ដំណើរ​លើក​ទី​២៖ អ្នក​រាយ​ការណ៍​ពិសេស​ស្វែង​យល់​ពី​បញ្ហា​រសើប​នៅ​កម្ពុជា

លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​ កំពុង​បំពេញ​ទស្សនៈ​កិច្ច​រយៈ​ពេល​១០​ថ្ងៃ​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា។ ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​លើក​ទី​២​នេះ លោក​ស្រី បាន​ស្វែង​យល់​បញ្ហា និង​ស្វែង​យល់​ពី​បញ្ហា ក៏​ដូចជា​ការ​វិវដ្ដ​ ដោយ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋសភា គណៈកម្មការ​សិទ្ធិ​មនុស្ស​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា រួម​ទាំង​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​រដ្ឋាភិបាល​ផង​ដែរ។

ដំណើរ​លើក​ទី​២៖ អ្នក​រាយ​ការណ៍​ពិសេស​ស្វែង​យល់​ពី​បញ្ហា​រសើប​នៅ​កម្ពុជាលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ កំពុង​បើក​ជំនួប​ជា​សេរី​នៅ​កម្ពុជា ស្វែង​យល់​ពី​បញ្ហា​រសើប​ៗ​មួយ​ចំនួន​ ដែល​កំពុង​កើត​ឡើង។ ជំនួប​ទាំង​នោះ​គឺ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ ទី​២១ មីនា​មក។ យ៉ាង​ណា​ក៏​ដោយ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​លោក​ស្រីរ៉ូណា​ស្មីត​ត្រូវ​លើក​យក​បញ្ហា​សំខាន់​ៗ​ជាក់​ស្តែង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ។

បញ្ហា​រសើប​ដែល​លោក​ស្រី​បាន​ពិភាក្សា និង​ស្វែង​យល់​គឺ បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ បទ​ល្មើស​ព្រៃឈើ និង​ការ​ទប់ស្កាត់​ ដែល​លោក​ស្រី​បាន​ស្តាប់ និង​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់។ ក្រៅ​ពី​នេះ ក៏​មាន​ដែរ បញ្ហា​ស្តី​ពី​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌​ដែល​កំពុង​រង​ការ​រិះគន់ ចំនួន​អ្នក​ទោស​លើស​ចំណុះ​នៅ​ក្នុង​ពន្ធនាគារ និង​កិច្ចការពារ​សិទ្ធ​ស្រី្ត ​និង​កុមារ ក្នុង​ការ​ជួញដូរ ដែល​បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គវង្ស វឌ្ឍនា។ ដោយ​ឡែក​ច្បាប់​សហជីព​ ដែល​កំពុង​ចម្រូង​ចម្រាស់ នោះ​ក៏​ជា​ប្រធាន​បទ​ពិភាក្សា​ ដែល​ក្រុម​មេដឹកនាំ​សហជីព​លើក​ឡើង​ពី​កង្វល់​ជូន​អ្នក​រាយការណ៍​ពិសេស​ដែរ។ បន្ថែម​ពី​លើ​នេះ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​នឹង​ត្រូវ​ដាក់​លើ​តុ​ពិភាក្សា ក្នុង​ជំនួប​រវាង​លោក​ស្រីរ៉ូណា និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ស្រីរ៉ូណា​ ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កំពុង​បំពេញ​ទស្សនៈកិច្ច​រយៈ​ពេល​១០​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១​ខែ​មីនា​នេះ។ ទន្ទឹម​នឹង​ដំណើរ​លើក​ទី​២​នេះ លោក អ៊ុំ សំអាត​មន្ត្រី​ជាន់​ខ្ពស់​សិទ្ធ​មនុស្ស​របស់​អង្គការ​លីកាដូ បាន​ស្នើ​ឱ្យ​លោក​ស្រីរ៉ូ​ណា ស្មីត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ដី​ធ្លី សិទ្ធ​កម្មករ កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដែល​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។ បន្ថែម​ពី​លើ​នេះ គឺ​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​ប្រឈម​ដាក់​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនៈ​កិច្ច​ប្រមូល​ទិន្នន័យ​ ​ពី​សំណាក់​លោក​ស្រី​រ៉ូណា ស្មីត គឺ​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៣០ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ យ៉ាងណា​ក៏​ដោយ​លោក​ស្រី រ៉ូណា​ ស្មីត នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​សង្ខេប​ពី​ដំណើរ​ស្វែង​យល់​បញ្ហា​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ មីនា​ខាង​មុខ៕

ប្រភពៈ RFI