ពុទ្ធបរិស័ទ​វត្ត​ពោធិ​រោង ​ចោទ​មេឃុំ​ថា ​បង្ក​ឲ្យ​មាន​ភាព​បែកបាក់​សាមគ្គី​នៅ​វត្ត​ និង​ប្រើ​អំណាច​ក្រៅច្បាប់​មក​ដឹកនាំ

ពុទ្ធបរិស័ទ​វត្ត​ពោធិ​រោង ​ចោទ​មេឃុំ​ថា ​បង្ក​ឲ្យ​មាន​ភាព​បែកបាក់​សាមគ្គី​នៅ​វត្ត​ និង​ប្រើ​អំណាច​ក្រៅច្បាប់​មក​ដឹកនាំ



កំពង់ធំ ​៖ ​លោក​ប្រាក់ មិន ​មេឃុំ​សុចិត្រ​ ​​ធ្លាយ​រឿងអាស្រូវ​ទៀត​ហើយ ដោយ​គណៈកម្មការ អាចារ្យ​ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​រុក្ខា​រាម ហៅ​វត្ត​ពោធិ​រោង ស្ថិតនៅ​ភូមិ​ប្រ​រោង ឃុំ​សុចិត្រ ស្រុក សណ្ដាន់​បាន​ចោទ​ប្រកាន់​ថា ​​បំបែកបំបាក់​ផ្ទៃក្នុង​វត្ត ដោយ​យក​ព្រះសង្ឃ​ខ្ចី​វស្សា​១​អង្គ ជា​បក្ខពួក​ខ្លួន​មក​ដំឡើង​យសស័ក្ដិ ជា​ព្រះចៅ​អធិការ​វត្ត ហើយ​ទម្លាក់​ព្រះចៅ​អធិការ​ចាស់​វស្សា​ តាំងពី​ឆ្នាំ​១៩៧៩​មក។

ទង្វើ​របស់​លោក​មេឃុំ​នេះ​បាន​ធ្វើ​ឡើង​ ដោយ​បក្ខ​ពួក​ខ្លួន​៥-៦​នាក់ ផ្ទុយ​ពី​ឆន្ទៈ​ពុទ្ធបរិស័ទ និង​គណៈកម្មការ​អាចារ្យ ចំណុះជើងវត្ត​រុក្ខា​រាម ហៅ​វត្ត​ពោធិ​រោង ដែល​ផ្ដើម​ឲ្យ​មាន​អធិករណ៍​ក្នុង​វត្ត​នេះ ឡើង​រហូតមកដល់​សព្វថ្ងៃ។

លោក​ជុំ ចន្ថា អាយុ​៦១​ឆ្នាំ ជា​ក្រុមប្រឹក្សា​ឃុំ​សុចិត្រ បាន​ប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​ថ្មី​ថា ដោយសារ​គណៈកម្មការ​វត្ត​បាន​បាត់​បង់ជីវិត​អស់ លោក​ក៏បាន​ចូលខ្លួន​មក​ជួយ​វត្ត ក្នុងនាម​គណៈកម្មការ រង់ចាំ​គណៈកម្មការ ស្របច្បាប់​កើតឡើង។

លោក ជុំ ចន្ថា បាន​បន្តថា នៅ​រដូវ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៤​កន្លងមកនេះ លោក​បាន​ចូលរួម ទទួល​បច្ច័យ​បិណ្ឌ​ជាមួយ​ព្រះសង្ឃ​១​អង្គ​ ដែល​ទើបនឹង​សាង​ព្រះផ្នួស ហើយ​មក​នៅ​វត្ត​ពោធិ​រោង​នេះ តាម​ការ​គាំទ្រ​ពី លោក មេឃុំ។

លោក​ជុំ ចន្ថា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​ទទួល​បច្ច័យ​បិណ្ឌ​បាន​៣​ថ្ងៃ​មក លោក​ក៏បាន ដក​ខ្លួន​ចេញ ដោយ​ពិនិត្យ​ឃើញ​សកម្មភាព​មិន​ប្រក្រតី ខុសច្បាប់​វិន័យ របស់​ព្រះសង្ឃ​អង្គ​ នោះ។ ក្រោយមក​ព្រះសង្ឃ​អង្គ​នេះ និង​លោក​មេឃុំ​បាន​បង្ក​ទំនាស់​នៅ​ក្នុង​វត្ត ហើយ​បាន​សុំ​ទម្លាក់​ ព្រះចៅ​អធិការ​ចោល ដោយ​លើក​ព្រះសង្ឃ​ថ្មី ខ្ចី​វស្សា​នោះ​ជំនួស ប៉ុន្តែ​ត្រូវ​បាន​ពុទ្ធបរិស័ទ​ គណៈកម្មការ​ និង​អាចារ្យ​ជំទាស់​ ដោយ​នៅតែ​បន្ត​គាំទ្រ ​ព្រះចៅ​អធិការ​ចាស់ ព្រះនាម​ធា​ម ពៅ​ ព្រះជន្ម​៨៨ វស្សា ​ដដែល​ ព្រោះ​ព្រះ​ចៅអធិការ​អង្គ​នេះ មិន​មាន​កំហុស​អ្វី​នោះ​ទេ។ ផ្ទុយទៅវិញ​ពុទ្ធបរិស័ទ បាន និមន្ត​ព្រះអង្គ​ពី​ព្រះចៅ​អធិការ​វត្ត​ទឹក​ម៉ី​លៀង នៅ​ទីរួមស្រុក​សណ្ដាន់ មក​គង់នៅ​វត្ត​នេះ តាំងពី​ឆ្នាំ ១៩៩៥ រហូតមកទល់​បច្ចុប្បន្ន​គឺ​មិន​ដែលមាន​បញ្ហា​អ្វី​នោះទេ កាលណោះ​គាត់​(​ជុំ ចន្ថា )​នៅ​ទាហាន នៅឡើយ​ទេ នៅ​ទីតាំង​វត្ត​នេះ​គឺ​សុទ្ធ​ខ្សែត្រៀម។

លោកតា​អាចារ្យ វ៉ែន ឈឿង អាយុ​៦៥​ឆ្នាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​​​ថា ដោយ​យក ព្រះសង្ឃ​ទើបនឹង​បួស​បាន​៦-៧​ខែ មក​ដំឡើង​ជា​ព្រះ​អធិការ ហើយ​ទម្លាក់​ព្រះចៅអធិការ​ចាស់ ចោល​គឺ​ពុទ្ធបរិស័ទ​មិន​យល់ព្រម​ទេ ព្រោះ​ព្រះចៅអធិការ​គ្មាន​កំហុស និង​ដឹកនាំ​តាំងតែ​ពី​បាតដៃ ទទៃ​រហូតដល់​មាន​ប៉ុណ្ណេះ ម្យ៉ាងទៀត​គឺ​ព្រះសង្ឃ​ខ្ចី​វស្សា ដែល​មាន​ការ​គាំទ្រ​ពី​លោក​មេឃុំ ប្រាក់ មិន នោះ គឺ​គ្រាន់តែ​បួស​សន្សំ​ទ្រព្យ​តែប៉ុណ្ណោះ ដោយ​ដឹង​ថា មិនបាន​តំណែង​ជា​ព្រះ​ចៅអធិការ ក៏​ដឹក ដែក ដឹក​ស៊ីម៉ងត៍​ចេញពី​វត្ត​ទៅវិញ​ទាំងអស់។ ចំណែក​លោក​មេឃុំ​មិន​ចូល​វត្ត​ទោះជា​ករណី​បុណ្យទាន ប្រពៃណី ឬ​បុណ្យជាតិ​ឡើយ ហើយ​ប៉ុន្មាន​ថ្ងៃ​មុននេះ គឺមាន​បុណ្យ​ឆ្លង​សមិទ្ធផល​ក្នុង​វត្ត ដោយ មាន លោក​អភិបាលរង ខេត្ត​អញ្ជើញ​មក ក៏​លោក​មេឃុំ​មិន​ចូល​មកជួយ​រៀបចំ​ដែរ ហើយ​ជំទាស់​មិន ឲ្យ​មានដំណើរ​ការរៀបចំ គណៈកម្មការ វត្ត​កើតឡើង​ទៀតផង។
​ ​
ពុទ្ធបរិស័ទ និង​គណៈកម្មការ​អាចារ្យ ក៏ដូចជា​ប្រជាពលរដ្ឋ ឃុំ​សុចិត្រ​ភាគច្រើន សុទ្ធតែ​បាន និយាយថា ការដឹកនាំ របស់លោក​ប្រាក់ មិន នេះ គឺ​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន​នោះទេ គឺ សូម​លោក​អភិបាលខេត្ត​មេត្តា​ពិនិត្យមើល​សកម្មភាព​លោក​មេឃុំ​សុចិត្រ​ផង ដូចជា​ករណី បទ ល្មើស​ព្រៃឈើ​អីចឹង គឺ​ប្ដឹង​ឲ្យ​មេព្រៃ​ចាប់​គេ ប៉ុន្តែ​កូន​ខ្លួនឯង​និង​បក្ខពួក​រក​ពេញទំហឹង។

ចំណែក​ព្រះចៅអធិការ​វត្ត ធា​ម ពៅ ព្រះជន្ម​៨៨​វស្សា បាន​មាន​សង្ឃដីកា​ថា លោក​បាន បួស​នៅ​ឆ្នាំ​១៩៧៩ គឺ​ព្រះ​សម្ដេច​សង្ឃ​ទេព​វង្ស ជា​អ្នក​បំបួស​ឲ្យ ហើយ​ធ្វើជា​ព្រះចៅ​អធិការ រហូត មកទល់​សព្វថ្ងៃ។ ចំពោះ​តំណែង​ព្រះ​ចៅ គឺ​លោក​ស្រេច​តែ​ពុទ្ធបរិស័ទ និង​ខាង ធម្មការ​ទេ​។​

ទាក់ទិន​នឹង​ព័ត៌មាន​នេះ លោក​ប្រាក់​មិន មិនបាន​បំភ្លឺ​ដូចម្ដេច​នោះ​ទេ គ្រាន់​ទទួល​ទូរស័ព្ទ ហើយ​ដឹង​ថា​អ្នកសារព័ត៌មាន​នោះ​គឺ​បិទ​ទូរស័ព្ទ​គ្រឹប ហៅ​លែង​ចូល​តែម្ដង៕
ពុទ្ធបរិស័ទ​វត្ត​ពោធិ​រោង ​ចោទ​មេឃុំ​ថា ​បង្ក​ឲ្យ​មាន​ភាព​បែកបាក់​សាមគ្គី​នៅ​វត្ត​ និង​ប្រើ​អំណាច​ក្រៅច្បាប់​មក​ដឹកនាំ

ពុទ្ធបរិស័ទ​វត្ត​ពោធិ​រោង ​ចោទ​មេឃុំ​ថា ​បង្ក​ឲ្យ​មាន​ភាព​បែកបាក់​សាមគ្គី​នៅ​វត្ត​ និង​ប្រើ​អំណាច​ក្រៅច្បាប់​មក​ដឹកនាំ

ពុទ្ធបរិស័ទ​វត្ត​ពោធិ​រោង ​ចោទ​មេឃុំ​ថា ​បង្ក​ឲ្យ​មាន​ភាព​បែកបាក់​សាមគ្គី​នៅ​វត្ត​ និង​ប្រើ​អំណាច​ក្រៅច្បាប់​មក​ដឹកនាំ