SMEs ទាញ​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ប្រមាណ​1.900​លាន​ដុល្លារ ក្នុង​ឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SMEs) អាច​ទាញ​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ប្រមាណ​១.៩០០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ជា​សហ​ប្រធាន​ផ្នែក​ឯកជន​នៃ​ក្រុមការងារ​ផ្នែក​កម្មន្ដសាល សហគ្រាស​ធុនតូច​និង​មធ្យម និង​សេវាកម្ម បាន​បញ្ជាក់​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ឆ្នាំ​២០១៦ កាលពី​ពេល​កន្លង​មក ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « លំហូរ​ថវិកា​នេះ នឹង​ជា​ប្រយោជន៍​ផ្ទាល់​ពី​វិស័យ​ទេសចរណ៍​មក​លើ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SMEs) ប៉ុន្តែ​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏​នៅ​ទទួល​បាន​ផលប្រយោជន៍​មិន​ផ្ទាល់​ផង​ដែរ ដូច​ជា​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ខ្មែរ និង​ការ​ពង្រីក​ទីផ្សារ​ស្វែងរក​វិនិយោគ​ថ្មី​ៗ ជាដើម » ។

លោក​ឧកញ៉ា​ក៏​បាន​សម្តែង​នូវ​កោត សរសើរ ចំពោះ​ក្រសួងទេសចរណ៍ ដែល​បាន​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ជា​ថ្មី​ម្តងទៀត និង​បាន​ផ្តល់​ឱកាស​ដល់​ផលិតករ និង​ពាណិជ្ជករ​បាន​ចូលរួម​តាំង​បង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​នៅ​ក្នុង​ពិធីបុណ្យ​ដ៏​មាន​សារសំខាន់​មួយ​នេះ ។ តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​នូវ​ទំនិញ នំចំណី ភេសជ្ជៈ និង​សម្ភារ​ជា​ច្រើន​ប្រភេទ​នេះ នឹង​រួមចំណែក​ដល់​ការ​ពង្រឹង និង​លើកកម្ពស់​ផលិតភាព និង​សហគ្រិនភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​មួយ​កម្រិត​ទៀត ។

ទោះជា​យ៉ាងណា លោក តែ តាំង​ប៉ បាន​បញ្ជាក់​ថា ៖ « អ្វី​ដែល​សហគ្រាស​ធុន​តូច​និង​មធ្យម​អាច​រក​ចំណូល​បាន​ពី​ភ្ញៀវ​ទេសចរ គឺ​បាន​តាម​រយៈ​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ ចំណីអាហារ និង​ទិញ​វត្ថុ​អនុស្សាវរីយ៍ ដែល​ភ្ញៀវ​ទេសចរ​ម្នាក់​ៗ​ត្រូវ​ចំណាយ​ប្រហែល​៣៩៨​ដុល្លារ​អា​មេ​រិ​ក ។ កត្តា​ទាំងនេះ គឺជា​ឱកាស​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​អាច​ពង្រឹង​ការ​ផលិត​ឲ្យ​កាន់តែ​ច្រើន និង​មានគុណ​ភាពល្អ ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ » ។

យោង​តាម​របាយការណ៍៍​ក្រសួង​ឧស្សា​-​ហ​កម្ម និង​សិប្បកម្ម បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម ផ្នែក​កម្មន្តសាល​នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​ចុះបញ្ជី​ដំណើរការ​អាជីវកម្ម​ស្របច្បាប់​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ចំនួន​៣៨.៨៣១​មូលដ្ឋាន កើនឡើង​៣៧២​មូលដ្ឋាន បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​តែ​៣៨.៤៥៩​មូលដ្ឋាន​ប៉ុណ្ណោះ​។ កំណើន​នេះ បាន​បង្កើត​ការងារ​សរុប​ចំនួន​ជាង​១៩៤.០៥៣​កន្លែង កើនឡើង​ចំនួន​៤.៧៩៣​កន្លែង បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​បាន​ផ្ដល់​ការងារ​ចំនួន​១៨៩.២៦០​កន្លែង ៕