លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ដឹក​នាំ​ប្រតិភូ​សាស្ត្រា​ចារ្យ​ចំនួន​២២៧​នាក់​ទស្សន​កិច្ច​ខេត្ត​សៀមរាប

ខេត្ត​កំពត ៖ លោក​គ្រូ អ្នក​គ្រូ និង​គរុសិស្ស​នៃ​សាលា​គរុកោសល្យ​ខេត្ត​កំពត ចំនួន​២២៧​នាក់ ដែល​ដឹក​នាំ​ដោយ​លោក​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី ប៉ែន ស៊ីម៉ន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​សិក្សា​រយៈ​ពេល​៣​ថ្ងៃ នៅ​លើ​ទឹក​ដី​ប្រវត្តិ​សាស្ត្រ​នៃ​ខេត្ត​សៀមរាប អង្គរ​ ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ មីនា ២០១៦ ។ គឺ​តប​តាម​អនុ​សាសន៍​ថ្លៃ​ថ្លា​ពី​សំណាក់​សម្តេច​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា នៅ​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្ទះ​កុមារ​អង្គ​ការ SOS ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹក​ឈូ ខេត្ត​កំពត កាល​ពីពេល​កន្លង​ទៅ ។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​សិក្សា​នេះ​ដែរ លោក​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី ប៉ែន ស៊ីម៉ន បាន​ដឹក​នាំ​ប្រតិភូ​រួម​ដំណើរ​ទាំង​អស់​ទៅ​ទស្សន​កិច្ច​នៅតាម​ប្រាង្គ​ប្រាសាទ​នានា​ដែល​ជា​កេរ្តិ៍​មរតក​ដូន​តា​ខ្មែរ​តាំង​ពី​យូរ​លង់​ដែល​​ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ​មិន​អាច​កាត់​ថ្លៃ​បាន ។ ឆ្លៀត​ក្នុង​ដំណើរ​ទស្សន​កិច្ច​ខាងលើ លោក​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី​ ប៉ែន ស៊ីម៉ន បាន​បញ្ជាក់​ដល់​ក្រុម​គរុសិស្ស​ថា ប្រាសាទ​បាយ័ន​បាន​កសាង​នៅ​ចុង​សត​វត្ស​ទី​១២ ដែល​មាន​លក្ខណៈ​ជា​ប្រាង្គ និង​ចេតីយ៍​ ដើម្បី​ឧទ្ទិស​ដល់​វីរ​បុរស និង​យុទ្ធ​ជន​ពលី​​នា​សម័យ​បុរាណ និង​រំលឹក​ផង​ដែរ ពី​ព្រហ្ម​វិហារធម៌​របស់​បុរស ពិសេស​​ព្រហ្ម​វិហារ​ធម៌​របស់​ឪពុក ។

បន្ត​មក​ប្រតិភូ​ ព្រម​ទាំង​គរុសិស្ស​បាន​អញ្ជើញ​ទៅទស្សនា​នៅ​ទីលាន​ជល់​ដំរី​ដែល​ជា​កន្លែង​បង្កក់​ប្រសិទ្ធ​តាំងពី​សម័យ​បុរាណ​កាល​នៃ​ការ​លើក​ទ័ព និង​រេពល​ទៅធ្វើ​សឹក​សង្គ្រាម​​កាលសម័យ​អង្គរ ។ នៅ​ទីនោះ​ក៏​មាន​ចម្លាក់​បង្ហាញ​ពី​គន្លង​ធម៌​របស់​ព្រះរាជា​នា​សម័យ​នោះ ហើយ​ដែល​ជួនកាល​គេ​ទៅ​ជា​និយាយ​ពី​ស្តេច​គម្លង់​ទៅ​វិញ ។

ដោយឡែក​ចំពោះ​ប្រាសាទតាព្រហ្ម​វិញ​ដែល​ព័ទ្ធ​ទៅ​ដោយ​ស្តង់​ធំ​ៗ ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះ​អង្គ​ដែល​ទ្រង់​អាពាធ​ដោយ​ជំងឺ​ឃ្លង់ (​កាមរោគ?​) ដែល​ជំនាន់​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​អកុសលកម្ម​របស់​លោក ។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ក្រុម​គរុ​សិស្ស​ក៏​បាន​បន្តដំណើរ​ទៅ​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​មាន​រោង​ជាងទង សីលា ចារិក ជ័យ​ន​ន្ទ ចម្លាក់​ឯទៀត មាន​ជាន់​បា​កណៈ ព្រះ​ពាន់​ដែល​នៅ​ជាប់​នឹង​ប្រាសាទ​គត់​ទ្រូង ។ ដោយឡែក​នៅ​ឯ​ប្រាសាទបន្ទាយស្រី​ឯណោះ​វិញ លោក​បណ្ឌិត​ ប៉ែន ស៊ី​ម៉​ន បាន​បញ្ជាក់​ថា ប្រាសាទ​នេះ​បាន​សាងសង់​ឡើង​ចុង​ក្រោយ​នា​សតវត្ស​ទី​១២ ដែល​មាន​រូបចម្លាក់​ដិត​ជ្រៅ ឆ្មារ និង​រស់​រវើក​ប្រកបដោយ​សិរី ឬ​បង្ហាញ​ពី​ច​រិ​ក​ល្វេ​ល្វន់​របស់​ស្ត្រី​ផង​ដែរ ៕