ល្បែងស៊ីសង​ក្នុង​ខេត្តសៀមរាប កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ទាំង​នៅក្នុង​ក្រុង​សៀមរាប និង​បណ្ដា​ស្រុក​នានា​។ ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ដែរ​ថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដែរ​។ ហេតុនេះហើយ​ទើប​បទល្មើស​ផ្សេងៗ​ដូចជា ល្បែងស៊ីសង គ្រឿងញៀន អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​អំពើ​ឃាតកម្ម​កើតឡើង​ពេញបន្ទុក​ក្នុង​ខេត្តសៀមរាប​។

​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​អ្នកលេង​ល្បែងស៊ីសង​បៀ​អាប៉ោង​២​នាក់​ទៅ​តុលាការ​បន្ទាប់ពី​បង្ក្រាប​នៅក្នុង​ភូមិ​ត្រាច​ពក ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ទាក់ទង​នឹង​ការបង្ក្រាប​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រិះគន់ថា សមត្ថកិច្ច​បង្ក្រាប​តែ​អ្នក​លេខ​ល្បែង​តូចតាច​ប៉ុណ្ណោះ ចំណែក​អ្នកបើក​លេងល្បែង​កន្ទុយ​លេខ ភ្នាល់​បាល់ទាត់ និង​បៀ​អាប៉ោង យ៉ាង​ពេញបន្ទុក​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប មិនឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។ កន្លងមក​ប្រជាពលរដ្ឋ​ធ្លាប់​រិះគន់​ចំៗ​ថា អធិការនគរបាល​ក្រុង​សៀមរាប គឺជា​អ្នកបញ្ជា​ឲ្យ​កូនចៅ​របស់ខ្លួន​ដើរ​ប្រមូល​លុយ​ពី​ក្រុម​អ្នកបើក​លេងល្បែង​ស៊ីសង ហេតុនេះហើយ​ទើប​ល្បែងស៊ីសង​ក្នុង​ក្រុង​សៀមរាប នៅតែ​រាលដាល​ឥតឈប់ឈរ​។

នៅក្នុង​ក្រុង​សៀមរាប ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​មាន​បទល្មើស​ជាច្រើន​បានកើត​ឡើង​ដូចដែល​សារព័ត៌មាន​និង​គេហទំព័រ​នានា​បាន​ចុះផ្សាយ​ជា​សាធារណៈ​រឿង​ចោរឆក់ ចោរប្លន់ អំពើ​ឃាតកម្ម គ្រឿងញៀន និង​ល្បែងស៊ីសង​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ទេនោះ គឺ​គ្មាន​នរណា​អាច​បើក​លេង​ល្បែងស៊ីសង​ដូច​សព្វថ្ងៃនេះ​បានទេ ហើយ​ទាល់តែ​មានការ​ឃុបឃិត​ទើប​ក្រុម​ជនល្មើស​អាច​បើក​ល្បែង​កន្ទុយលេខ ភ្នាល់​បាល់ទាត់ បញ្ជល់មាន់ និង​បៀ​អាប៉ោង យ៉ាង​រាលដាល​។ ហេតុនេះ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ជាបន្ទាន់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​តទៅទៀត​៕

sort_NaDI1លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ae-2-1 ae-1-2