សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម​ស្នើ​សមត្ថកិច្ច​ស្វែងរក​អ្នក​បំផ្លាញ​ស្លាក​គណបក្ស

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​មាន​ករណី​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​កាល​ពី​យប់​ថ្ងៃ​ទី​២១ មីនា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​កោះសូទិន ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ស្វែងរក​ជន​ដៃ​ដល់​ដែល​បាន​កាប់​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ដែល​ដាក់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន។ ពួក​គេ​ថា ប្រសិន​បើ​សមត្ថកិច្ច​មិន​បាន​ចាត់​វិធានការ​លើ​បញ្ហា​នេះ ថ្ងៃ​ក្រោយ​ទៅ ក្រុម​ជន​ល្មើស​អាច​បង្ក​បញ្ហា​ផ្សេងៗ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ពួក​គាត់​ជា​ថ្មី​ទៀត​ជាក់​ជា​មិន​ខាន។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ភូមិ​ទី​១៣ ឃុំ​កោះសូទិន លោក ស្មាន មូត ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២១ មីនា មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម នាំ​គ្នា​មក​កាប់ និង​គប់​ដុំ​ថ្ម​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុខ​ផ្ទះ​របស់​លោក។ បន្ថែម​ពី​នេះ ពួក​គេ​នាំ​គ្នា​កាប់​ទុយោ​បូម​ទឹក​ដែល​ពួក​គាត់​បាន​រៃអង្គាស​ថវិកា​គ្នា សម្រាប់​បូម​ទឹក​ពី​ទន្លេ​មក​ស្តុក​ទុក​ក្នុង​អាង ដើម្បី​ប្រើ​រួម​គ្នា​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​លោក​ទៀត​ផង។ លោក​ថា ករណី​នេះ​ជា​ការ​គំរាម​កំហែង​រូប​គាត់​មិន​ឲ្យ​គាំទ្រ​គណបក្ស​ប្រឆាំង​បន្ត​ទៀត៖ «គេ​ធ្វើ​ហ្នឹង​គេ​ធ្វើ​គំរាម ដើម្បី​ឲ្យ​យើង​ភ័យ​ខ្លាច ដើម្បី​ឲ្យ​យើង​ដក​ចេញ»

មន្ត្រី​នគរបាល​ជាច្រើន​នាក់​នៃ​ស្រុក​កោះសូទិន បាន​ចុះ​ធ្វើ​កំណត់​ហេតុ​លើ​បញ្ហា​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២២ មីនា សុំ​មិន​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ ដោយ​បញ្ជាក់​ថា ពួក​គេ​មិន​ទាន់​បាន​ស្រាវជ្រាវ។

ដោយឡែក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ពិនិត្យ​ករណី​នេះ លោក ថាន សុរិទ្ធិ មាន​ប្រសាសន៍​ថា មុន​ពេល​ឈាន​ទៅ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស គឺ​មាន​សកម្មភាព​គំរាម​កំហែង​ក្រុម​គ្រួសារ​សកម្មជន​រូប​នោះ ឲ្យ​ដក​ស្លាក​គណបក្ស​ចេញ​ពី​មុខ​ផ្ទះ​ម្តង​រួច​មក​ហើយ។ លោក​ថា ក្រុម​ជន​ល្មើស​បាន​រៀបចំ​គម្រោង​ជា​មុន ដើម្បី​គំរាម​កំហែង​សកម្មជន​របស់​ខ្លួន​តែ​ម្តង៖ «ជា​គោលការណ៍​របស់​គណបក្ស យើង​មិន​ឲ្យ​យក​បង​ប្អូនខ្មែរ-ឥស្លាម ជល់​គ្នា​ដោយសារ​តែ​រឿង​គណបក្ស​នយោបាយ​ទេ។ យើង​ព្យាយាម​សម្រប​សម្រួលផ្លូវ​ចិត្ត»

លោក​បន្ត​ថា រូប​ភាព​គំរាម​កំហែង​សកម្មជន​គណបក្ស​ប្រឆាំង តែង​កើត​មាន​ឡើង សូម្បី​តែ​នៅ​ក្រុង​កំពង់ចាម ក៏​ធ្លាប់​កើត​មាន​ដែរ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ យល់​ថា សកម្មភាព​នេះ​ជា​រឿង​ខុស​ច្បាប់ ហើយ​ក៏​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​សកម្មជន​គណបក្ស​ប្រឆាំង​យ៉ាង​ធ្ងន់ធ្ងរ។ លើស​ពី​នេះ​ទៀត​លោក​ថា ករណី​បែប​នេះ​នឹង​កើត​ឡើង​បន្ត​ទៀត ប្រសិន​បើ​សមត្ថកិច្ច​មិន​អាច​ស្វែងរក​ជន​ល្មើស​ឃើញ​ទេ៖ «រឿង​ហ្នឹង​វា​អាស្រ័យ​លើ​ស្ថានការណ៍​ពី​លើ​មក​ដែរ បើ​ស្ថានការណ៍​នយោបាយ​ពី​លើ​មក​វា​ត្រជាក់ ខាង​ក្រោម​ក៏​វា​ត្រជាក់​ដែរ»

រូបភាព​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស ការ​គំរាម​កំហែង​សកម្មជន​គណបក្ស​នយោបាយ ច្រើន​តែ​កើត​មាន​ឡើង​នៅ​មុន​រដូវ​កាល​ឃោសនា​បោះឆ្នោត ឬ​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ចូល​មក​ដល់ ហើយ​សកម្មភាព​បែប​នេះ ភាគ​ច្រើន​កើត​ឡើង​ទៅ​លើ​មន្ត្រី ឬ​សកម្មជន​គណបក្ស​ប្រឆាំង។ បន្ថែម​ពី​នេះ រឿង​ហេតុ​កើត​ឡើង​ចំពោះ​គណបក្ស​ជំទាស់ គេ​កម្រ​ឃើញ​សមត្ថកិច្ច​ស្វែងរក​ជន​ល្មើស​ឃើញ​ណាស់ តែ​បើ​ហេតុការណ៍​ដូច​គ្នា​នេះ​កើត​ឡើង​ចំពោះ​គណបក្ស​កាន់​អំណាច​វិញ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ បើ​ទោះ​បី​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។