កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្រុក​ទាំងពីរ គឺ​ស្រុក​សំពៅ​លូន និង​ស្រុក​ខ្លង​ហាត ប្រទេស​ថៃ​

កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្រុក​ទាំងពីរ គឺ​ស្រុក​សំពៅ​លូន និង​ស្រុក​ខ្លង​ហាត ប្រទេស​ថៃ​



បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្លង​ហាត ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ មានការ​រៀបចំ​ពិធី​សំណេះ​សំណាល​មួយ​រវាង​លោក​វរសេនីយ៍ទោ ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ស្រុក​សំពៅ​លូន ជា​មួយ​នឹង លោក​អធិការ​តម្រួត​ស្រុក​ខ្លង​ហាត ប្រទេស​ថៃ ដើម្បី​ទំនាក់ទំនង និង​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​ស្អិត​រមួត​ខ្លាំង​ឡើង​រវាង​ស្រុក​ទាំងពីរ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា។

នៅ​ក្នុង​ឱកាស​នោះ​ដែរ គេ​សង្កេត​ឃើញ​លោក​អធិការ​ស្រុក​សំពៅ​លូន​បាន​នាំ​សហការី​មួយ​ចំនួន​ដើម្បី​ទៅ​ចូលរួម​លើ​កិច្ចពិភាក្សា​ជាមួយនឹង​ភាគី​ថៃ​នា​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ​ក្នុង​គោល​បំណង​លើក​កម្ពស់​សាមគ្គីភាព និង​ការ​ទំនាក់ទំនង​គ្នា​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ ដោយ​សហការ​គ្នា​ទប់​ស្កាត់​រាល់​បទល្មើស​ឆ្លងដែន ដែល​កើត​មាន​ឡើង ​ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ ជាពិសេស​បទល្មើស​គ្រឿងញៀន។

លោក​អធិការ​ ពេជ្រ សា​រ៉ែ​ន ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ថៃ ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ (​ទៅ​ព្រឹក​វិល​ល្ងាច) ដោយ​សារ​តែ​ពួកគេ​មាន​ជីវភាព​ខ្វះខាត ហើយក៏​ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ផង​ដែរ ពិសេស​គឺ​សុំ​ឲ្យ​ភាគី​ទាំងពីរ​គោរព​នូវ​កិច្ចព្រមព្រៀង​MOU ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​នា​ពេល​កន្លងមក។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ​ក៏​មាន​ការ​ជូន​កាដូ​ទុកជា​អនុស្សាវរីយ៍​ជូន​ដល់​លោក​អធិការ​ស្រុក ខ្លង​ហាត​ផង​ដែរ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​ ព្រមទាំង​បាន​ពិសា​បាយ​សាមគ្គី​ជា​ការ​រឹត​ចំណងមិត្តភាព​រវាង​ភាគី​ទាំងសងខាង​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ទ្វេដង៕

កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្រុក​ទាំងពីរ គឺ​ស្រុក​សំពៅ​លូន និង​ស្រុក​ខ្លង​ហាត ប្រទេស​ថៃ​