កិច្ចប្រជុំ​ ស្ដីពី​ការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​

កិច្ចប្រជុំ​ ស្ដីពី​ការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​



សៀមរាប ៖ នៅ​សាល​ប្រជុំ​លេខ​៣​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២​០​១៦​ មាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​នៅ​ខេត្តសៀមរាប ក្រោម​កិច្ច​ដឹកនាំ​របស់​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ខេត្ត និង​ជា​ប្រធាន​គ​ណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ឯក នៅ លក្ខណា អគ្គ​រង​នៃ​អគ្គនាយកដ្ឋាន​ជន​អន្តោប្រវេសន៍ ដោយមាន​ការចូលរួម​ពី​សំ​ណាក់​អស់លោក​ជា​ស្នងការ ស្នងការ​រង តុលាការ ព្រះ​រាជអាជ្ញា​រង នាយករង​រដ្ឋបាល​សាលាខេត្ត និង​មន្ត្រី​នគរបាល​អធិការ​កិច្ច​ផង​ដែរ។​

មានប្រសាសន៍​នោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ឯក នៅ លក្ខណា ក៏បាន​លើកឡើង​ពី​សកម្មភាព នៃ​កិច្ចប្រតិបត្តិការ ក្នុង​ការ​ចុះ​ជំរឿន​ជនអន្តោប្រវេសន៍ ដែល​ចូល​មក​រស់​នៅ​ក្នុង​ខេត្តសៀមរាប ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ បាន​ដំណើរការ​ទៅ​បាន​ល្អ​ប្រសើរ។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ក៏​បាន​គូស​បញ្ជាក់​ថា ដើម្បី​គ្រប់​គ្រង​ជនបរទេស​ដែល​មក​រស់នៅ​កម្ពុជា​ឲ្យ​កាន់​បានតែ​ល្អ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ បាន​បើក​ប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​ជំរឿន​ជនអន្តោប្រវេសន៍​នៅ​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១៥​មកនេះ មាន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ក្នុង​នោះ​នៅ​ខេត្តសៀមរាប មាន​ជនបរទេស​មក​រស់នៅ និង​ប្រកបមុខរបរ​មាន​ចំនួន​សរុប ១​ពាន់​២១៤​នាក់ ស្រី ៥២៦​នាក់ មាន​៤៦​សញ្ជាតិ។

ឯកឧត្តម​ក៏បាន​លើក​នូវ​ចំណុច​ល្អៗ​មួយចំនួន ដើម្បី​ជា​ប្រទីប​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​យក​ទៅ​អនុ​វ​ត្ត​នៅ​តាម​គោលដៅ​របស់​ខ្លួន ក្នុង​ការ​គ្រប់គ្រង​ជន​ជាតិ​បរទេស។ ក្នុង​នោះ​ដែរ ​ឯកឧត្តម​ក៏បាន​លើក​នូវ​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​ការ​គ្រប់គ្រង​ជន​ជាតិ​បរទេស សំខាន់​អ្នក​មគ្គុទ្ទេសក៍​​ជនជាតិ​កូរ៉េ និង ការ​ចេញ​ចូល​ឆ្លងដែន ដោយ​គ្មាន​លិខិតស្នាម​ជាដើម។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ជំរឿន​ជន​អន្តោប្រវេសន៍​នេះ ក្នុង​ការ​គ្រប់គ្រង ពលករ​បរទេស ឲ្យ​ពួកគេ​គោរព​ច្បាប់​នៅ​កម្ពុជា ព្រមទាំង​សូម​ឲ្យ​ក្រុម​អធិការកិច្ច ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ អាជ្ញាធរ​ខេត្ត ក្នុង​ការ​ចុះ​ប្រ​តិ​បត្តិការ​នៅ​គ្រប់​គោលដៅ។ ឯកឧត្តម​ក៏បាន​លើក​នូវ​នីតិវិធី​ល្អៗ​មួយ​ចំនួន ក្នុង​ការ​គ្រប់គ្រង​តាមផ្លូវ​ច្បាប់ ដែល​ត្រូវ​អនុវត្ត​ទៅលើ​ជនអន្តោប្រវេសន៍ ​មក​ប្រកបការងារ​នៅ​កម្ពុជា។

តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត អំពី​ការ​គ្រប់​គ្រប់​ជន​ជាតិ​បរទេស ដែល​មក​ស្នាក់នៅ​ប្រកបមុខរបរ​នៅ​តាម​សហគ្រាស​ក្នុង​ខេត្ត ដែល​បាន​ចូល​មក​ធ្វើ​ប័ណ្ណ​ការងារ មាន​ចំនួន​២​ពាន់​៧១៨​នាក់ ព្រមទាំង​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​ការ​ចុះ​ធ្វើ​ជំរឿន​ជនជាតិ​បរទេស នៅ​តាម​បណ្ដា​ក្រុមហ៊ុន​មួយចំនួន ដែល​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទៀត​ផង។

លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើក​ឡើង​ថា ការងារ​អន្តោប្រវេសន៍​នៅ​ខេត្តសៀមរាប គឺ​កត្តា​មួយ​ដ៏​ល្អ​ដល់​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​បង្ក​លក្ខណៈ​ល្អ​សម្រាប់​ខេត្ត ទេសចរណ៍​មួយ​នេះ ក្នុង​ការធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ​ទៀត​ផង។ ម្យ៉ាងទៀត​ការងារ​នេះ ក៏​ជួយ​ដល់​កម្លាំង​សមត្ថកិច្ច​យើង​ក្តាប់​បាន​នូវ​រាល់​សមាសភាព ឧ​ក្រិដ្ឋជន​ឆ្លងដែន ដែល​ចូល​មក​លាក់​ពួន​នៅ​តាម​មូលដ្ឋាន ព្រមទាំង​ស្វែងរក​ជនបរទេស​ ដែល​ចូល​ម​ក​រស់នៅ​ដោយ​គ្មាន​ច្បាប់ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត ដើម្បី​ឲ្យ​ពួកគេ​ចេះ​គោរព​ច្បាប់​របស់​កម្ពុជា។

ឯកឧត្តម​បណ្ឌិត​ក៏បាន​លើកឡើង​ទៀត​ថា បច្ចុប្បន្ន​នេះ ខេត្ត​យើង​មាន​ស្នាក់​ការ​អន្តោប្រវេសន៍​មួយ​កន្លែង ដែល​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ប្រមូល​ផ្តុំ​ជនបរទេស​ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោ​ប្រ​វេសន៍ បាន​យក​មក​ពី​បណ្ដា​ខេត្ត​នានា មុននឹង​ធ្វើការ​បញ្ជូន​ពួកគេ​ទៅកាន់​ស្រុកកំណើត​ខ្លួន​វិញ គឺ​មិ​ន​មែន​ជា​មន្ទីរឃុំឃាំង​ឡើយ​។​ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ស្ថា​ប័​ន​ច្បាប់ និង​អាជ្ញាធរ ត្រូវ​រួម​សហការ​គ្នា​ឲ្យ​បាន​ល្អ ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​ទទួល​បាន​ជោគជ័យ​៕