត់​ក្រុម​ទារ​ភាស៊ី​នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ជាបន្ទាន់​។ ដោយហេតុថា​ក្រុម​ទារ​ភាស៊ី​បានដាក់​ប៉ុស្តិ៍​ជជុះ​ត្រង់ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ដើម្បី​ឆែកឆេរ​ត្រួតពិនិត្យ និង​រាប់​ក្បាល​រថយន្ត​ដឹក​ដំឡូង​មី​យកលុយ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ទារ​ភាស៊ី​នោះបាន​រាប់​ក្បាល​រថយន្ត​សៀម​ដែល​ចូលមក​ដឹក​ដំឡូង​មី​ក្នុង​ទឹកដី​ខ្មែរ ស្រុក​សំពៅ​លូន យកលុយ​បង្ក​ឲ្យ​កក់​ស្ទះចរាចរណ៍​និង​នាំ​ឲ្យ​មាន​ភាព​ក្ដៅក្រហាយ​ពី​ប្រជាពលរដ្ឋ​ផងដែរ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សន្តិភាព​បាន​ឲ្យ​ដឹងថា ករណី​ស្ទះចរាចរណ៍​ដោយសារ​រថយន្ត​សៀម​ចូលមក​ដឹក​ដំឡូង​មី​លើ​ទឹកដី​ខ្មែរ គឺ​កើតមាន​ចាប់ពី​ច្រក​តំបន់ភ្នំ​ដី រហូតដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្រុម​ទារ​ភាស៊ី​ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​។ បញ្ហា​កក់​ស្ទះចរាចរណ៍​នេះ​កើត​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​ក្រុម​ទារ​ភាស៊ី​តាមរបៀប​បង្កើត​កុងត្រូលជជុះ​នោះ កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ការទទួលខុសត្រូវ​ពី​អាជ្ញាធរ​ស្រុក​សំពៅ​លូន​ឡើយ​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ក្រុម​ទារ​ភាស៊ី​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ និង​ពី​រថយន្ត​សៀម​ចូលមក​ដឹក​ដំឡូង​មី​លើ​ទឹកដី​ខ្មែរ​កុំ​ឲ្យ​ពួកគេ​បង្កបញ្ហា​តទៅទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​រឿងនេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារតែ​ក្រុម​ទារ​ភាស៊ី​រាប់​ក្បាល​រថយន្ត​របស់​ឈ្មួញ​សៀម​យកលុយ​តាម​អំពើ​ចិត្ត ទើប​ឈ្មួញ​សៀម​បន្ថោក​តម្លៃ​ដំឡូង​មី ក៏ដូចជា​ស្រូវ ពោត សណ្ដែក របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។ លោក ជា សម្បត្តិ អភិបាលស្រុក​សំពៅ​លូន បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ថា​លោក​មិនដឹង​សមាសភាព​ក្រុម​ទារ​ភាស៊ី​នោះមក​ពី​ខាង​ណា​ឡើយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​របស់​ក្រុម​ទារ​ភាស៊ី​នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ក្រុម​នោះ​នៅតែ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ដោយមាន​មន្ត្រី​អាជ្ញាធរ​ពុករលួយ​ចាំ​ជួយ​បិទបាំង​អំពើអាក្រក់​របស់​ពួកគេ​ជា​ប្រព័ន្ធ​។ ជាក់ស្តែង​នៅពេលដែល​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងៗ​ទៅលើ​ក្រុម​កុង​ត្រុល​ជជុះ​ទារ​ភាស៊ី​នោះ បែរជា​លោក ជា សម្បត្តិ អភិបាលស្រុក​សំពៅ​លូន ឆ្លើយ​ដោះសា​រថា​មិនដឹង​រឿង​ទៅវិញ​៕

BBលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង