កូន​មិន​ឡើង គី​ឡូ គួរ​ឲ្យគេ ញ៉ាំ​អ្វី​ខ្លះ​ទៅ​?

កូន​មិន​ឡើង គី​ឡូ គួរ​ឲ្យគេ ញ៉ាំ​អ្វី​ខ្លះ​ទៅ​?

​ស្ត្រី​ជា​ម្តាយ តែងតែ​មាន​ការព្រួយបារម្ភ អំពី​សុខភាព​របស់​កូន​ជា​និច្ច ជាពិសេស គឺ​ទម្ងន់​តែម្តង​។ ជាមួយគ្នា​នេះ​ផង​ដែរ ស្ត្រី​ភាគច្រើន តែង​ប្រាថ្នា​ចង់​បាន​កូន មាន​សាច់ មាន​ឈាម ធាត់​ទ្រលុកទ្រលន់ ទើប​មើលទៅ​គួរ​ឲ្យ​ខ្នាញ់​។​

​អញ្ចឹង តើ​កូន​របស់​អ្នក កំពុងតែ​មាន​បញ្ហា ក្នុង​ញ៉ាំ​ចំណី ឬ​ស្គម​ខុស​ពី​ធម្មតា​ដែរឬទេ​? បើ​ពិតជា​អញ្ចឹង​មែន​នោះ សូម​ប្រញាប់​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​ទៅ ពីព្រោះ ជួនកាល វា​អាច​បណ្តាលមកពី ជំងឺ​ផ្សេងៗ​បាន​។

​យ៉ាងណាមិញ បើ​សុខភាព​កូន​ធម្មតា ហើយ​មិន​ដែល​ឈឺ​អី​នោះទេ វា​ប្រហែលជា បណ្តាលមកពី កត្តា​ចំណីអាហារ ដែល​គេ​ទទួលទាន ហើយ​មើលទៅ​។​
​កុំ​បារម្ភ​អី ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក នូវ​ចំណីអាហារ​មួយចំនួន ដែល​អ្នក​គួរតែ​ឲ្យគេ​ញ៉ាំ ដើម្បី​ឆាប់​ឡើង​គីឡូ​។​

១. ផលិតផល​ធ្វើ​ពីប័រ ជាពិសេស ប័រគ្រា​ប់​ផ្លែឈើ​
​ប័រ មិនមែន​សុទ្ធតែ​អាក្រក់ ដូច​ជា​ការចោទប្រកាន់​នោះទេ ពីព្រោះ ប័រ ក៏​មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​សារធាតុចិញ្ចឹម ដែល​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ សម្រាប់​ក្មេង​ដែលមាន រាងកាយ​ស្គមស្គាំង​ផងដែរ​។ អ្នក​អាចឲ្យ​គេ​ញ៉ាំ​សាំង​វ៉ិ​ច ដែល​អ្នក​ធ្វើ​ដោយ​ផ្ទាល់​ដៃ ដោយ​បន្ថែម​នូវ រសជាតិ​ប័រដែល​គេ​ចូលចិត្ត​។​

២. ទឹកដោះគោ និង​ម្សៅ​ក្រែម​
​ទឹកដោះគោ ជា​ប្រភព​ដ៏​ល្អ នៃ​ជាតិ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត ព្រមទាំង​សារធាតុចិញ្ចឹម ជាច្រើន​ផ្សេង​ទៀត​។ ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា កូន​របស់​អ្នក បាន​ផឹក​ទឹកដោះគោ យ៉ាងហោចណាស់ ២ កែវ​ក្នុង​មួយថ្ងៃ​។ ម្សៅ​ក្រែម ក៏​មាន​ប្រយោជន៍ ដូច​គ្នា​ផង​ដែរ​។​

៣. ស៊ុត​សត្វ​
​ពង​មាន់ ពង​ទា ជា​ប្រភព​នៃ​ប្រូតេអ៊ីន ដែល​កូន​អ្នកត្រូវការ ដើម្បី​បង្កើន​សាច់ដុំ និង​ទម្ងន់​។ ស៊ុត ១០០ ក្រាម មាន​ប្រូតេអ៊ីន ១៣ ក្រាម​ហើយ​។ ស៊ុត មាន​ផ្ទុក​ទៅដោយ វីតាមីន A និង B12 ដែល​ជា​តម្រូវការ​ចាំបាច់ សម្រាប់​ការលូតលាស់​របស់​កុមារ​។ ការ​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​រាល់ថ្ងៃ អាច​ជំនួស​ថ្នាំ​គ្រាប់​វីតាមីន ដែល​គេ​ត្រូវការ​បាន​។​

៤. ផ្លែ​ចេក​
​ក្រៅពី​ផ្តល់​ថាមពល ចេក​មួយ​ផ្លែ អាច​មាន​កាឡូរី​ដល់​ទៅ ១០៥​។ ចេក ក៏​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ផងដែរ​។ យក​ល្អ គួរតែ​ឲ្យ​កូន​របស់​អ្នក ញ៉ាំ​ចេក​ជាមួយនឹង​ទឹកដោះគោ​។​

៥. ផ្លែ​ប័រ​
​ផ្លែ​ប័រ ជា​ជម្រើស​មួយទៀត ប្រសិនបើ​អ្នក ចង់​ឲ្យ​កូនឡើង​គីឡូ ពីព្រោះ វា​សម្បូរ​ជាតិ​ខ្លាញ់ កា​ឡូរី និង​វីតាមីន ដែល​ចាំបាច់ សម្រាប់​ការលូតលាស់។​​

៦. សាច់មាន់ និង​សាច់សត្វ​
​ប្រូតេអ៊ីន មាន​នាទី​សំខាន់ ក្នុង​ការបង្កើត​សាច់ដុំ ដូច្នេះ បើ​ចង់​ឡើង​គីឡូ សាច់ ជា​ជម្រើស​ទី​មួយ​ហើយ ប៉ុន្តែ ត្រូវ​ប្រាកដថា វា​ជា​សាច់​ស្រស់ គ្មាន​ជាតិគីមី និង​គ្មាន​ជាតិ​ខ្លាញ់​ច្រើន​។ វិធី​ចម្អិន​ដែល​ល្អ គឺ​ស្ងោរ ស៊ុប និង​ចំហុយ​។​

៧. ដំឡូង​បារាំង​
​ហេតុ​អ្វី​ជនជាតិ​អឺរ៉ុប មាន​រាងកាយ​ធា​ត់ៗ​ម្លេះ​? ពីព្រោះ ពួកគេ​ញ៉ាំ​សាច់ ប័រ និង​ដំឡូងបារាំង​ច្រើន​។ អញ្ចឹង អ្នក​សាកល្បង​សិន​ទៅ​។​

៨. បន្លែ និង​ផ្លែឈើ​តាម​រដូវ​
​បន្លែ និង​ផ្លែឈើ ជា​របស់​ដែល​មិន​អាច​អត់​បាន​ឡើយ ប្រសិនបើ​អ្នក ប្រាថ្នា​ចង់បាន​កូន មាន​សុខភាព​ល្អ ហើយ​រាងកាយ​មាំមួន​។ ចូរ​ឲ្យគេ​ញ៉ាំ​ឲ្យបាន​ច្រើន និង​ឆ្លាស់គ្នា​ទៅតាម​រដូវ​។​

​អ្នក​ត្រូវ​ចងចាំ​ថា ការ​ញ៉ាំ​តែមួយ​មុខ មិន​អាច​ធ្វើ​ឲ្យ​កូន​អ្នក ធាត់​បានឡើយ ដូច្នេះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ហើយ​បន្ថែម​ការ​ហាត់ប្រាណ​ផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។