ចង់​ចាប់​អន្ទង់​ ខំ​ត​ខ្សែភ្លើង​ឆក់ តែ​ភ្លាត់ស្នៀត​ទៅ​វិញ

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​ក្នុង​ភក់ ដោយសារ​តែ​រូបគេ​ត​ខ្សែភ្លើង​ទៅ​ឆក់​អន្ទង់ តែ​ភ្លាត់ស្នៀត​ឆក់​ស្លាប់​ទាំង​ខ្លួនឯង​ទៅ​វិញ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២២ មីនា ស្ថិត​នៅ​ចំណុច​ក្នុង​ស្រះ​ទឹក​ខាង​ក្រោយ​​ផ្ទះ​ចម្ងាយ​៥០​ម៉ែត្រ ក្នុងភូមិ​វាល ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ក្មេង​ប្រុស​ដែល​ស្លាប់​ឈ្មោះ​គី​ម កុង អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ម្តាយ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​កើតហេតុ​នោះ ក្រោយ​ពេល​ដែល​គាត់​មកពីផ្សារ​វិញ បាត់​កូន​មិនឃើញ​នៅផ្ទះ​ទេ គាត់​ក៏​ឡើង​រក​មើល​លើ​ផ្ទះ ស្រាប់តែ​ឃើញ​ខ្សែភ្លើង​ត​ចេញពី​ព្រី​ភ្លើង​ចុះ​ទៅ​ក្រោម គាត់​ក៏​សង្ស័យ​បាន​ដើរ​តាម​ខ្សែ​នោះ ស្រាប់តែ​ឃើញ​កូន​ប្រុស​ដេក​ផ្កាប់មុខ​ក្នុង​ភក់ល្បាប់​នៅ​ក្នុង​ស្រះ​ស្លាប់​បាត់​ទៅ​ហើយ ។ គាត់​បាន​ស្រែក​ផ្អើល​ឆោឡោ ហៅ​អ្នកស្រុក​ឱ្យមក​ជួយ និង​ទាក់​ទង​ទៅ​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​កូនប្រុស​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា កូន​បាន​ស្លាប់​បាត់​ទៅ​
ហើយ ។

ដោយឡែក ខាង​សមត្ថកិច្ច​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា បើ​យោង​តាម​ការ​ពិនិត្យ​ទីតាំង​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ត​ភ្លើង​​ចេញពី​ក្នុងផ្ទះ ភ្ជាប់​ជាមួយ​ដែក​២​សរសៃ​ចុះ​ទៅ​ឆក់​អន្ទង់​នៅ​ក្នុង​ស្រះ ដែល​ទើបតែ​បាច​ចាប់​ត្រី​អស់​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ ហើយ​ពេល​ចុះ​ឆក់​អន្ទង់​នោះ ទំនងជា​មាន​អន្ទង់​ប្រកាច់​រើ​ចេញពី​ក្នុង​ភក់ ទើប​ក្មេង​ប្រុស​ស្ទុះ​លោត​ទៅ​ចាប់ ហើយ​ក៏​ត្រូវ​ចរន្ត​ភ្លើង ដែល​ឆក់​អន្ទង់​នោះ ឆក់​ទាំង​មនុស្ស​ដួល​ផ្កាប់មុខ​ទៅ​ក្នុង​ភក់ល្បាប់​តែ​ម្តង​ទៅ ។ ភ្លាម​ៗ​នោះ មិន​មាន​អ្នក​ឃើញ​ជួយ​ទាន់ ទើប​ធ្វើ​ឱ្យ​ចរន្ត​ភ្លើង​ឆក់​កុមារ​រង​គ្រោះ​រហូត​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។