ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​តាម​ដីកា​ ពី​បទ​ឃាតកម្ម កាលពី​ឆ្នាំ​២០១៣

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​តាម​ដីកា​ ពី​បទ​ឃាតកម្ម កាលពី​ឆ្នាំ​២០១៣



កំពង់ធំ ៖ ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកា​តុលាការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ពី​បទ​ប្លន់​សម្លាប់​មនុស្ស​យ៉ាង​ឃោរឃៅ​ទៅលើ​ជនរងគ្រោះ​ម្នាក់​ កាលពី​ឆ្នាំ​២០១៣ និង​ត្រូវ​បាន​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កំពង់ធំ បញ្ជា​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​មក​ស្នងការ​ដើម្បី​ធ្វើ​កំណត់ហេតុ។

លោក​ឧត្ដមសេនីយ៍​ត្រី ជូ សំអាន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ គឺជា​មុខសញ្ញា​ដែល​បាន​សម្លាប់​បុរស​ម្នាក់ ដោយ​កម្លាំង​នគរបាល បាន​បើក​ប្រតិបត្តិការ ស្រាវជ្រាវ​រហូត​ចំពោះ​ឃាតក ទាំង​៤​នាក់ ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ម៉ែន សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នា​វេលា​ម៉ោង​៦​និង​១៧​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ត្រង់​ចំណុច​អាងទឹក​ខាងកើត ភូមិ​ពង្រ​លី​ញ ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

លោក ជូន សំអាន ស្នងការ​ខេត្ត​កំពង់ធំ​បាន​បន្ត​ថា ជនរងគ្រោះ​ដែល​គេ​សម្លាប់​មាន​ឈ្មោះ ម៉ែន សំណាង ដឹង​រឿង​អាថ៌កំបាំង​ពី​សកម្មភាព​លួច/ប្លន់​គោ​របស់​ប្រជាពលរដ្ឋ ទើបបាន​ក្រុម​ឃាតក​សម្លាប់​ដើម្បី​បំបិទមាត់​។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក សហការ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រវ៉ា ស្រុក​បារាយណ៍ ចុះទៅ​ចាប់​ខ្លួន​បាន​ជនសង្ស័យ​ទាំង​៤​នាក់ បាន​ជា​បន្តបន្ទាប់ ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ ដែល​មាន​ឈ្មោះ ឈ្មោះ កេង ឡែ​ន អាយុ​៣៨​ឆ្នាំ។ ទី​២-​ឈ្មោះ អៀង អឿង អាយុ​២៨​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ ទី​៣-ឈ្មោះ សឿង វី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ និង​ទី​៤-ឈ្មោះ ឡុ​ក ថេត អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា អ្នក​ទាំង​បួន​នាក់​នេះ មាន​មុខរបរ​រកស៊ី​ទិញ​លក់​គោក្របី និង​ស៊ីឈ្នួល​ដឹក​គោ ក្របី​តាម​រ៉ឺម៉ក​៕ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​តាម​ដីកា​ ពី​បទ​ឃាតកម្ម កាលពី​ឆ្នាំ​២០១៣