កន ចន្ថា ប៉ះ Super Chhai អធិរាជស៊ីម៉ង់ត៍អូដ្ឋ សង្វៀនTIFFY ARENA នៅល្ងាចថ្ងៃសៅរិ៍

ភំ្នពេញ៖ ព្រឹត្តិការណ៍នៃការប្រកួត ដណ្តើម ពានរង្វាន់ជើងឯក «អធិរាជស៊ីម៉ង់ត៍អូដ្ឋ» វគ្គ៣ ទម្ងន់៦៧គីឡូក្រាម នៅលើសង្វៀនTIFFY ARENA នៅល្ងាចថ្ងៃសៅរិ៍ ទី២៦មីនា ២០១៦នេះ អ្នកប្រដាល់៤រូបនៅក្នុងពូល B ដែលមានអ្នកប្រដាល់កម្ពុជា ៣រូប និងអ្នកប្រដាល់ជនជាតិថៃ ១ រូប។

អ្នកប្រដាល់ កន ចន្ថា សមាគមកីឡាក្រសួងការពារជាតិ ប៉ះ អ្នកប្រដាល់ Super Chhai ។ កន ចន្ថា ជាអ្នកប្រដាល់មួយរូប ដែលខ្លាំងគួរសមដែរ ទាំងស្នៀតប្រដាល់ ទាំងកម្លាំងកាយសម្បទា ហើយគេក៏ជាអ្នកប្រដាល់ម្នាក់ ដែលធ្លាប់វាយជាមួយអ្នកប្រដាល់ថៃ ច្រើននាក់មកហើយ ទោះបីជាយ៉ាងណា អ្នកលេងកណ្តាប់ដៃ និងជង្គង់កន ចន្ថា ប្រហែលជាមិនអាចឈ្នះ Super Chhaiនោះទេ។ បើតាមលោកសេង កដិកា អ្នកគ្រប់គ្រងកម្មវិធី ប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ TV5 បានឲ្យដឹងថា អ្នកប្រដាល់ជនជាតិ ថៃរូបនេះ គេមានថ្វីដៃល្អ ទើបជ្រើសរើសរើស យកមកចូលរួម ប្រកួតក្នុងពានរង្វាន់ស៊ីម៉ង់អូដ្ឋនេះ ចំពោះ Super Chhai នេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរ ច្រើនលើកហើយកន្លងមក ។ កន ចន្ថា មានប្រវត្តិប្រកួត១០២លើក ឈ្នះ៨៦លើក ចាញ់១៣លើក និងស្មើ៣លើក ហើយធ្លាប់ផ្តួលដៃគូឲ្យ សន្លប់ចំនួន៣០លើក ចំពោះអ្នកប្រដាល់ថៃ Super Chhai មានកំនត់ត្រាប្រកួត ចំនួន៧៥លើក ឈ្នះ៦០លើក ចាញ់១០លើក ស្មើ០៥លើក និងធ្លាប់ផ្តួលគូប្រកួត អោយសន្លប់បាន១៥លើក។

 ចំណែកគូខ្សែក្រវាត់មួយគូទៀត អ្នកប្រដាល់ អ៊ុ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ ត្រូវជួបជាមួយ អ្នកប្រដាល់ធា នុរាជ ក្លិបពោធិជ័យកីឡា។ ធា នុរាជ ជាអ្នកប្រដាល់ជើងចាស់ មានអាយុ២៦ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ។ គេមានប្រវត្តិប្រកួត ៩៥លើក ឈ្នះ៧៥លើក ចាញ់១៥លើក ស្មើ០៥លើក និងផ្តួលគូប្រកួតឲ្យ សន្លប់បាន១៦លើក ដូច្នេះ គេមិនអន់ជាងអ៊ុ ចំរើន នោះឡើយ ។ ធា នុរាជប្រហែលជាមិន ឈ្នះអ៊ុ ចំរើន នោះទេ ព្រោះថាចំរើន មានកណ្តាប់ខ្លាំងនិងរឹងមាំជាង។

ការប្រកួតដណ្តើម ពានរង្វាន់ជើងឯក «អធិរាជស៊ីម៉ង់ត៍អូដ្ឋ» វគ្គ៣ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៨រូបចូលរួមប្រកួត ក្នុងនោះ អ្នកប្រដាល់ កម្ពុជាមាន៥រូប ជនជាតិថៃ ២ រូប និងជនជាតិអង់គ្លេស ១ រូប ។ អ្នកប្រដាល់កម្ពុជា ទាំង៥រូបនោះ រួមមាន អ៊ុ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ ,ធី តុងហ៊ី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា,កន ចន្ថា អ្នកប្រដាល់សមាគមកីឡា ក្រសួងការពារជាតិ, ធា នុរាជ ក្លិបពោធិជ័យកីឡា និងលួន សុខខេង ក្លិបអាស៊ីកីឡា។ ចំពោះអ្នកប្រដាល់ថៃ២នាក់នោះ គឺ Tahan Ek និង Super Chai ហើយអ្នកប្រដាល់ជនជាតិអង់គ្លេស ១រូបនោះ គឺ Masel៕

កន ចន្ថា  ប៉ះ Super Chhai អធិរាជស៊ីម៉ង់ត៍អូដ្ឋ សង្វៀនTIFFY ARENA នៅល្ងាចថ្ងៃសៅរិ៍