ស្វាយរៀង និងព្រៃវែង ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីលេង League-II

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនានេះ គឺជាសប្ដាហ៍ចុងក្រោយនៃ ការប្រកួតជម្រុះពានរង្វាន់ Hun Sen Cup លើកទី១០ ដោយមាន ៦ប្រកួត ត្រូវជួបគ្នានៅលើទីលាន ៦ខេត្តផ្សេងគ្នា ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមបាល់ទាត់ខេត្តស្វាយរៀង និងក្រុមខេត្តព្រៃវែង ដែលជាក្រុមស្ថិតក្នុងពូលតែមួយ និងមាន ១២ពិន្ទុស្មើគ្នា ត្រូវការឈ្នះគូប្រកួតរៀងៗខ្លួនថ្ងៃនេះ ដើម្បីដណ្ដើមកៅអីឡើងទៅលេង League II ។

ក្រុមស្វាយរៀង និងក្រុមខេត្តព្រៃវែង គឺជាក្រុមខ្លាំងជាងគេ ក្នុងពូលB ។ ក្រោយឆ្លងកាត់ការប្រកួត ៥ប្រកួតរៀងៗខ្លួនកន្លងមក ក្រុមទាំងពីរ ចាញ់តែ ១ប្រកួតប៉ុណ្ណោះ គឺចាញ់គ្នាទៅវិញទៅមក នៅពេលជួបគ្នាក្នុងផ្ទះ ដែលធ្វើឲ្យក្រុមទាំងពីរមាន ១២ពិន្ទុស្មើគ្នា ប៉ុន្ដែនារសៀលនេះក្រុមទាំងពីរ នឹងត្រូវជួបដៃគូផ្សេង ក្នុងនោះក្រុមស្វាយរៀង ត្រូវជួបក្រុមភ្ញៀវយុវជនបឹងកេត និងក្រុមព្រៃវែង ជួបក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ ។

បើគិតទៅពេលនេះ ស្វាយរៀង និងព្រៃវែង គឺអាចបន្ដឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពាន Hun Sen Cup រដូវកាលថ្មីនេះហើយ ប៉ុន្ដែដោយសារឆ្នាំនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តម្រូវឲ្យក្រុមលេខ១ តាមពូល ត្រូវឡើងទៅប្រកួតលីកលំដាប់ទី២ (League-II) ដែលនឹងបង្កើតលើកដំបូងក្នុងឆ្នាំនេះ ដូច្នេះក្រុមជើងខ្លាំងទាំងពីរ គឺត្រូវការឈ្នះការប្រកួតថ្ងៃនេះរៀងៗខ្លួន ដើម្បីអាចទទួលបានសិទ្ធិចូលរួមប្រកួត League-II រដូវកាលទី១ ។

ក្នុងថ្ងៃជាមួយគ្នានេះផងដែរ ក្រុមខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលជាក្រុមស្ថិតក្នុងពូលA និងគ្មានគូប្រជែង ព្រោះក្នុងមួយពូលមានតែ ២ក្រុមនោះ ក៏ត្រូវជួបគ្នាដណ្ដើមកៅអី League-II ផងដែរ ដោយការប្រកួតនឹងធ្វើឡើង នៅលើទឹកដីខេត្តកណ្ដាល ខណៈកាលពីជួបគ្នាលើកទី១ ក្រុមខេត្តកណ្ដាលបានយកឈ្នះ ៣-០ ឯណោះ ។

ដោយឡែក ៣ប្រផ្សេងទៀត ដែលត្រូវប្រកួតក្នុងថ្ងៃនេះ គឺពូលC មាន ២ប្រកួត ក្នុងនោះក្រុមខេត្តឧត្តរមានជ័យ ជួបក្រុមខេត្តសៀមរាប និងក្រុមខេត្តព្រះវិហារ ត្រូវជួបក្រុមអាវុធហត្ថខេត្តកំពង់ធំ ។ រីឯពូលD គឺក្រុមខេត្តប៉ៃលិន ត្រូវជួបក្រុមខេត្តបាត់ដំបង ។ ចាំមើលក្រុមណាខ្លះ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup ហើយក្រុមណាខ្លះ ជាប់ឈ្មោះប្រកួតក្របខណ្ឌ League II នោះ? ៕

ស្វាយរៀង និងព្រៃវែង ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីលេង League-II

ស្វាយរៀង និងព្រៃវែង ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីលេង League-II