នារីអភព្វ ត្រូវប្ដីនាំកូនរត់ចោលហើយ ត្រូវយកបន្ទះដែកមក ដុតខ្លួនប្រាណ រាល់ថ្ងៃទៀត!

ចិន៖ ដោយសារតែគ្មានប្រាក់គ្រប់គ្រាន់ ស្ដ្រីជាជនជាតិចិនមួយរូប បានប្រើប្រាស់បន្ទះដែក មកដុតពីលើខ្លួនប្រាណ ដើម្បីសម្លាប់មេរោគដ៏កាចសាហាវ របស់នាង។

នេះបើតាមប្រភពព័ត៌មានពីឌេលីម៉ែលបានឲ្យដឹងថា នាង Ding Zhen អាយុ ២៨ឆ្នាំ ត្រូវបានស្វាមីពង្រត់កូនប្រុស និងនាំយកប្រាក់ជិត ២,០០០ដុល្លារអាមេរិក ដែលជាប្រាក់សន្សំទៅជាមួយ បន្ទាប់ពីដឹងថានាងមានជំងឺមហារីកឈាម កាលពីខែសីហា ឆ្នាំ ២០១៤។ ក្រោយពីមានហេតុការណ៍នេះ នាងក៏បានដាក់ពាក្យលែងលះ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ មុននេះ តែត្រូវបានតុលាការមិន អនុញ្ញាតនោះឡើយ ដោយសារតែមិនមានវត្ដមានប្ដីរបស់នាង ក្រោយពីយកកូនប្រុសនាង ទៅជាមួយនោះ។ សម្រាប់ពេលនេះ នាងកំពុងតែរស់នៅជាមួយនឹង ឪពុកនៅក្នុងផ្ទះជួលដែលមានតម្លៃថោកៗ ​ខណៈដែលឪពុកនាង ជាអ្នកលានចានឲ្យភោជនីយដ្ឋានមួយកន្លែង ដែលទទួលបានប្រាក់ខែជិត ២០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ការចំណាយពាក់កណ្ដាលទៅលើការព្យាបាល គឺបានមកពី ក្រុមហ៊ុនធានារ៉ាប់រងលើថ្លៃថ្នាំពេទ្យ និងពាក់កណ្ដាលទៀត គឺនាងបានខ្ចីពី សាច់ញាតិបងប្អូនខាងប្ដី។ ជាដំបូងឡើង នាងបានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ តែក្រោយមក បានចាកចេញមកផ្ទះ បន្ទាប់ពីអស់ប្រាក់បង់ថ្លៃព្យាបាល។ នេះបើតាមរបាយការណ៍ បានឲ្យដឹងថា នាងបានចំណាយប្រាក់ប្រហែលជា ជិត ៥០,០០០​ដុល្លារអាមេរិក ក្នុងការព្យាបាលមួយនេះ តាំងពីដើមមក តែនាពេលនេះ នាងកំពុងតែធ្វើការព្យាបាល ដោយខ្លួនឯង ដោយនាងជឿជាក់ថានៅពេលដែលខ្លួនប្រាណមាន សីតុណ្ហភាពលើសពី ៤០អង្សាសេ នោះកោសិកាមហារីកទាំងនោះ នឹងងាប់។ ការព្យាបាលបែបនេះ នាងត្រូវអត់ធ្មត់ប្រហែលជា ២ឬ៣ដងក្នុងមួយថ្ងៃ ដោយនាងគេងស្រាត និងបងប្អូននាង ជាអ្នកយកបន្ទះដែក ដ៏ក្ដៅនោះមកដាក់ពីលើស្បែកនាង ដែលនេះជាវិធីព្យាបាលតែមួយគត់ ដែលនាងអាចធ្វើបាន។

ទោះជាយ៉ាងណា យោងទៅតាមសម្ដីរបស់នាងបានឲ្យដឹងថា ជាក់ស្ដែងការព្យាបាលបែបនេះ មិនមានប្រសិទ្ធភាពនោះទេ និងនាងត្រូវការ ធ្វើការព្យាបាលនៅឯមន្ទីរពេទ្យ ដើម្បីរស់នៅបន្ដ ទៅថ្ងៃមុខទៀត។

យ៉ាងណាមិញ សាច់រឿងរបស់នាង កំពុងតែក្លាយជាប្រធានបទវែកញែកនៅក្នុង ប្រទេសចិន ដោយអ្នកខ្លះមានអារម្មណ៍អាណិតអាសូរនាងជាខ្លាំង ហើយអ្នកខ្លះវិញជឿជាក់ថា នាងកំពុងតែបង្កការចាប់អារម្មណ៍។ លើសពីនេះ ក៏មានអ្នកផ្សេងទៀតកំពុងតែសង្ស័យទៅលើរូបភាព ដែលនាងគេងសម្រាកព្យាបាលនៅឯផ្ទះ ដោយប្រើបន្ទះដែកនោះ ដែលពួកគេយល់ថា នាងធ្វើឡើងដើម្បីចង់បាន ប្រាក់តែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត