ឆេះ​ឃ្លាំង​គ្រាប់​ក្រោយ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ជា​ពាក្យ​ចចាមអារ៉ាម

ខេត្ដព្រះវិហារ ៖ ពាក្យ​ចចាមអារ៉ាម​ដែល​និយាយ​ថា ភ្លើងព្រៃ​បាន​ឆេះ​រាល​ដល់​ឃ្លាំង​ស្តុក​គ្រាប់​និង​អាវុធ នៅ​ក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈលើ​ភ្នំ​ដងរែក កាលពី​ថ្ងៃ​ទី​២០ ខែមីនា  គឺជា​ព័ត៌មាន​មិន​ពិត​ឡើយ ។

បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​នៅ​ប្រាសាទព្រះវិហារ​ថា មាន​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​លេចឮ​ត​ៗ​គ្នា រហូត​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្លះ​ក៏​បាន​ផ្សាយ​ដោយ​មិន​បាន​សាកសួរ​មន្ដ្រី​ណាមួយ​ថា មាន​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​និង​អាវុធ​នៅ​ខាងក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈលើ​ខ្នងភ្នំ​ដងរែក កាលពី​ថ្ងៃ​ទី​២០ ខែមីនា​នោះ ព័ត៌មាន​នោះ​មិន​ពិត​ទេ ។

មន្ត្រី​យោធា​ដដែល​បន្ត​ទៀត​ថា ភ្លើង​ឆេះ​ព្រៃ​មាន​ពិតប្រាកដ​មែន ហើយ​បាន​រាលដាល​ឆេះ​ផ្ទះ​ស្នាក់​នៅ​របស់​កងកម្លាំង​ដែល​មិន​មាន​អ្នក​រស់នៅ​និង​បាន​ទុក​ចោល តែបើ​ចំពោះ​ការ​ឆេះ​ឃ្លាំង​គ្រាប់​គឺ​មិន​មាន​ឡើយ ៕