ហ្គេម​ស្មាតហ្វូន Miitomo របស់​ក្រុមហ៊ុន​ជប៉ុន Nintendo ទទួល​បាន​អ្នក​ប្រើ​ ១ លាន​នាក់​ក្នុង៣ ថ្ងៃ​ដំបូង

កម្មវិធី​ ហ្គេម​លើ​ទូរស័ព្ទ​ស្មាតហ្វូន​ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ បច្ចេកវិទ្យា ផលិត​ហ្គេម​ដ៏​ធំ​របស់​ជប៉ុន គឺ​ក្រុមហ៊ុន Nintendo ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ដោយ​មាន​អ្នក​ទាញ​យក (Download) កម្មវិធី​ហ្គេម​នេះ​រហូត​ដល់​ទៅ ១ លាន​អ្នក​ប្រើប្រាស់​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​មាន​ការ​គិត​ថ្លៃ​អ្វី​ឡើយ។ ការ​កើន​សន្ទុះ​តាម​រយៈ​ហ្គេម​កម្សាន្ត​របស់​ខ្លួន ធ្វើ​ឲ្យ​ភាគហ៊ុន​ក្រុមហ៊ុន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

 

កម្មវិធី ហ្គេម​មាន​ឈ្មោះ​ថា Miitomo បច្ចុប្បន្ន​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​តែ​នៅ​ប្រទេស​ ជប៉ុន ហើយ​ដំណើរ​ការ​នៅ​លើ​តែ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ប៉ុណ្ណោះ។ ហ្គេម Miitomo អាច​ឲ្យ​អ្នក​ប្រើប្រាស់​បង្កើត​គណនេយ្យ​ផ្ទាល់​ខ្លួន​ តាម​រយៈ​ការ​ដាក់​រូប​ភាព និង អាច​ជជែក​ឆ្លងឆ្លើយ​គ្នា​ជាមួយ​អ្នក​លេង​អនឡាញ​ដូច​គ្នា​ បន្ថែម​ពី​លើ​នេះ​ហ្គេម Miitomo អាច​ឲ្យ​អ្នក​ភ្ជាប់​មក​ក្នុង​បណ្តាញ​សង្គម​បាន​ទៀត​ផង។

 

ក្រុមហ៊ុន Nintendo ធ្លាប់​បាន​បង្កើត​ហ្គេម​ Mario កន្លង​រួច​មក​ហើយ​ តែ​មិន​បាន​ទទួល​ជោគជ័យ​ដូច Miitomo ឡើយ​ក្នុង​ដំណាក់​កាល​ដំបូង។ ហ្គេម Miitomo នឹង​ដាក់​ឲ្យ​ប្រទេស ១៥ ផ្សេង​ទៀត​អាច​ទាញ​យក​មក​លេង​កម្សាន្ត​នៅ​ចុង​ខែ​នេះ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com