អាជ្ញាធរ​ព​ន្លឿ​ន​គម្រោង​ផ្លូវ និង​ស្ពាន​ហោះ​ជម្ពូ​វ​ន្ត័

អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​ពន្លឿន​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន និង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ម៉ៅ​ការ​ចុះ​សិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង១កន្លែង​ជា​លើកដំបូង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ស្ថិត​ត្រង់​ចំណុច​មុខ​ផ្សារ​និង​សាលាបឋមសិក្សា​ជម្ពូវ័ន្ត ខណៈ​ដែល​សព្វថ្ងៃ​មានការ​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍ កើតមានឡើង​ជាប្រចាំ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ។

 

អាជ្ញាធរ​ព​ន្លឿ​ន​គម្រោង​ផ្លូវ និង​ស្ពាន​ហោះ​ជម្ពូ​វ​ន្ត័

 

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​គម្រោង​ជួសជុល​ពង្រីក​ផ្លូវ​ចាប់ពី​រង្វង់​មូល​ចោមចៅ​ដល់​ចំណុចប្រសព្វ ផ្លូវបំបែក​កប់​ស្រូវ​កាលពី​ព្រឹក​ថ្ងៃទី ២២ មីនា​ថា គម្រោង​នេះ នឹង​ចាប់​ផ្ដើម​ឡើង​អនុវត្ត​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន​ឲ្យ​បាន​ប្រសើរ​ជា​សព្វថ្ងៃ។

 

លោក អភិបាល​បន្ត​ មានប្រសាសន៍​ថា ​ការស្ថាបនា​ស្ពាន​នេះ​ឡើង​គឺ​ដើម្បី​ជួយ​ដោះ​បញ្ហា​កកស្ទះ​ចរាចរ និង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះថា​តំបន់​ចោមចៅ ជម្ពូ​វ័​ន្ត​នេះ តែងតែ​បង្ក​ការ​គ្រោះថ្នាក់​ជា​រៀងរាល់ថ្ងៃ​ព្រោះ​ជា​តំបន់​ទីប្រជុំជន ​ដែល​មាន​ផ្សារ​និង​សាលារៀន​នៅ​ជាប់​គ្នា​និង​ឆ្លងកាត់​ផ្លូវ​ជាប្រចាំ។ ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ដែល​កំពុង​កើតមានឡើង​រាល់ថ្ងៃ​រួមទាំង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី គឹជា​កត្តា​ចម្បង​មួយ​ដែល​សាលា​រាជធានី​ភ្នំពេញ​កំពុង​ខិតខំ ដោះស្រាយ និង​បញ្ជ្រៀប​ការយល់ដឹង​ខាង​ផ្លូវច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​ផ្លូវ​ឲ្យ​ចូលរួម​អនុវត្តគ្រប់ៗគ្នា។

 

ក្រៅពី​គម្រោង​ខាងលើ លោក​អភិបាល រាជធានី ក៏បាន​ពិនិត្យមើល​គម្រោងការ​ពង្រីក​ផ្លូវ​បេតុង​សងខាង​កំណាត់​ជាតិ​លេខ៤ ផងដែរ ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​ផ្លូវ​អូ​ឌឹ​ម​កប់​ស្រូវ​ប្រវែង ១ ៧០០ ម៉ែត្រ​បន្ថែមទៀត។ តែ​ទោះបីយ៉ាងណា​លោក​អភិបាល​បាន​ជំរុញ​ឲ្យ​ផ្នែក​ជំនាញ​ទាំង​មន្ទីរ និង​ក្រុមហ៊ុន​សិក្សា​ឲ្យ​បានច្បាស់លាស់​ជាមុន ព្រមទាំង​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជួប​ប្រជុំ​គ្នា​ទាំង អគ្គិសនី លូ ទឹក បណ្ដាញ​ទឹកស្អាត ខ្សែរ​កាប…. ចៀសវាង​ការ​ខួង ចោះ​ផ្លូវ​ស្ថាបនា​រួចរាល់​ម្តង​ជា​ពីរដង ដែល​ជា​ហេតុ​នា​នាំ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ។

 

លោក​អភិបាល​បញ្ជាក់​ថា នេះ​ជា​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ស្ពាន​អាកាស៤កន្លែង​ត្រូវ​បាន​ស្ថាបនា​រួច​នឹង​កំពុង​ធ្វើ​ចរាចរណ៍​សព្វថ្ងៃ។

 

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ក៏បាន​ឲ្យ​ដឹងថា​ គម្រោង​សាងសង់​ស្ពាន​អាកាស និង​ការស្ថាបនា​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៤ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ផ្លូវ កប់​ស្រូវ​នេះ នឹង​ធ្វើ​ឲ្យ​មាន​ផ្លូវ៣ខ្សែ​ទៅនឹង៣ខ្សែ​មក។

 

សម្រាប់​រថយន្ត និង​សម្រាប់ ទោចក្រយានយន្ត មាន​ផ្លូវ១ខ្សែ​ទៅ១ខ្សែ មក​ទាំងសងខាង​ព្រមទាំង​ដាក់​លូ​ប្រអប់ និង​លូ​ចំហ​សងខាង និង​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ផងដែរ​ដើម្បី​សម្រួល​សុវត្ថិភាព​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ដល់​សិស្សានុសិស្ស នៃ​សាលា​ជម្ពូ​វ័​ន្ត ក៏​ដូច​ប្រជាពលរដ្ឋ​រស់នៅ សងខាង​ផ្លូវ ពិសេស អ្នក​លក់ដូរ​នៅមុខ​ផ្សារ​ជម្ពូ​វ័ន្ត ឆ្លងកាត់​លែង​ប្រឈម​នឹង ការ​កកស្ទះ​ឬ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។

 

លោក​បន្តថា ​ផ្លូវ​ត្រូវ​អ៊ុត​កៅស៊ូ AC ប្រវែង ១៧៥០ម៉ែត្រ និង​ទទឹង៣៥៧ម៉ែត្រ កម្ពស់ ៣០ សង់ទីម៉ែត្រ សម្រាប់​ទីតាំង​ពង្រីក​ថ្មី និង​កម្រាស់៥សង់ទីម៉ែត្រ​លើ​កម្រាល​កៅស៊ូ​ចាស់​ចិញ្ចើមផ្លូវ៥.១៥ម៉ែត្រ​សងខាង។ មាន សួន​កណ្ដាល​ទទឹង ២.៥ម៉ែត្រ ដាក់​បង្គោល ភ្លើង​ព្រែក​ជា​ពីរ គម្លាត៤០ម៉ែត្រ​ពី​បង្គោល១ទៅ​បង្គោល១ សរុប៩៩ បង្គោល​រៀបចំ​បណ្ដាញ​លូ​ប្រអប់​និង​លូ​ចំហ​សងខាង​មានមុខ​កាត់ ២៦ម៉ែត្រ​ប្រវែង១៧៥០ ម៉ែត្រ​មាន រៀបចំ​ការ៉ូ​ឡា​ទទឹង៣ម៉ែត្រ សងខាង​មាន​ខឿន​បេតុង​ចិញ្ចើមផ្លូវ​ប្រវែង ១ ៧៥០ ម៉ែត្រ​សងខាង​ប្រឡាយ និង​លូ​ប្រអប់​ប្រវែង ១៧៥០ម៉ែត្រ។

 

ស្ថាបនា​ស្ពាន​ឆ្លងកាត់​ផ្លូវ​សម្រាប់​ថ្មើ​ជើង​ប្រវែង៤៥.៧ម៉ែត្រ ទទឹង ៣.៦ម៉ែត្រ កម្ពស់៩.៩ម៉ែត្រ លាប​គំនូស ចរាចរ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​ស្ថាបនា​រយៈពេល១៤ខែ។ លោក​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ ២០១៦នេះ មន្ទីរ​មាន​ផែនការ​រៀបចំ​លំហូរ​ចរាចរ​ឲ្យ​កាន់​ល្អ​ប្រសើរ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ ការ​កកស្ទះ​និង​គ្រោះថ្នាក់។

 

សូមបញ្ជាក់​ថា៖ នេះ​ជា​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​សម្រាប់​អ្នក​ថ្មើរជើង​ជា​លើកដំបូង​ក្នុង​រាជធានី​ភ្នំពេញ​នៅមុខ​ផ្សារ និង សាលា​ជម្ពូ​វ័​ន្ត​ដែល​ទទួល​សិទ្ធ​សាងសង់​ដោយ​ក្រុមហ៊ុន​ដូនពេញ​គ្រុប និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ៕

 

អត្ថបទ៖ សាវុធ
ប្រភព៖ Khmerdaily