យុវជន​ម្នាក់​ចាប់​សម្រាត​សំពត់​កុមារី​អាយុ​៩​ឆ្នាំ ដល់​ត្រឹម​ជង្គង់ ហើយ​យកដៃ​ស្ទាប​លេង​ប្រដាប់ភេទ​បែក​រឿង​ដល់​ម្តាយ គេចខ្លួន​បាន​២​ថ្ងៃ​ត្រូវ​នគរបាល​ចាប់​វ៉ៃខ្នោះ​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​២២​ខែ​មិនា ឆ្នាំ​២០១៦ តាម​បណ្តឹង​ចោទប្រកាន់​ពី​ម្តាយ​កុមារី​រងគ្រោះ​ថា បាន​ចាប់​សម្រាត​ខោ​ប៉ុនប៉ង​រំលោភ​កូនស្រី​គាត់​អាយុ​៩​ឆ្នាំ ដែល​បាន​ប្រព្រឹត្តឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​មាត់ទន្លេ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅពេលដែល​ជនសង្ស័យ​បញ្ឆោទ​បបួល​កុមារី​រងគ្រោះ​ទៅ​មើល​ឆ្កែ​ខ្លួន​ឈឺ​នៅ​មាត់ទន្លេ​។​

​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថា​៖ ជនសង្ស័យ​ប៉ុនប៉ង​ចាប់រំលោភ​កុមារី​ជា​អនីតិជន​រូបនោះ​មានឈ្មោះ សៀក សុខា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ចំណែក​កុមារី​រងគ្រោះ​មាន អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​កើតហេតុ​។ លោក ឌុ​ច ចំរើន បាន​បន្តថា​៖ កាលពី​រសៀល​ថ្ងៃទី​១៩​ខែ​មិនា ឆ្នាំ​២០១៦ កុមារី​រងគ្រោះ​បាន​ដើរ​តាម​ឈ្មោះ សៀក សុខា ទៅ​មើល​ឆ្កែ​របស់​ជនសង្ស័យ​ឈឺ​ដេក​នៅ​មាត់ទន្លេ ពេលទៅដល់​ឃើញ​ឆ្កែ​ឈឺ​មែន ពេលនោះ​ឈ្មោះ​សៀក​សុខា បានអោយ​កុមារី​រងគ្រោះ ជួយ​បី​ឆ្កែ​អោយ គឺ​ពេលនោះ​ហើយ​ដែល​ជនសង្ស័យ​បាន​ឈ្លាត​ឱកាស ចាប់​សម្រាត​សំពត់​នាង​ចុះក្រោម​ដល់​ត្រឹម​ជង្គង់ ហើយ​បាន​យកដៃ​ចាប់​លេង​ប្រដាប់ភេទ​កុមារី​រងគ្រោះ ភ្លាមៗ​នោះ​កុមារី​រងគ្រោះ បាន​ទម្លាក់​​ឆ្កែ​ចោល​រត់​ឡើងគោក និង​ទៅប្រាប់​ម្តាយ​តែម្តង​។

​ក្រោយពី​ម្តាយ​បានដឹង​រឿងនេះ ក៏បាន​ដឹក​ដៃ​កូន​មក​សាកសួរ ចំពោះមុខ​ឈ្មោះ​សៀក​សុខា​តែ​ត្រូវគេ​ប្រកែក ប៉ុន្តែ​តែ​កុមារី​រងគ្រោះ​បាន​ស្រែកថា ពូ​ឯង​ធ្វើ​ផ្តេសផ្តាស​មកលើ​ខ្ញុំ​ម៉េច​ក៏​ថា​អត់​។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​បានគេច​ខ្លួន​ទៅផ្ទះ​ម្តាយ នៅ​ភូមិ​ក្អែ​កពង ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច​ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម​បាន​២​ថ្ងៃ ដោយ​នឹកស្មានថា​គ្មាន​រឿង​អ្វី​កើតឡើង ក៏​ត្រឡប់មកផ្ទះ​វិញ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។

​ក្រោយពី​សមត្ថកិច្ច​នគ​របាល​ជំនាញ​សាកសួរ​យក​ចម្លើយ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជនសង្ស័យ​ឈ្មោះ សៀក សុខា ក៏បាន​សារភាពថា​៖ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែនហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ដោយ​ចោទ​ពីបទ​ប្រទូស្ត​កេរ្តិ៍ និង​ប៉ុនប៉ង​ចាប់រំលោភ ៕ រិ​ទ្ធ ជ័យ

KA-23-03-2016-06