បុរស​ម្នាក់​ប្រតិកម្ម​នឹង​ប៉ូលិស​ចរាចរណ៍​ស្រុក​កណ្ដាល​ស្ទឹង ​ដែល​បដិសេធ​មិន​យក​លុយ​រៀល ​​​គ្រាន់តែ​រហែក​បិទ​ស្កុត​បន្តិច

បុរស​ម្នាក់​ប្រតិកម្ម​នឹង​ប៉ូលិស​ចរាចរណ៍​ស្រុក​កណ្ដាល​ស្ទឹង ​ដែល​បដិសេធ​មិន​យក​លុយ​រៀល ​​​គ្រាន់តែ​រហែក​បិទ​ស្កុត​បន្តិច



កណ្ដាល​ ៖​ បុរស​ម្នាក់​​ ​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ ប៉ូលិស​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង​ម្នាក់​ ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​លុយ​រៀល ​​គ្រាន់តែ​រហែក​បិទ​ស្កុត​តែ​បន្តិច​សោះ ​គ្រា​ដែល​បុរស​ម្នាក់​នោះ​បើកបរ​លើស​ល្បឿន​ ហើយ​ត្រូវ​ប៉ូលិស​ផាក​ចំនួន​៤​​ម៉ឺន​រៀល។

បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កម្ពុជា​ថ្មី​បាន​ឲ្យ​ដឹង​មក​ថា បុរស​ម្នាក់ បាន​​បើក​រថយន្ត​លើស​ល្បឿន​កំណត់​ ហើយ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ត្រួតពិនិត្យ​គោលដៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ ​​ឃាត់ និង​ផាក​ពិន័យ​៤​ម៉ឺន​រៀល។ ប៉ុន្តែ​បុរស​នោះ​ផ្ទុះ​ប្រតិកម្ម​ បន្ទាប់ពី​គាត់​បាន​ឲ្យ​លុយ​ក្រដាសប្រាក់​២​ម៉ឺន​រៀល​២​សន្លឹក តែមួយ​សន្លឹក​គ្រាន់តែ​រហែក​បិទ ស្កុត​តែ​ប៉ុន​ក្រចកដៃ​តែ​ប៉ុណ្ណោះ​ ស្រាប់តែ​ប៉ូលិស​រូប​នោះ​មិន​ទទួលយក​ ដោយ​ប្រាប់​ថា​ខាង​រតនាគារ​ខេត្ត​កណ្ដាល​មិន​យក​លុយ​រហែក។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ ២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ ភូមិ​តាកុច ​ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល។

បើ​តាម​ប័ណ្ណ​ផាក​ពិន័យ​ប៉ូលិស​នោះ​ ឈ្មោះ​អ៊ឹម ច​ណ្ណា​រ៉ា អត្តលេខ​៤០៥៧៥ មិន​ដឹង​ជា​ប៉ូលិស​ចរាចរណ៍​ ស្រុក​កណ្ដាលស្ទឹង ​ឬ​ប៉ូលិស​ខេត្ត​កណ្តាល​ទេ។ ចំណែក​បុរស ដែល​ប្រតិកម្ម​នោះ​មិនទាន់​ស្គាល់​ឈ្មោះ​ទេ ​បើក​រថយន្ត​តូយ៉ូតា​តា​កូ​ម៉ា ២​បាំង​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2P 3747។

យ៉ាងណា​ក៏ដោយ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ កម្ពុ​ជាថ្មី​មិន​អាច​ទាក់ទង​សាមី​ប៉ូលិស​រូបនោះ​និង លោកស្នងការ​នគរបាល​ខេត្តកណ្តាល ព្រមទាំង​មន្ត្រី​រតនាគារ​ខេត្តកណ្តាល​បានទេ។

បើ​យោង​តាម​ច្បាប់​រដ្ឋ​ដូច​មាន​ចែង​ក្នុង​មាត្រា​ទី​៤៣ និង ៦៤ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារ​ជាតិ នៃ​កម្ពុជា ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៦/២៧ ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៩៦ “​ក្នុងពេលដែល​មិនបាន​ដក​ចេញពី​ចរាចរ​ទេ​នោះ ក្រដាសប្រាក់​[…]​ដែល​បោះផ្សាយ​ដោយ​ធនាគារ​កណ្តាល គឺជា​រូបិយវត្ថុ​មានតម្លៃ​នីត្យានុកូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​តេជានុភាព​ធ្វើ​សេរីកា​គ្មាន​ព្រំដែន​[…]​។​” “​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែល​មាន​តម្លៃ​នីត្យានុកូល​ និង​មាន​តេជានុភាព​ធ្វើ​សេរីកា​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ ។​”

ដូច្នេះ​ប៉ូលិស​ម្នាក់​នោះ​ត្រូវ​ផាក​ពិន័យ​វិញ​ចំនួន​២​លាន​រៀល នេះ​បើ​យោង​តាម​ច្បាប់៕

បុរស​ម្នាក់​ប្រតិកម្ម​នឹង​ប៉ូលិស​ចរាចរណ៍​ស្រុក​កណ្ដាល​ស្ទឹង ​ដែល​បដិសេធ​មិន​យក​លុយ​រៀល ​​​គ្រាន់តែ​រហែក​បិទ​ស្កុត​បន្តិច