ពលរដ្ឋ​ជាង​២០០​គ្រួសារ​ព្យាយាម​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​វិញ

អតីត​អ្នក​ភូមិ​ស្វាយជ្រំ នៃ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ជាង ២០០​គ្រួសារ នៅ​តែ​បន្ត​ការ​ទាមទារ​ឱ្យ​អាជ្ញាធរ​ប្រគល់​ដី​ភូមិ​ចាស់​មក​ពួកគេ​កាន់​កាប់​វិញ បន្ទាប់​ពី​អ្នក​ភូមិ​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បង្ខំ​ឱ្យ​ចាកចេញ​ជាមួយ​នឹង​ការ​ដោះដូរ​ដី​កន្លែង​ផ្សេង​ឱ្យ​រស់​នៅ​រយៈពេល ៤​ឆ្នាំ​មក​ហើយ​ក៏ដោយ។

អ្នក​ភូមិ​ទាំង​នោះ​ធ្លាប់​បាន​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ឯ​ទីក្រុង​ភ្នំពេញ ជា​យូរ​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល  ជួយ​ដោះស្រាយ​ចំពោះ​ការ​រក​ទីជម្រក​សមរម្យ​សម្រាប់​ពួកគេ បន្ទាប់​ពី​ការ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ទី​ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​ឆ្នាំ​២០១២ មក។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​តំបន់​ស្វាយជ្រំ ជិត​ជើង​ភ្នំ​នៃ​ប្រាសាទ​ព្រះវិហារ ឱ្យ​ដឹង​ថា ពួកគេ​ជាង ២០០​គ្រួសារ បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​កន្លែង​ចាស់​វិញ ចាប់​ពី​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា បើទោះបី​ជា​អាជ្ញាធរ​ជាតិ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ យល់​ព្រម​អនុញ្ញាត ឬ​ក៏​មិន​យល់​ព្រម​ក៏ដោយ។

តំណាង​អ្នក​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត នៃ​ស្រុក​ជាំក្សាន្ត ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​ទៀត​គឺ​លោក ផាន់ ភឿន។ លោក​អះអាង​ថា រូប​លោក​និង​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​ផ្សេង​ទៀត កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​វត្ត​សាមគ្គីរង្សី នា​ទីក្រុង​ភ្នំពេញ មក​ដល់​ខេត្ត​កំពង់ធំ ហើយ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា។ ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​នោះ កំពុង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​តំបន់​ស្វាយជ្រំ ជិត​ជើង​ភ្នំ​នៃ​ប្រាសាទ​ព្រះវិហារ ក្នុង​គោលបំណង​ទៅ​ស្នាក់នៅ និង​កាន់កាប់​ដី​ភូមិ​ចាស់​ឡើង​វិញ។

តំណាង​អ្នក​ភូមិ​ស្វាយជ្រំ ដដែល​បញ្ជាក់​ថា ពួកគេ​ទាំង​អស់​គ្នា​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្នាក់នៅ និង​កាន់កាប់​ដី​ភូមិ​ចាស់​ឡើង​វិញ​នោះ គឺ​ដោយសារ​តែ​​ពុំ​មាន​កន្លែង​ផ្សេង​រស់​នៅ និង​ធ្វើ​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ទើប​តែ​ចេញ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ៖ «យើង​ទៅ​ស្នាក់នៅ​កន្លែង​ហ្នឹង​បណ្ដោះអាសន្ន​សិន ព្រោះ​អ្នក​ភូមិ​មិន​មាន​កន្លែង​ណា​ស្នាក់​នៅ​ទេ។ យើង​ធ្វើ​តាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ដែល​បាន​ឱ្យ​យើង​ទៅ​រស់​នៅ​ទឹក​ដី​ចាស់​វិញ»

ទោះ​យ៉ាង​ណា​អាជ្ញាធរ​មូលដ្ឋាន​ចាប់​តាំង​ពី​ថ្នាក់​ខេត្ត​ព្រះវិហារ និង​ស្រុក​ជាំក្សាន្ត បាន​ឆ្លើយ​តប​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ណា​មួយ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​កាន់​កាប់​ដី​ភូមិ​ចាស់​នៅ​តំបន់​ស្វាយជ្រំ នោះ​ទេ។

អភិបាល​ស្រុក​ជាំក្សាន្ត លោក ជា គឹម សេង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ដី​តំបន់​ស្វាយជ្រំ នោះ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ដែនដី​ទៀត​ទេ គឺ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដែល​ដាំ​កូន​ឈើ​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ទ្រនាប់​ឧទ្យាន​នៃ​ប្រាសាទ​ព្រះវិហារ អស់​ទៅ​ហើយ។

លោក​អភិបាល​ស្រុក​ជាំក្សាន្ត បញ្ជាក់​ថា រឿង​ដែល​អ្នក​ភូមិ​ប្រមូល​គ្នា​វិល​ត្រឡប់​មក​កាន់​កាប់​ដី​ភូមិ​ចាស់​វិញ​នោះ គឺ​ជា​សិទ្ធិ​របស់​ពួកគាត់ ក៏ប៉ុន្តែ​ប្រសិនបើ​មិន​មាន​ច្បាប់​ទម្លាប់ គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ទេ៖ «ខ្ញុំ​រង់ចាំ​ស្ដាប់​បញ្ជា​ពី​ឯកឧត្ដម​អភិបាល​ខេត្ត បើ​សិន​មាន​លិខិត​គតិយុត្តិ​ណា​មួយ​ដែល​សំអាង​ទៅ​លើ​ផ្លូវ​ច្បាប់ យើង​ក៏​មិន​ហាមឃាត់​ដែរ»

អតីត​អ្នក​ភូមិ​ស្វាយជ្រំ ចំនួន​ជាង ២០០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បង្ខំ​ឱ្យ​ចាក​ចេញ​ពី​កន្លែង​ធ្លាប់​រស់​នៅ​ដើម្បី​យក​ដី​ឱ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ធ្វើ​តំបន់​ទ្រនាប់​ឧទ្យាន​ជាតិ​នៃ​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ។

អ្នក​ភូមិ​អះអាង​ថា លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦ គឺ​អនុញ្ញត​ឱ្យ​ពួកគេ​អាច​វិល​ត្រឡប់​ទៅ​រស់​នៅ​ភូមិ​ចាស់​វិញ។

ទោះ​យ៉ាង​ណា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឱ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ដែល​អ្នក​ភូមិ​អះអាង​នោះ​នៅ​ឡើយ​ទេ។ លោក ឡោ ចាន់ សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​កើត​មាន​អំពើ​ហិង្សា​ដែល​កើត​ចេញ​ពី​ការ​បណ្ដេញ​ជា​ថ្មី​ទៀត ប្រសិនបើ​អ្នក​ភូមិ​ជាង ២០០​គ្រួសារ នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់កាប់​ដី​ភូមិ​ចាស់​វិញ ដោយ​មិន​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។