ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​៤១​គ្រួសារ​ប្រឈម​បាត់​ដី​ស្រែ​ចម្ការ​ដោយសារ​គម្រោង​បង្កើត​សហគមន៍

អ្នក​ភូមិ ៤១​គ្រួសារ​នៃ​ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ប្រឈម​បាត់​ដី​ស្រែ​ចម្ការ ដោយសារ​គម្រោង​បង្កើត​សហគមន៍​ព្រៃ​ឈើ​នៅ​ភូមិ​សាយ លើ​ផ្ទៃ​ដី​ទំហំ ១២៣​ហិកតារ។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ កំពុង​សិក្សា​លម្អិត​លើ​បញ្ហា​នេះ។

អ្នក​ភូមិ​សាយ នៃ​ឃុំ​ព្រងិល បាន​ស្រង់​ឈ្មោះ​អ្នក​ដែល​មាន​ដី​ប៉ះពាល់​ជាមួយ​សហគមន៍​ព្រៃ​ឈើ​នៅ​លើ​ក្រដាស​សៀវភៅ​ពីរ​សន្លឹក ប្រាប់​ទៅ​មន្ត្រី​សមាគម​អាដហុក (ADHOC) កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។ នៅ​លើ​បញ្ជី​ឈ្មោះ​ដែល​ពុំ​មាន​ស្នាម​មេដៃ និង​ទំហំ​ដី​នោះ​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ភូមិ ៤១​គ្រួសារ មាន ៤​គ្រួសារ​មាន​ប្លង់​កម្មសិទ្ធិ ខណៈ​ដី​រដ្ឋបាល​ភូមិ​នេះ​បាន​វាស់​ចេញ​ប្លង់​រួច​រាល់​កាល​ពី​ឆ្នាំ​២០១២។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ថា សមាគម​នឹង​ជួយ​អន្តរាគមន៍​រឿង​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក្រោយ​ពី​ពលរដ្ឋ​ដែល​ប៉ះពាល់ ដាក់​ពាក្យ​បណ្ដឹង​ភ្ជាប់​ស្នាម​មេដៃ​មក​ខាង​លោក។ លោក​ថា ពលរដ្ឋ​បារម្ភ​បាត់បង់​ដី នៅ​ក្រោយ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ចុះ​វាស់វែង​កំណត់​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា៖ «ហើយ​ដី​ព្រៃ​សហគមន៍​ហ្នឹង គឺ​គេ​កំណត់​ពី​អា​ផ្លូវ​ដី​ស​ប្រវែង ៤០​ម៉ែត្រ។ បើ​កំណត់​អ៊ីចឹង គឺ​វា​ប៉ះពាល់​ដី​ស្រែ និង​ដី​ជណ្ដើរ​ផ្ទះ​របស់​ប្រជាជន​ខ្លះ​ដែរ»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ព្រងិល លោក អោក ឆឹម ថា​លោក​មិន​ទាន់​ហ៊ាន​ដោះស្រាយ​យ៉ាង​ណា​នោះ​ទេ គឺ​រង់ចាំ​ការ​សម្រេច​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ជា​មុន​សិន។ ចំណែក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រវាញ លោក ថន ប៊ុនថេត ថា​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទេ ព្រោះ​ជំនាញ​កំពុង​ចុះ​សិក្សា។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ព្រងិល លោក អ៊ិន ចាន់ហេ ឲ្យ​ដឹង​ថា ដើម​ឡើយ​ដី​ព្រៃ​នៅ​តំបន់​នោះ​លោក​វាស់​ឃើញ​ជាង ២០០​ហិកតារ ប៉ុន្តែ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០១២ អាជ្ញាធរ​ថ្នាក់​លើ​បាន​តម្រឹម​យក​ដី​តែ ១២៣​ហិកតារ ទៅ​ធ្វើ​ជា​សហគមន៍​ព្រៃ​ឈើ​ប៉ុណ្ណោះ។ ចំណែក​ដី​ក្រៅ​ពី​នេះ បាន​វាស់​ឆ្វៀល​ជូន​ពលរដ្ឋ​អស់​ហើយ ប៉ុន្តែ​ផ្ទៃ​ដី​ដែល​បាន​កំណត់​នេះ​នៅ​មាន​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ​ទៀត៖ «វា​មាន​បញ្ហា​ត្រង់​ថា​អ៊ីចេះ ប្រជាពលរដ្ឋ​បាន​ពង្រីក​ដី​ក្បាល​ស្រែ​របស់​គាត់ ១០​ម៉ែត្រ ឬ ២០​ម៉ែត្រទៅ​លើដី​ព្រៃ​សហគមន៍។ ខ្ញុំ​អត់​ទាន់​ទទួល​បាន​ទិន្នន័យ​គ្រួសារ​ហ្នឹង​ច្បាស់លាស់​ទេ ព្រោះ​អី​ខ្ញុំ​ទៅ​ជាមួយ​អភិបាល​រង​ស្រុក (ស្រុក​ភ្នំក្រវាញ) គាត់​ថា​ចាំ​ទៅ​ស្រង់​នៅ​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ខ្ញុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ហ្នឹង»

មេ​ភូមិ​សាយ លោក ផៃ ផង់ ធ្លាប់​បញ្ជាក់​ថា កាល​ពី​ដើម​ឆ្នាំ​២០១៦ មាន​បុគ្គល​លាក់​អត្តសញ្ញាណ បាន​ប្រើ​ពាក្យ​ថា "មេ" ដើម្បី​បញ្ជា​គ្រឿងចក្រ​ឈូស​ដី​ព្រៃ​ក្នុង​ភូមិ ហើយ​សកម្មភាព​នេះ​ក៏​ប៉ះពាល់​ដល់​ដី​ព្រៃ​បម្រុង​ទុក​ធ្វើ​សហគមន៍​នៅ​ចំណុច​ច្រក​ពង្រ និង​ភ្នំ​ស្រួច ប្រហែល​ពីរ ឬ​បី​ហិកតារ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។