លោក យឹម សុវណ្ណ បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​ជំហរ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ជាថ្មី​ម្តងទៀត​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​ជំហរ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​។ ការបញ្ជាក់​របស់លោក យឹម សុវណ្ណ យ៉ាង​ដូច្នេះ​ត្រូវគេ​សង្កេតឃើញថា​កើតឡើង​ស្របពេល​ដែលមាន​ក្រុម​អ្នកមាន​ចេតនា​មិនល្អ​នៅតែ​ប៉ុនប៉ង​ចង់​បង្កបញ្ហា​មកលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មានរឿង​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ត្រូវ​យកចិត្តទុកដាក់ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​១​លាន​នាក់​ឆ្លើយ​ជំនួស​ចុះ​។ លោក យឹម សុវណ្ណ ដែលជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ដែរនោះ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​ជំហរ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​ខ្វាយខ្វល់​នឹង​រឿង​អត់​ប្រយោជន៍​នោះទេ ផ្ទុយទៅវិញ​ត្រូវ​ផ្តោតទៅលើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ពន្យល់​ដល់​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ដើម​សប្តាហ៍​នេះ​ថា គប្បី​ទៅធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​សម្រេច​ជោគវាសនា​របស់ខ្លួន​តា​ម​ឆន្ទៈ​របស់​ពួកគាត់​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់ ជឿ និង ជួយ គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​គោលនយោបាយ​ល្អៗ​របស់​គណបក្ស​៕

11993287_791999470918280_5155689221670176748_n