រួមរ័ក​មិន​ដែល​ឱ្យ​លុយ លើក​នេះ​ប្រកែក​ ដក​កាំភ្លើង​គំរាម​បាញ់

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ម្នាក់​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ និង​ម្នាក់​ទៀត​ជា​អ្នក​គួ​ក​ជេរ​រថយន្ត​ស្រវឹងស្រា​ស្រឿង ក៏​ទៅ​រក​ស្រី​នៅ​វត្ត​ភ្នំ​តែ​​ត្រូវ​នាង​បដិសេធ​មិន​ព្រមទៅ ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ដក​កាំភ្លើង​គំរាម​បាញ់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៩៦ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI3241 ដែល​គេ​ស្គាល់​ថា ក្នុង​ចំណោម​២​នាក់​នោះ ម្នាក់​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ និង​ម្នាក់​ទៀត ជា​អ្នក​គួ​ក​ជេរ​រថយន្ត តែ​មិនដឹង​ថា​ទើប​​មក​ពី​ផឹកស៊ី​នៅឯណា​នោះ​ទេ ដោយ​មក​ក្នុង​ស្ថានភាព​ស្រវឹង​ស្រឿង​ៗ​ឌុ​ប​គ្នា​ទៅ​រក​ស្រី​នៅ​ម្តុំ​វត្ត​ភ្នំ​ក្បែរ​ទន្លេសាប ។

ប្រភព​បន្ត​ថា ពេល​ទៅ​ដល់ ក៏​បាន​បបួល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ទៅ​ជាមួយ តែ​ត្រូវ​នាង​មិន​ព្រមទៅ​ទេ ព្រោះ​ធ្លាប់​ដឹង​ថា បុរស​រូប​នេះ​ឱ្យ​តែ​ស្រវឹង​ដេក​ជាមួយ​ហើយ មិន​ដែល​ឱ្យ​លុយ​ទេ ។ ដោយសារ​តែ​ខឹង​នាង​ប្រកែក​មិន​ព្រមទៅ​ជាមួយ ធ្វើ​ឱ្យ​មន្ត្រី​រូប​នោះ ផ្ទុះ​កំហឹង​ដក​កាំភ្លើង​កា​៥៤​គំរាម​បាញ់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​តែ
ម្តង ។

ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ជា​ជន​រង​គ្រោះ មិន​បាន​ប្រាប់​ឈ្មោះ​ទេ ពាក់​អាវយឺត​ពណ៌​ខ្មៅ ស្លៀកខោ​ខូ​វ​ប៊​យ​ជើង​ខ្លី បានឱ្យ​ដឹង​ថា ដោយ​សារ​​តែ​គាត់​ធ្លាប់​ដឹង​ថា បុរស​ដែល​ជា​មន្ត្រី​នគរបាល​ខាងលើ​នេះ ឱ្យ​តែ​ស្រវឹងស្រា តែងតែ​ទៅ​រករឿង​ពួក​នាង ហៅ​ទៅ​ដេក​ជា មួយ​ហើយ​​អត់​ដែល​ឱ្យ​លុយ​ទេ ទើប​នាង​មិន​ព្រមទៅ​ជាមួយ​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ដក​កាំភ្លើងខ្លី​គំរាម​បាញ់ និង​វាយ​ក្បាល​នាង​មួយ​ស្នាប់​កាំ​ភ្លើង​​ធ្វើ​ឱ្យ​ពក​ក្បាល​ទៀត​ផង ។​ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដែល​ជាប់ចោទ​ខាងលើ​នេះ​ក៏​បានឱ្យ​ដឹង​ដែរ​ថា មិនមែន​គាត់​ទៅ​រក​ស្រី​ទេ គឺ​គាត់​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើ កុំឱ្យ​មាន​ស្រីរកស៊ីផ្លូវភេទ​រញ៉េរញ៉ៃ ពពាក់ពពូន​គ្នា​ពេក​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ត្រូវ​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់ ព្រមទាំង​ដកហូត​បាន​កាំភ្លើង​កា​៥៤​មួយ​ដើម​អត់​មាន​បង់​ទេ និង​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ដើម្បី​យក​ទៅ​សួរនាំ តែ​ដោយសារ​ជន​បង្ក​ជា​មន្ត្រី​នគរបាល ក៏​បាន​ប្រគល់​ឱ្យ​អធិការ​ដ្ឋាន​​​ខណ្ឌដូនពេញ យក​ទៅ​សួរនាំ​វិញ ។