លោក​សំ សៀ​ មេ​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ហូត​ ដោះស្រាយ​ករណី​រំលោភ​សេពសន្ថវៈ​ក្រៅ​ប្រព័ន្ធ​ច្បាប់

លោក​សំ សៀ​ មេ​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ហូត​ ដោះស្រាយ​ករណី​រំលោភ​សេពសន្ថវៈ​ក្រៅ​ប្រព័ន្ធ​ច្បាប់



កំពង់ឆ្នាំង ​៖​ ករណី​រំលោភ​សេពសន្ថវៈ​មក​លើ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ​នៅ​ក្នុង​ភូមិ​ព្រែករាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ ត្រូវ​បាន​លោក មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹក​ហូត​ធ្វើការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជា​ថ្នូរ​ទឹកប្រាក់​៥០​ដុល្លារ​ពី​ជន​ប្រព្រឹត្ត និង​៥០​ដុល្លារ​ពី​ជនរងគ្រោះ ហើយ​ការ​ដោះស្រាយ​នេះ​គឺ​មិនបាន​រាយការណ៍​មក​ស្នងការ ឬ​ព្រះរាជអាជ្ញា​ឡើយ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ជនល្មើស​បាន​ប្រព្រឹត្ត​អំពី​រំលោភ សេពសន្ថវៈ​រួច ក្មេង​ស្រី​រងគ្រោះ​បាន​ប្រាប់​ពី​​​សកម្មភាព​របស់​ជនល្មើស​ ដែល​បាន​ប្រព្រឹត្ត​មក​លើ​ខ្លួន។ ពេលនោះ​ឪពុកម្ដាយ​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹក​ហូត។ ក្រោយ​ទទួល​បាន​​ពាក្យ​បណ្ដឹង លោក​មេ​ប៉ុស្តិ៍​សំ សៀ បាន​កោះហៅ​ភាគី​ទាំងសងខាង​ចូល​ធ្វើការ​ដោះស្រាយ ដោយ​បញ្ចុះបញ្ចូល​ក្រុម​គ្រួសារ​រងគ្រោះ​ឲ្យ​សម្របសម្រួល​ជាមួយ ក្រុម​គ្រួសារ​ជនល្មើស ​ដោយ​តម្រូវ​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​នោះ ​បង់​ប្រាក់​ចំនួន​៤០០​ដុល្លារ​ឲ្យ​ខាង​ជនរងគ្រោះ។ ចំណែក​លោក មេ​ប៉ុស្តិ៍​ទទួល​លុយ​ពី​ខាង​ជនល្មើស​៥០​ដុល្លារ និង​៥០​ដុល្លារ​ទៀត​ពី​ខាង​ជនរងគ្រោះ។

ក្រោយ​លេចឮ​ព័ត៌មាន​បែបនេះ​អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​សំ សៀ មេ​ប៉ុស្តិ៍​ទឹក​ហូត ដោយ​លោក​បាន​និយាយ​ថា ករណី​នេះ​រក​មិន​ឃើញ​ហេតុផល​ធ្ងន់ធ្ងរ ទើប​លោក​សម្របសម្រួល​ដោះលែង​ជន​ប្រព្រឹត្ត ។ ទោះ​យ៉ាង​ណា​ ​ការ​ដោះស្រាយ​សម្របសម្រួល​ករណី​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ ទើប​អ្នក​សារព័ត៌មាន​យើង​ទំនាក់ទំនង​ទៅ​លោក​ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ​ហើយ​លោក​ស្នងការ​ក៏​បាន​បញ្ជា​ឲ្យ​ខាង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ចុះ​ចាប់ខ្លួន​ជនល្មើស​ខាងលើ នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនល្មើស​បាន​សារភាព​ថា ខ្លួន​បាន​លួងលោម​ក្មេង​ស្រី​ខាងលើ​ទៅ​មាត់កំពង់ ឃើញ​មានឱកាស​ល្អ​ ក៏​ធ្វើ​សកម្មភាព​រំលោភ​តែ​មិនបាន​ស៊ីជម្រៅ​ទេ។

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា កុមារ​រងគ្រោះ​មាន​ឈ្មោះ ផ ស ផ អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ។ ដោយឡែក​ជនល្មើស​ខាង​លើ​មាន​ឈ្មោះ សៀក សុខា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើត​ខាង​ខាងលើ។ បច្ចុប្បន្ន​ជនល្មើស ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕