ការ​ជួស​ជុលខ្លោង​ទ្វារ​​ប្រាសាទព្រះ​វិហារ​ត្រូវ​បាន​ពន្យារពេល

ការ​ជួស​ជុល​ខ្លោង​ទ្វា​​រប្រាសាទ​ព្រះ​វិហារ​ដ៏ល្បី​ឈ្មោះ​​ត្រូវ​បាន​ពន្យារពេល​ ដោយ​​​សារ​​​ ​ក្រុម​ការ​​​ងារ​​​មក​​​ពី​​​ឥណ្ឌា​ ដែល​​ទទួល​បន្ទុក​ការ​ងារ​ជួស​​​ជុល​​​នេះត្រូវ​ធ្វើការ​សិក្សា​បន្ថែម​ទៀត​​​ ​​​ នេះ​បើ​តាម​​​ការលើកឡើង​របស់​ប្រធាន​​​​ស្ថាប័ន​កម្ពុជា​ដែល​មើល​​ខុស​ត្រូវ​ប្រាសាទ​សតវត្សរ៍​​ទី១២ នេះ​​​កាល​ពី​ម្សិលមិញ​។

កាលពី​ដើម​ឆ្នាំ​២០១៥ បុរាណ​វិទូ​​បាន​​​និយាយ​ថា ក្រុម​នេះ​នឹង​ចាប់​ផ្ដើម​ជួសជុល​”គោបុរ” ​ដែល​បាក់​បែក​ ជា​ខ្លោង​ទ្វា​រទី១​ដែល​​​​ភ្ញៀវទេសចរ​ភាគច្រើន​ឡើង​ទៅ​កាន់​កំពូល​ប្រាសាទ​​ដ៏ចោតដើម្បី​មើល​ទិដ្ឋភាព។ ជាមួយ​​​​​នឹង​ប្រទេស​ចិន ឥណ្ឌា​ ជា​សហប្រធាន​គណៈ​​កម្មាធិការ​​សម្របសម្រួល​អន្តរជាតិ​ (ICC) ដែល​មាន​​​សមាជិក​​​​​ប្រាំបួន​ប្រទេស និង​​​ដែល​​​​​ឧបត្ថម្ភ​ដោយ​អង្គការ​​​​យូណេស្កូ ហើយ​ទទួល​បន្ទុក​ជួយប្រទេស​​កម្ពុជា​​​​ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍតំបន់​នោះ។

cam-photo-preah-vihear-channaប៉ុន្តែ​នៅ​កិច្ច​ប្រជុំប្រចាំឆ្នាំលើក​ទី២​របស់​ ICC ព្រះវិហារ​នៅក្នុង​​ក្រុង​សៀមរាប​កាលពី​ថ្ងៃ​ច័ន្ទ ឥណ្ឌា​បាន​ស្នើ​សុំពេល​វេលា​បន្ថែម​។

លោក គង់ ពុទ្ធិកា អគ្គនាយក​អាជ្ញាធរ​ជាតិ​​​ព្រះវិហារ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​​ថា “​ក្រុម​ឥណ្ឌា​មិន​ទាន់​បាន​ចាប់​ផ្ដើម​ជួស​​​ជុល​ប្រាសាទ​នេះ​នៅ​​ឡើយ​ទេ ពីព្រោះ​គេ​ត្រូវ​ការ​ពេល​​វេលា​បន្ថែម​​ទៀត​ដើម្បី​ធ្វើ​ការ​​​​​សិក្សា និង​រៀបចំ​ឯកសារ​​មួយ​ចំនួន​មុន​ពេល​ចាប់​ផ្ដើម​ការ​ងារ​របស់​ខ្លួន”។

លោក​បាន​បន្ថែម​ថា “​អ្នក​ជំនាញ​អន្តរ​ជាតិ​​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​​ដើម្បី​​ស្វែង​រក​វិធី​ល្អ​ក្នុង​ការ​ជួលជុល​ ដូច្នេះ​​​អាជ្ញាធរ​ជាតិ​​ព្រះវិហារ​រង់ចាំ​ការ​ផ្ដល់​អនុសាសន៍”។

លោក N. Sitlhou លេខាទី១​នៅស្ថានទូត​ឥណ្ឌា​ប្រចាំ​រាជធានី​ភ្នំពេញ មាន​ប្រសា​សន៍​ថា ឥណ្ឌានៅតែ​ប្តេជ្ញា​ជួយ​អភិរក្ស​ប្រាសាទ​នេះ ប៉ុន្តែ​លោក​នឹង​មិន​​ពិភាក្សា​អំពី​ការ​ពន្យារ​​​​​ពេល​នេះ​ទេ។ លោក​បាន​ថ្លែង​ថា “​វា​ត្រូវ​ការ​ពេល​វេលា​”។

កាលពី​ឆ្នាំ​មុន អាជ្ញាធរ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ផ្លូវ​ដ៏ចោត​ និង​មាន​​​ខ្យល់បក់ខ្លាំង​ឆ្ពោះ​​​ទៅ​កាន់​ប្រាសាទ​ពី​តំបន់​ខ្ពង់រាប​ខាង​ក្រោម​​ គឺ​​​​ទើប​​​តែ​​​ជួស​​​ជុល​​​បាន​​​​​​ប្រហែល​២​​​ភាគ៣​ប៉ុណ្ណោះ​​​ ជា​​​កត្តា​មួយ​​​ផ្សេង​ទៀត​​​​ដែល​​​អាច​ជា​ចំណែកនាំ​​​ឲ្យ​​​មាន​​​​ការ​ពន្យារ​ពេល​​​ការ​​​​​ជួសជុលនេះ​។

កាលពី​ម្សិលមិញ លោក ពុទ្ធិកា បាន​មាន​ប្រសាសន៍​ថា ផ្លូវ​នៅ​រលាក់​នៅ​ឡើយ ហើយ​​លោក​មិន​ដឹង​ពីមូលហេតុ​ដែល​គ្មាន​ការ​វិវឌ្ឍ​​នេះ​ទេ​។

លោក Philippe Delanghe អ្នក​ជំនាញ​វប្បធម៌​​​របស់​អង្គការ​យូណេស្កូ​ បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​ជា​សហប្រធាន​ ICC ក៏​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ជួសជុល​ខ្លោង​ទ្វារ​បី​ផ្សេង​ទៀត​នៅ​ប្រាសាទ​ព្រះវិហារ​អំឡុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​​ច័ន្ទដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍ ហើយ​​​កំពុង​ធ្វើ​ផែន​ការ​នៅ​ឡើយ”។

ដោយ​មានជំនួយ​ពី ICC ប្រទេស​កម្ពុជា​សង្ឃឹម​ថា នឹង​ប្រែក្លាយ​​ប្រាសាទ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍ តែ​នៅ​ដាច់​ស្រយាលតាម​ព្រំដែន​ថៃ​នេះ ទៅ​ជា​​​កន្លែង​ទាក់​ទាញ​ភ្ញៀវទេសចរ​ដ៏​ពេញ​និយម​។

កាលពីពេល​ថ្មីៗ​នេះ ប្រទេស​ចិន​​បាន​ធ្វើ​ផ្លូវ​​កៅស៊ូ​​ពី​ខេត្ត​សៀមរាបទៅ​កាន់​តំបន់​នេះ ដោយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរ​បាន​យ៉ាង​ច្រើន​ ហើយ​តំបន់​នេះ​នៅ​ស្ងប់​ស្ងាត់​នៅ​ឡើយ​ចាប់​តាំង​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏បង្ហូរ​ឈាម​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​ថៃ​ដែល​បាន​ទាម​ទារ​សិទ្ធិកាន់កាប់​ទឹកដី​ក្នុង​តំបន់​នេះ​កាលពី​ឆ្នាំ​២០១១៕ សារុន​

 

The post ការ​ជួស​ជុលខ្លោង​ទ្វារ​​ប្រាសាទព្រះ​វិហារ​ត្រូវ​បាន​ពន្យារពេល appeared first on ខេមបូឌា ដេលី.