សុខ សុវណ្ណ ប៉ះថៃម្ចាស់ខ្សែក្រវាត់ រីឯ ម៉ន រដ្ឋា ជួប Chen Phup លើសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង ស្រករក្រោយកម្ពុជា២រូប គឺសុខ សុវណ្ណ សមាគមកីឡាក្រសួង ការពារជាតិ និងម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់មិត្តភាព អន្តរជាតិនៅលើសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។

អ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡា ក្រសួងការពារជាតិ ប៉ះ អ្នកប្រដាល់ថៃ Sakoun Phachlek ក្នុងទម្ងន់៦០ គីឡូក្រាម។ លោក ញាណ សុធី បានឲ្យដឹងទៀតថា Sakoun Phachlek នេះ ជាម្ចាស់ខ្សែក្រវាត់ នៅប្រទេសថៃ ហើយ មានប្រវត្តិប្រកួត ៦៨លើក ឈ្នះ៥៦លើក ចាញ់១០លើក និងស្មើ២លើក និងធ្លាប់ផ្ដួលដៃគូ ឲ្យសន្លប់ជាច្រើនលើក។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់វាយឈ្នះ ឆៃ សារ៉ា សមាគមកីឡាក្រសួង ការពារជាតិ ដោយពិន្ទុ។ Sakoun Phachlek បើប្រៀបធៀបជាមួយ សុខ សុវណ្ណ គឺតិចជាងសុវណ្ណ ប្រមាណ ៧ដងប៉ុណ្ណោះ ដោយសុវណ្ណ ប្រកួតបាន ចំនួន៧៥ លើក ឈ្នះ៦៤លើក ចាញ់១០លើក ស្មើ១លើក និងធ្លាប់ផ្តួលគូប្រកួត ឲ្យសន្លប់ជាច្រើនលើកដូចគ្នា។ សុវណ្ណ មានថ្វីដៃល្អ និងមានស្នៀត ទាត់ដ៏អស្ចារ្យ ក្នុងការយកឈ្នះដៃគូ ប្រកួតកន្លងមក ចំពោះស្នៀតទាត់ផ្កាប់ចាន គឺជាស្នៀតប្រចាំត្រកូល របស់សុវណ្ណហើយ។

ចំណែកអ្នកប្រដាល់ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ថៃChen Phup ប្រកួតក្នុងទម្ងន់៥៤ គីឡូក្រាម។ ម៉ន រដ្ឋា ធ្លាប់ប្រកួតជាមួយ អ្នកប្រដាល់បរទេស៥នាក់ ដោយប្រកួតឈ្នះ អ្នកប្រដាល់ថៃ៣នាក់ និងចាញ់២នាក់ ប្រកួតចុងក្រោយ ម៉ន រដ្ឋា វាយចាញ់ Deth Div ដោយពិន្ទុ។ ម៉ន រដ្ឋា វាយឈ្នះ៥៩លើក ចាញ់១១លើក និងស្មើ០១លើក រីឯប្រវត្តិប្រកួត Chen Phup ប្រកួតបាន៤៩លើក ចាញ់៤៦លើក និងចាញ់៣លើក និងមិនដែលស្មើឡើយ។ ចំពោះ អ្នកប្រដាល់ ម៉ៅ ដាំដូច ក្លិបខ្លារខិនមានរិទ្ធ ប្រកួតអ្នកប្រដាល់ តក់ សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម៕

សុខ សុវណ្ណ ប៉ះថៃម្ចាស់ខ្សែក្រវាត់ រីឯ ម៉ន រដ្ឋា ជួប Chen Phup លើសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ