ក្មេងប្រុស​ម្នាក់ ត​ខ្សែភ្លើង​ទៅ​ឆក់​អន្ទង់ ក្នុង​ស្រះ​បែរ​ឆក់​ខ្លួនឯង​ស្លាប់​

ព្រៃវែង:
ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នា​ក់ត​ខ្សែភ្លើង​ទៅ​ឆក់​អន្ទង់ ក្នុង​ស្រះ តែ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯងស្លាប់​។  ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២២ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​៥០​ម៉ែត្រក្នុងភូមិ​វាល ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។​

 ក្មេងប្រុស​ដែល​ស្លាប់​ឈ្មោះ​គីម កុង អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុខាងលើ ។​

​បើតាម​ប្រភព​ម្តាយ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​កើតហេតុ​នោះ ក្រោយ​ពេលដែល​គាត់មកពីផ្សារ​វិញ បាត់​កូន​មិនឃើញ​នៅផ្ទះ​ទេ គាត់​ក៏​ឡើង​រកមើល​លើផ្ទះ ស្រាប់តែឃើញ​ខ្សែភ្លើង​ត​ចេញពី​ព្រី​ភ្លើង​ចុះទៅ​ក្រោម គាត់​ក៏​សង្ស័យ​បាន​ដើរ​តាម​ខ្សែនោះ ស្រាប់តែ​ឃើញ​កូនប្រុស​ដេក​ផ្កាប់មុខ​ក្នុង​ភក់ល្បាប់​នៅក្នុង​ស្រះ​ស្លាប់បាត់ទៅហើយ ។ រួច​គាត់​ក៏​ហៅ​អ្នកស្រុក​ឲ្យ​មកជួយ និង​ដឹក​កូនប្រុស​ទៅមន្ទីរពេទ្យ ប៉ុន្តែ​ពេលទៅដល់​មន្ទីរពេទ្យ ត្រូវ​គ្រូពេទ្យ​ប្រាប់ថា កូន​បាន​ស្លាប់​ហើយ។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ពិនិត្យសាកសព ឃើញថា ក្មេងប្រុស​រងគ្រោះ​បាន​យក​ខ្សែភ្លើង​ត​ភ្លើង​ចេញពី​ក្នុងផ្ទះភ្ជាប់​ជាមួយ​ដែក​២​សរសៃ​ចុះទៅ​ឆក់​អន្ទង់​នៅក្នុង​ស្រះ ដែល​ទើបតែ​បាច​ចាប់​ត្រីអស់​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ ​ហើយ​ពេល​ចុះ​ឆក់​អន្ទង់​នោះ ទំនង​ជាមាន​អន្ទង់​ប្រកាច់រើចេញ​ពី​ក្នុង​ភក់ ទើប​ក្មេងប្រុស​ស្ទុះ​លោត​ទៅ​ចាប់ ហើយក៏​ត្រូវ​ចរន្ត​ភ្លើង ដែលឆក់​អន្ទង់​នោះ ឆក់​ទាំង​មនុស្ស​ដួល​ផ្កាប់មុខ​ទៅក្នុង​ភក់ល្បាប់​តែម្តងទៅ ។ ភ្លាមៗនោះ មិនមាន​អ្នកឃើញ​ជួយ​ទាន់ ទើប​ធ្វើឱ្យ​ចរន្ត​ភ្លើង​ឆក់​កុមារ​រងគ្រោះ​រហូតស្លាប់បាត់​បង់ជីវិត​តែម្តង ។​

​ក្រោយពី​បាន​ពិនិត្យ និង​សន្និដ្ឋាន​រួច សមត្ថកិច្ច​បានប្រគល់ សាកសព ជូន​ក្រុមគ្រួសារយកទៅ​ចាត់ចែង រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​៕​