ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​ពី​ប្រទះ​ឃើញ​ម៉ូតូ​អ្នកទិញ​ជ្រូក

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​មាន​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ដើរ​ទិញ​ជ្រូក​តាម​ភូមិ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់ ដោយ​មាន​ស្នាម​រយះ​ក្បាល​យ៉ាង​ធំ បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤​ត្រង់​​ចំ​ណុច​ភូមិ​ផ្គង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សឿ​ន សិ​ដ្ឋ អាយុ​២៥​ឆ្នាំ ជា​ជា​អ្នក​ដើរ​ទិញ​ជ្រូក មាន​ទីលំនៅ​ក្នុងភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​អ្នក​អ្នក​ធ្វើ​ដំណើរ​បានឱ្យ​ដឹង​ថា គេ​ឃើញ​សព​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្បែរ​ដុំ​ថ្ម​មួយ​ដុំ ដោយ​មាន​ស្នាម​បែកក្បាល​រយះ​យ៉ាង​ធំ ។​ឃើញ​ដូច្នោះ ក៏​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ ក្រែង​ជា​ករណី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម ។

សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​ឱ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​សាកសព​បាន​បញ្ជាក់​ថា ការ​ស្លាប់​នេះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ គឺ​ទំនងជា​ជន​រង​គ្រោះ​ស្រវឹងស្រា ហើយ​ជិះ​ម៉ូតូ​មក​ដួល​នៅ​កន្លែង​កើត​ហេតុ ទើប​បោក​ក្បាល​នឹង​ដុំ​ថ្ម បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ ។ មូលហេតុ​ដែល​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​បែប​នេះ ព្រោះ​នៅ​លើ​ខ្លួន​សព ពុំ​មាន​ស្លាកស្នាម​អ្វី ក្រៅ​អំពី​ការ​ដាច់​រលាត់​ដោយ​កូ​ស​ថ្នល់​ឡើយ ហើយ​ម៉ូតូ​ទៀត​សោត គឺ​មាន​ស្នាម​ដួល​អូស​នឹង​ថ្នល់​ផង​ដែរ ។