មុខរបរ​តាម​ដងផ្លូវ​: ត្រូវ​ហាមឃាត់​ឬ​គួរ​អនុញ្ញាត?

ដើម្បី​សម្រស់​ទីក្រុង​ភ្នំពេញ វិធានការ​មួយ​ចំនួន​បាន​ត្រូវ​ប្រកាន់​យក​ដោយ​រួម​មាន​ទាំង​ការ​ហាមឃាត់​នៅ​ក្នុង​ការ​ប្រកប​មុខរបរ​តូច​ៗ​តាម​ដងផ្លូវ​ផង​។ ប៉ុន្តែ​តើ​គេ​គួរ​ហាមឃាត់ ឬ​ក៏​គួរ​អនុញ្ញាត​សម្រាប់​ការ​ប្រកប​មុខរបរ​តូច​ៗ​នេះ ​ដើម្បី​ឱ្យ​ប្រជាជន​កាន់តែ​ច្រើន​អាច​រក​ចំណូល​ចិញ្ចឹមជីវិត​បាន?

អាជ្ញាធរ​ចាត់​ទុក​ការ​ប្រកប​របរ​តូច​ៗ​ដូច​ជា ការ​លក់​អាហារ​តាម​ដងផ្លូវ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ​។ សំណង់​មិន​រៀបរយ ការ​បោះចោល​សំរាម​ផ្តេសផ្តាស ការ​ជះ​ទឹក​កខ្វក់​ជាដើម​ត្រូវ​បាន​គិត​ថា នឹង​ធ្វើ​ឱ្យ​សម្រស់​ទីក្រុង​ធ្លាក់​ចុះ​។ ដូច្នេះ​អាជ្ញាធរ​ក៏​មាន​ហេតុផល​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ហាមឃាត់​សម្រាប់​មុខរបរ​តូច​ៗ​តាម​ដងផ្លូវ​ណា​ដែល​អាច​ប៉ះពាល់​ដល់​សម្រស់​ទីក្រុង​។

ប៉ុន្តែ​ការ​ហាមឃាត់​នេះ នឹង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ខ្វះ​មុខរបរ​ចិញ្ចឹមជីវិត​។ ដូច្នេះ​ពួក​គេ​ក៏​មិន​សប្បាយ​ចិត្តនឹង​ការ​ហាមឃាត់​បែប​នេះ​ដែរ​។

ជំនួស​ឱ្យ​ការ​ហាមឃាត់​ប្រជាជន​នៅ​ក្នុង​ការ​ប្រកប​មុខរបរ​តាម​ដងផ្លូវ​នេះ ជម្រើស​ដ៏​ល្អ​មួយ គឺ​ការ​បង្ហាត់បង្រៀន​ប្រជាជន​ឱ្យ​យល់​ពី​ផល​ប៉ះពាល់​ទាំងនោះ​។ ពួក​គាត់​មិន​ត្រូវ​បោះចោល​សំរាម​ផ្តេសផ្តាស ហើយ​ត្រូវ​សម្អាត​កន្លែង​ប្រកប​របរ​របស់​ខ្លួន​ឱ្យ​ស្អាត​ជា​និច្ច​។

ការ​លុប​បំបាត់​មុខរបរ​តាម​ដងផ្លូវ​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​នោះ​ឡើយ ពីព្រោះ​វា​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​មានមុខ​របរ​ចិញ្ចឹមជីវិត​។ ជំនួស​មក​វិញ ពួក​គាត់​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកប​របរ ប៉ុន្តែ​ត្រូវ​មានការ​ទទួលខុសត្រូវ​នៅ​ក្នុង​ការ​ចូលរួម​ថែរក្សា​សោ​ភណ្ឌ​ភាព​ទីក្រុង​។

ការ​ប្រកប​របរ​តាម​ផ្លូវ​ក៏​កើត​មាននៅ​តាម​ប្រទេស​ជឿនលឿន​ជា​ច្រើន​ផង​ដែរ​។ នៅ​ប្រទេស​ថៃ​ជាដើម គេ​ឃើញ​មានមុខ​របរ​តាម​ដងផ្លូវ​កើត​មាន​​ព្រោងព្រាត​។ រឿង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​មួយ​នោះ គេ​ថែម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ប្រជាជន​មាន​ទីផ្សារ​លក់ដូរ​តាម​ដងផ្លូវ​រថភ្លើង​ទៀត​ផង​។ ផ្សារ​ដ៏​គ្រោះថ្នាក់​មួយ​នេះ​មានឈ្មោះ​ថា Talad Rom Hoop  ស្ថិត​នៅ​ក្នុង​ខេត្ត សា​មុត សុង​ក្រាម នៅ​ប្រទេស​ថៃ​។ អ្នកលក់​ត្រូវ​បាន​គេ​បង្រៀន​ឱ្យ​ដឹង​អំពី​ការ​រៀបចំ​តូប​លក់​តាម​ផ្លូវ​រទេះភ្លើង ដោយ​ធ្វើ​យ៉ាងណា​អាច​ចល័ត​កន្លែង​លក់​បាន​នៅ​ពេល​រថភ្លើង​បាន​មក​ដល់​។

ការ​លើក​ឧទា​ហរ​ន៍​នេះ មិន​មាន​នាំ​ដល់​ការ​សន្និដ្ឋាន​ថា កម្ពុជា​គួរតែ​មាន​ផ្សារ​តាម​ផ្លូវ​រថភ្លើង​ឡើយ​។ ប៉ុន្តែ​វា​ជា​ឧទាហរណ៍​ដែល​ថា អ្វី​អាច​ដោះស្រាយ​បាន​តាម​ការ​បង្រៀន​មនុស្ស​។ ដូច្នេះ​ការ​បង្រៀន​មនុស្ស​ឱ្យ​យល់​ពី​ការ​ទទួលខុសត្រូវ​មាន​សារសំខាន់​ជាង​ការ​ហាមឃាត់​ពួក​គេ​នៅ​ក្នុង​ការ​ប្រកប​មុខរបរ​ស្របច្បាប់​ចិញ្ចឹមជីវិត​៕