អាជីវករ​វៀតណាម​ជាង​3​ម៉ឺន​នាក់ ត្រៀម​ចូល​មក​រកស៊ី​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​កម្ពុជា​បាន​ចូល​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ ប្រជាជន​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​បាន​ចេញចូល​ធ្វើ​អាជីវកម្ម​ទៅ​វិញ​ទៅ​មក ដែល​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវការ​ពង្រឹងសមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង ។ អ្វី​ដែល​កម្ពុជា​ត្រូវ​ព្រួយបារម្ភ​បំផុត​នោះ គឺ​ប្រទេស​ជិតខាង​មក​រកស៊ី​នៅ​ក្នុងស្រុក​ខ្មែរ ហើយ​ប្រមូល​លុយ​យ៉ាងច្រើន​ពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​គេ​វិញ ខណៈ​កម្ពុជា​ក៏​អាច​ធ្វើ​បាន​នូវ​អាជីវកម្ម​ទាំងនោះ និង​មិនដឹង​ថា តើ​មាន​អាជីវករ​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​អាច​មាន​សមត្ថភាព​ចេញ​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ក្រៅ​បាន ។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មាធិការ​សាខា​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ លោក​ឡី សុភាព ។

លោក​ឡី សុភាព មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ « កំណើន​គម្រោង​វិនិយោគិន​ខ្នាត​តូច និង​មធ្យម​របស់​វៀតណាម​ត្រៀម​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ហើយ​សួរ​ថា តើ​កម្ពុជា​បាន​ត្រៀមខ្លួន​ប៉ុន្មាន​ម៉ឺន​នាក់​ទៅ​រកស៊ី​នៅ​ប្រទេស​វៀតណាម​វិញ ។ ក្រៅពី​នោះ ក៏​មាន​ថៃ ម៉ា​ឡេ​ស៊ី និង​ប្រទេស​ផ្សេង​ទៀត​ចូល​មក​ដែរ តែ​ខ្ញុំ​បាន​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ កុំ​ទាន់​អនុញ្ញាត​ច្បាប់​ឱ្យ​ពួក​គេ​ទាំងនោះ​ចូល​មក​អី យើង​ត្រូវការ​ពង្រឹង​ដល់​អាជីវករ​ក្នុងស្រុក​យើង​ជា​មុន​សិន » ។

លោក​បន្ថែម​ថា ៖ « បើសិនជា​ពួក​គេ​ចូល​មក​បើក​អាជីវកម្ម​ដោយ​មាន​ស្តង់ដា​ត្រឹមត្រូវ ឧទាហរណ៍​ថា នៅ​ខណ្ឌ​មួយ​នៃ​រាជធានី​ភ្នំពេញ ការ​បើក​អាជីវកម្ម​ភោជនីយដ្ឋាន​១០​កន្លែង មាន​ស្តង់ដា​ត្រឹមត្រូវ​នោះ អាជីវករ​ខ្មែរ​ប្រហែលជា​ដេក​ហើយ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន គាត់​ចូល​ចិត្ត​ទៅ​ញ៉ាំ​នៅ​កន្លែង​ណា​ដែល​ល្អ មាន​អនាម័យ និង​ស្តង់ដា​ត្រឹមត្រូវ ។ ពួក​នោះ​គេ​មក​មិន​ត្រឹមតែ​មាន​ស្តង់ដា​នោះ​ទេ គេ​មាន Brand (​ម៉ាក​យីហោ​) របស់​គេ​ត្រឹមត្រូវ​ផង​ដែរ ហើយ​ខ្មែរ​យើង​ពេល​នេះ​ក៏​ចូល​ចិត្ត​ហាង Brand នោះ​ទៀត ។ ជាក់ស្ដែង ខារ៉ាអូខេ ភោជនីយដ្ឋាន​ធម្មតា​ៗ​មិនសូវ​ចូល​ទេ តែបើ​ខារ៉ាអូខេ និង​ភោជនីយដ្ឋាន​ដែល​មាន Brand អស់​ប៉ុន្មាន​ក៏​ចូល​ដែរ » ។

លោក​បន្ថែម​ទៀត​ថា ៖ « Brand របស់​វៀតណាម​មួយ​ចំនួន​ដែល​កំពុង​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​បាន​ស្នើ​សុំ​បន្ថែម​សាខា​ជា​ច្រើន​ទៀត ដូច​ជា បៀរហ្គាឌិន និង​ខារ៉ាអូខេ ដែល​មាន​ស្តង់ដា​ត្រឹមត្រូវ តែ​សូម​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ កុំឱ្យ​ទាន់​អនុញ្ញាត​ច្បាប់ ដោយ​ទុក​ពេល​ឱ្យ​សហគ្រិន​ក្នុងស្រុក​ពង្រឹងសមត្ថភាព និង​ធ្វើ​ឱ្យ​ខ្លួនឯង​វិញ ។ វៀតណាម​គេ​ស្នើ​សុំ​បើក Brand របស់​គេ​នៅ​ភ្នំពេញ​២០​កន្លែង​ទៀត​ក្នុង​មួយ​ខណ្ឌ តែ​ខ្ញុំ​សុំ​ខាង​មន្ទីរ​ទេសចរណ៍ កុំ​ទាន់​អនុញ្ញាត​ច្បាប់​ឱ្យ​ពួក​គេ គឺ​ទុក​ពេល​ឱ្យ​យើង​ធ្វើ​បន្តិច​សិន ។ បើ​គេ​មក​បើក​មួយ​ខណ្ឌ​២០​កន្លែង​នោះ អាជីវករ​នៅ​ភ្នំពេញ​យើង​ដេក​ហើយ ដូចនេះ​ត្រូវ​ទប់ស្កាត់​សិន​។ បើ​មិន​អ​ញ្ចឹ​ង​ទេ វៀតណាម​នឹង​មក​កើប​លុយ​ពី​ស្រុក​យើង​យក​ទៅ​ស្រុក​គេ​អស់ហើយ » ។

លោក​បញ្ជាក់​ថា ៖ « ការ​ដែល​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ វា​មាន​ផល​ចំណេញ​ក៏​ពិតមែន ត្រឹម​កម្មករ​ដែល​ស៊ី​ឈ្មួ​ល​គេ និង​បាន​តិចតួច​នៅឡើយ តែ​សម្រាប់​លុយ​ធំ​រាប់​លាន​ដុល្លារ​វិញ​នោះ គេ​នឹង​វេច​ទៅ​ស្រុក​គេ​វិញ ចុះ​បើសិនជា​វិនិយោគិន​កម្ពុជា វិនិយោគ​ដោយ​ខ្លួនឯង​នោះ លុយ​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​កម្ពុជា ហើយ​កម្មករ​ក៏​ធ្វើការ​នៅ​កម្ពុជា វា​ពិតជា​ចំណេញ​ច្រើន​ជាង​ឱ្យ​គេ​មក​វិនិយោគ​ជំនួស » ។

ចំណែក​លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ការ​ប្រកួតប្រជែង ក៏​ត្រូវ​តែ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ផង​ដែរ​នៅ​គ្រប់​ប្រភេទ​អាជីវកម្ម​តូច​ធំ ។ រហូត​មក​ដល់​ពេល​នេះ យើង​បាន​បង្កើត​ច្រក​ចេញចូល​តែ​មួយ​ដើម្បី​សម្រួល​ដល់​អាជីវកម្ម​តូច​ៗ​ក្នុង​ការ​ស្នើ​សុំ​ច្បាប់​បើក​អាជីវកម្ម ដែល​កន្លង​មក​មានការ​ពិបាក​សម្រាប់​ម្ចាស់​អាជីវកម្ម » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « មន្ទីរ​ទេសចរណ៍​នឹង​ខិតខំ​ធ្វើ​យ៉ាងណា ឱ្យ​ម្ចាស់​អាជីវកម្ម​មានការ​ប្រកួតប្រជែង​មួយ​ដែល​ត្រឹមត្រូវ តែ​ក៏​ត្រូវ​មានការ​ចូលរួម​ពី​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួក​គាត់​មាន​ស្តង់ដា​ត្រឹមត្រូវ » ៕