ទី​បំផុត​សម្រេច​ក្ដី​ប្រាថ្នា​​ ទៅ​រៀន​អនុបណ្ឌិត​ក្រៅ​ប្រទេស​ ដោយ​សារ​ចង់​ជិះ​យន្តហោះ

ពន្លឺ​ភ្លឺ​ភ្លែត​ៗ​ របស់​យន្ត​ហោះ​បោះ​ពួយ​កាត់​វេហា ​បន្លំ​ជា​មួយ​វ៉ូង​តារា​និករ​ រាប់​ពាន់​ដួង​នា​ពេល​រាត្រី ​បាន​ថ្ពក់​ចិត្ត​ឲ្យ​យុវជន​ម្នាក់​នឹក​មមៃ​ថា ថ្ងៃ​ណា​មួយ​ខ្លួន​នឹង​បង្កើត​ឱកាស​ដើម្បី​បាន​ជិះ​លើ​បក្សី​ស្លាប​ដែក​នេះ។

 

 

ទី​បំផុត​សម្រេច​ក្ដី​ប្រាថ្នា​​ ទៅ​រៀន​អនុបណ្ឌិត​ក្រៅ​ប្រទេស​ ដោយ​សារ​ចង់​ជិះ​យន្តហោះ

 

តែ​សំបុត្រ​យន្ត​ហោះ​មិន​មែន​ដូច​សំបុត្រ​ឡាន​ត្រូវ​ចំណាយ​ប្រាក់​តិច​តួច​នោះ​ឡើយ វា​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​ក្ដី​សុបិន​សម្រាប់​យុវជន សុខ លាង​ហ៊ត ដែល​រស់​នៅ​ក្នុង​គ្រួសារ​កសិករ។ ​​លាង​ហ៊ត​គិត​ថា បើ​ជីវភាព​គ្រួសារ​មិន​អាច​ផ្ដល់​លទ្ធភាព​បំពេញ​ក្ដី​ស្រមៃ​នេះ​បាន ដូច្នេះ​ ខ្លួន​គេ​ផ្ទាល់​ត្រូវ​ចេះ​បង្កើត​វា​ដោយ​ខ្លួន​ឯង។ ម្ល៉ោះ​ហើយ​មាន​តែ​ការ​ប្រឹង​រៀន​ឲ្យ​ពូកែ​ដើម្បី​បាន​អាហារូបករណ៍​ទៅ​បរទេស​ទេ ទើប​ក្តី​សុបិន​មួយ​នេះ​ អាច​ក្លាយ​ជា​ការ​ពិត។ លើស​ពី​នេះ លាង​ហ៊ត យល់​ថា​ ការ​ទទួល​បាន​អាហារូបករណ៍​​ជា​រឿង​ល្អ​ ​មិន​ត្រឹម​ជួយ​ឲ្យ​ការ​ស្រមៃ​របស់​ខ្លួន​ក្លាយ​ជា​ការ​ពិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​គ្រួសារ​ខ្លួន​អាច​រួច​ផុត​ពី​ភាព​ក្រី​ក្រ​បាន​ដែរ។​​
ចាប់​ពី​ពេល​នោះ​មក​ លាង​ហ៊ត​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​ស្រាវជ្រាវ​ជា​រៀង​រាល់​ថ្ងៃ។​ គាប់​ជួន​​ពេល​មួយ រូប​គេ​បាន​ឃើញ​សេចក្ដី​ប្រកាស​ពី​ដំណឹង​អាហារូបករណ៍​​ឈ្មោះ Hinrich Foundation ​ក្នុង Facebook រូប​គេ​ក៏​ប្រញាប់​ត្រៀម​រៀប​ចំ​ឯកសារ​ពាក់ព័ន្ធ​​ដើម្បី​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នេះ។​
វា​ពិត​ជា​មិន​គួរ​ឲ្យ​នឹក​ស្មាន​សម្រាប់​យុវជន​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​រូប​នេះ ព្រោះ​អាហារូបករណ៍​លើក​ទី​១​នេះ​បាន​ជាប់​ជា​ស្ថាពរ ហើយ​ក្ដី​ស្រ​មៃ​កាល​ពី​តូច​ក៏​ក្លាយ​ជា​ការ​ពិត​ដែរ។

 

ទី​បំផុត​សម្រេច​ក្ដី​ប្រាថ្នា​​ ទៅ​រៀន​អនុបណ្ឌិត​ក្រៅ​ប្រទេស​ ដោយ​សារ​ចង់​ជិះ​យន្តហោះ

 

លាង​ហ៊ត​ បាន​ទៅ​សិក្សា​នៅ​ទី​ក្រុង​ហុង​កុង ក្នុង​សាកលវិទ្យាល័យ Hong kong Baptist ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​គមនាគមន៍ ជាមួយ​ប្រាក់​ឧបត្ថម្ភ ​៣​ម៉ឺន​ដុល្លារ។ ការ​សិក្សា​នៅ​ក្នុង​ទី​ក្រុង​ស៊ី​វី​ល័យ បើ​ទោះ​ជួប​ការ​លំបាក​ខ្លះ​ៗ តែ​លាង​ហ៊ត​មិន​មាន​បញ្ហា​ចោទ​ខ្លាំង​នោះ​ទេ​ព្រោះ​ការ​រៀន​នៅ​ទី​នោះ​ធ្វើ​ឲ្យ​ចំណេះដឹង​កាន់​តែ​ទូ​លំ​ទូ​លាយ ​និង​ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន។

 

នា​ថ្ងៃ​អនាគត លោក សុខ លាង​ហ៊ត ចង់​ប្រើ​ប្រាស់​មុខវិជ្ជា​ដែល​ខ្លួន​រៀន​នេះ ទៅ​បំពេញ​ជា​អ្នក សារព័ត៌មាន​​ប្រកបដោយ​​វិជ្ជាជីវៈ​មួយ​រូប៕

 

សូម​ទស្សនា​វីដេអូ៖

 

 

 
អត្ថបទ៖ លឹម សុ​នា