​អភិ​បាល​ខេត្ត​តាកែវ ទទួល​​អង្ករ​៥តោន ពី​ក្រុម​ហ៊ុន សុខ សម្បត្តិ

​​ខេត្ត​តាកែវ ៖ ​នៅ​សាលា​ខេត្ត​តាកែវ កាលពី​ថ្ងៃទី​២៣ មីនា ២០១៦ ​នេះ លោក ឡាយ វណ្ណៈ ​អភិ​បាល​ខេត្ត​​ ​​ទទួល​​អំណោយ​​ឧបត្ថម្ភ​​ជា​អង្ករ​ចំនួន​៥តោន ពី​ក្រុម​ហ៊ុន​ សុខ សម្បត្តិ ​​អាហរ័ណ​-នីហរ័ណ សម្រាប់​យកទៅជួយ​ឧបត្ថម្ភ​បន្ត​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​​គ្មាន​ទីពឹង​នៅ​តាម​ស្រុក​/ក្រុង​​ទូទាំង​ខេត្ត ។​

លោក ថាច់ ចិន្តា តំណាង​ឱ្យ​ក្រុមហ៊ុន​​ខាង​លើ បាន​ឱ្យ​ដឹង​ថា ​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​​សង្គម​ជាតិ​នោះ ក្រុមហ៊ុន​​របស់​លោក​​​តែង​តែ​​ជួយ​ឧបត្ថម្ភ​ជា​អង្ករ​ ​និង​ប្រាក់​ដល់​រាជ​រដ្ឋាភិ​បាល​ និង​អាជ្ញាធរ​គ្រប់​ខេត្ត/រាជ​ធានី សម្រាប់​ជួយ​សង្គ្រោះ​​ដល់ជន​រង​គ្រោះ​ផ្សេងៗ ។​

​លោក ឡាយ វណ្ណៈ ​​បាន​មាន​ប្រសាសន៍​ថា ជួស​មុខ​ឱ្យ​អាជ្ញា​ធរ​ខេត្ត និង​ប្រជា​ពលរដ្ឋ​ទូទាំង​ខេត្ត​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​ក្រុម​ហ៊ុន​ សុខ សម្បត្តិ អាហរ័ណ-នីហរ័ណ ដែល​បាន​ជួយ​ឧបត្ថម្ភ​​អង្ករ​ចំនួន​៥តោន​នា​ពេល​នេះ ។​ កន្លង​មក​ ក្រុមហ៊ុន​​នានា​​បាន​ជួយ​ជា​អង្ករ​តាម​រយៈ​លោក​​ សម្រាប់​យក​​ជួយ​ឧបត្ថម្ភ​បន្ត​​ដល់​ប្រជា​ពលរដ្ឋ​​​​រង​គ្រោះ​ និង​ងាយ​រងគ្រោះ​ និង​ក្រុម​គ្រួសារ​​ដែល​មាន​ជីវភាព​ទី​ទ័ល​ក្រ​នៅ​តាម​មូល​ដ្ឋាននានា ​ដែល​​អាជ្ញា​​ធរ​មិន​បាន​ដឹង​ ។​

លោក​​បាន​បន្ត​​ថា ​ប្រសិន​បើ​​​ខាង​អ្នក​​សារព័ត៌មាន​បាន​ដឹង​​ និង​ជួប​ប្រជា​ពលរដ្ឋ​​​​រស់នៅ​គ្មាន​ទី​ពឹង​​ ក្រលំ​បាក ​រស់នៅ​ម្នាក់​ឯង ​​សូម​រាយ​ការណ៍​មក​លោក​​ផ្ទាល់ លោក​​នឹង​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះទៅ​​​ដោយ​ផ្ទាល់​​ដល់​​មូល​ដ្ឋាន​ ដើម្បី​នាំ​យក​អំណោយ​​​ទៅ​ជួយ​​​ពួក​គាត់ ក្នុង​នាម​ថ្នាក់​ដឹកនាំ​ខេត្ត ៕​