នេន ទុំ ច្រៀង​ឱ្យ ៤ ផលិតកម្ម?

នេន ទុំ បាន​បង្ហាញ​មុខ​ច្រៀង​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​ចំនួន ៤ សម្រាប់​អាល់ប៊ុម​ចូលឆ្នាំ​របស់​ពួក​គេ ដើម្បី​​បំបែក​ភាព​ស្ងប់ស្ងាត់​នា​ពេល​កន្លង​មក​ផង​ដែរ។

 

តាម​ការ​កត់​សម្គាល់ ផលិតកម្ម​ទាំង​នោះ​រួម​មាន ផលិតកម្ម កាលីប, មហាហង្ស, ផលិតកម្ម No Ah និង​ផលិតកម្ម Cool ជា​ដើម។

 

នេន ទុំ ច្រៀង​ឱ្យ ៤ ផលិតកម្ម?

 

នេន ទុំ បាន​ប្រាប់​មក​កាន់ Sabay មុន​នេះ​ថា ការ​ពិត​ទៅ​រូប​លោក​មិន​មែន​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ទាំង​នោះ​ទេ។ ការ​ដែល​បង្ហាញ​មុខ​ព្រម​គ្នា ក៏​ព្រោះ​តែ​ផលិតកម្ម​ទាំង​នោះ​បាន​ទិញ​បទ​ចម្រៀង​ថ្មី​របស់​លោក​ប៉ុណ្ណោះ ហើយ​បាន​ឱ្យ​លុយ​រួច​ហើយ។ នេន ទុំ អះអាង​ថា បទ​ចម្រៀង​នីមួយៗ​មាន​លក្ខណៈ​ប្លែក និង​ជា​សាច់​ភ្លេង​ថ្មី​សុទ្ធសាធ ដែល​ជា​ទូទៅ​ត្រូវ​ចំណាយ​ពេល​ផលិត​ប្រមាណ ៤ ថ្ងៃ​ទើប​រួចរាល់​ ១ បទ។

 

“ប៉ុន្តែ​ខ្ញុំ​មាន​ព្រួយ​បារម្ភ​មួយ​ចំនួន ព្រោះ​ផលិតកម្ម​មិន​ទាន់​ខ្លាំង​នៅ​ឡើយ អាច​ធ្វើ​ឱ្យ​បទ​ចម្រៀង​មិន​សូវ​ផ្ទុះ​ដែរ”។ នេន ទុំ ថ្លែង​មក​កាន់ Sabay។

 

តារា​ចម្រៀង​ដដែល​បន្ត​ថា លោក​កំពុង​រង់ចាំ​មើល​លទ្ធផល​ជាក់​ស្ដែង​បន្ទាប់​ពី​ផលិតកម្ម​ដាក់​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ។ យ៉ាង​ណា​លោក​ស្នើ​ឱ្យ​មហាជន​គាំទ្រ​ស្នាដៃ​ទាំង​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ផលិត​បទ​ចម្រៀង​ថ្មី​បន្ត​ទៀត៕

 

អត្ថបទ៖ សំ ជំនាញ