អំពាវនាវ​បេក្ខ​ជន​ប្រឡង​ដៃ​ចង្កូត​រថយន្ត​មក​ដាក់ពាក្យ​នៅមន្ទីរ​ដោយ​ផ្ទាល់​

ខេត្តកំពង់ឆ្នាំង​ ៖ ​​ការ​ប្រ​ឡង​យក​​ប័ណ្ណ​បើកបរមិន​ចាំបាច់​បញ្ជាក់​ពីសា​លា​នោះ​ទេ ឱ្យ​​តែ​ចេះ​បើកបរ​ស្ទាត់ជំនាញ មក​ដាក់​ពាក្យ​ប្រឡង​នៅ​​មន្ទីរ​សា​ធា​រណការ និង​ដឹក​ជញ្ជូន​ខេត្ត​ ក្នុង​នាម​ជា​បេក្ខជនស្វ័យរិន​បានហើយ និង​ចំណាយ​ត្រឹមតែពី​៩​ម៉ឺន​រៀល​ទៅ​៩​ម៉ឺន​៥​ពាន់​រៀល​ប៉ុណ្ណោះ​ ។ 

លោក គង់ ឃាង អនុប្រធាន​មន្ទីរ​សាធារណការខេត្ត​ ​បាន​មាន​ប្រសា​សន៍បែប​នេះក្នុង​ពិធី​ប្រឡងយកប័ណ្ណ​បើកបរនៅ​ព្រឹកថ្ងៃ​ទី​២២ ​ខែ​មីនា ឆ្នាំ​២០១៦ នៅ​មន្ទីរ​សា​ធា​រណការ​ខេត្ត ។

​លោក​អនុប្រធាន​មន្ទីរ​បាន​ប​ញ្ជាក់​ថា ខាង​មន្ទីរ​បាន​អំពាវនាវដល់​បេក្ខជន​ដែល​ត្រូវ​ប្រឡងយកប័ណ្ណបើកបរ​ទាំងអស់ ​ត្រូវ​មក​ដាក់​ពាក្យ​ប្រឡង​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ដោយ​ខ្លួនឯង ប្រសើរ​ជាងការ​ដាក់​ពាក្យ​ប្រឡង​តាម​រយៈ​សាលា​បើកបរ ដែល​ត្រូវចំណាយ​​ប្រាក់​​ច្រើន​មិន​សម​ស្រប ។ ​លោក​បាន​កត់​​សម្គាល់​ថា​ ក្រោយ​ពី​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ​​ចូល​ជា​ធរមាន​មក​​ ​​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​បាន​មក​បំពេញ​ឯក​សារ​ពាក់ព័ន្ធ​​យានយន្ត មានការ​កើនឡើង​ទ្វេ​ដង​ ខុសពី​ពេល​​មុន​មាន​​ត្រឹម​តែ​ពី​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ ។​

ចំណែក​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្តវិញ ពី​មុន​ក្នុង​១​ខែ​ប្រឡង​បាន​តែ​១​វគ្គប៉ុណ្ណោះ ព្រោះ​បេក្ខជន​មាន​ប្រមាណ​តែ​៥០​នាក់ ប៉ុន្តែ​មក​ដល់ពេល​នេះ ការ​ប្រឡង​​ក្នុង​មួយ​វគ្គ​ៗ មាន​បេក្ខជន​ប្រមាណ​ជាង​១០០​នាក់ ​គិត​ត្រឹមថ្ងៃ​២២ ​ខែមីនា ឆ្នាំ​២០១៦ ​មន្ទីរ​​​បើក​វគ្គ​ប្រឡង​បាន​ចំនួន​៥​វគ្គ​រួច​មក​ហើយ ​។ សម្រាប់​ការ​មកដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណបើកបរ​ដោយ​ខ្លួនឯង​នៅ​មន្ទីរ​សាធាណការ​ខេត្ត ក្រសួង​កំណត់​យក​តែ​៩​ម៉ឺន​រៀល​ចំពោះ​រថយន្ត​តូច និង​៩​ម៉ឺន​៥​ពាន់​រៀល​ចំពោះ​រថយន្ត​ធំ​ ។ ដោយឡែក​ ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​ចេះ​បើកបរ​រួច​ហើយ​ ដូច​ជា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ អ្នកបើកបរ​រថយន្ត​តាក់ស៊ី តែ​ពុំ​ទាន់​មានប័ណ្ណបើកបរ ក៍​អាច​មក​ដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដោយ​ផ្ទាល់​នៅ​មន្ទីរ​សាធារណការ​ខេត្ត​បាន​ដែរ ដោយ​មិនបាច់​មានការ​បញ្ជាក់​ការ​សិក្សា​ពីសា​លា​បើកបរ​ឯកជន​នោះ​ទេ ​​៕