ជនសង្ស័យ​ចំនួន​៥​នាក់ ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​តុលាការ​

ជនសង្ស័យ​ចំនួន​៥​នាក់ ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​តុលាការ​



បន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន​អំពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១៨ ខែ​មីនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ម្តុំ​ផ្លូវ​រថភ្លើង​គល់​ស្ពាន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់ ​១/​ឈ្មោះ​ លីវ ស្វិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ២/​ឈ្មោះ ទូច សុ​ក្រិ​ត្យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៣/​ឈ្មោះ វ៉ាន់ ឆៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤/​ឈ្មោះ ផន សុ​ផុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៥/​ឈ្មោះ ផន ប៊ុន​ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទាំង​៥​នាក់​នេះ​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ដកហូត​ម៉ូតូ​បាន​ចំនួន​៤​គ្រឿង​ផង​ដែរ​។

លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​ឡេង វ​ណ្ណះ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ​រស់​នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃកើតហេតុ​នោះ​កូនស្រី​របស់គាត់​ចេញពីផ្ទះ​ជិះ​ម៉ូតូ​ម៉ាក​ស្កូពី ពណ៌​ផ្កាឈូក ស៊េរី​២០១៣​ ដើម្បី​យកទៅ​ផ្ញើ​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​ក្បែរ​គល់ស្ពាន ​រួច​ចូលទៅ​ផ្សារ​រុង​គ្លឿ​រហូតដល់​ម៉ោង​៤​ល្ងាច​ ក្រោយពី​ត្រឡប់​មកពីផ្សារ​ថៃ​វិញហើយ​ ក៏បាន​ទៅ​យក​ម៉ូតូ​ ស្រាប់តែ​បាត់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​តែម្ដង ហើយ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នៅ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​ លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ​ បានបញ្ជាក់​ទៀតថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរង​គ្រោះ​ហើយ ​លុះ​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ក្រុង​ចុះ​ធ្វើការ​ស្រាវជ្រាវ ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​បាន​ចំនួន​៤​នាក់ ​និង​អ្នកទិញ​ផល​ចោរកម្ម​១​នាក់​ សរុប​បាន​ចំនួន​៥​នាក់​ នៅក្នុង​ក្រុង​ប៉ោយប៉ែត​តែម្ដង ​រួច​បញ្ជូន​មក​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​

នៅមុខ​អាវុធហត្ថ​ខេត្ត ជនសង្ស័យ​ទាំង​៥​នាក់​បាន​ឆ្លើយ​សារភាពថា បក្សពួក​ខ្លួន​ទាំង​៤​នាក់​ពិតជា​ក្រុម​ចោរលួច​ពិតប្រាកដ​មែន កន្លងមក​បានចេញ​ធ្វើ​សកម្មភាព​លួចបាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​រួចមកហើយ​។ ក្រោយពី​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​៥​នាក់​នេះ ​ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។​ ចំណែក​ម៉ូតូ​ទាំង​៤​គ្រឿង​ដែល​បាន​ដកហូត​ពី​ជនសង្ស័យ ត្រូវ​បាន​រក្សាទុក​នៅ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដើម្បី​ស្វែងរក​ម្ចាស់​កម្មសិទ្ធិ​មក​ស្នើសុំ​យកទៅ​ប្រើប្រាស់​វិញ។

ហើយ​ម៉ូតូ​នោះ​រួមមាន ១/​ហុងដា​ស្គុ​ប​ពី ពណ៌​ផ្កាឈូក ស៊េរី​២០១៣ លេខ​ម៉ាស៊ីន​០១១៩១៨៤ គ្មាន​ស្លាក​លេខ។ ​២/​ហុងដា​គ្លិ​ច ពណ៌ស បៃតង មិន​ស្គាល់​ស៊េរី លេខ​ម៉ាស៊ីន NC11-OBK0074046​គ្មាន​ស្លាក​លេខ។ ៣/​ហុងដា​គ្លិ​ច ពណ៌​ក្រហម មិន​ស្គាល់​ស៊េរី លេខ​ម៉ាស៊ីន OBK 004959 គ្មាន​ស្លាក​លេខ​។ ៤/​ហុងដា គ្លិ​ច ពណ៌ស ក្រហម មិន​ស្គាល់​ស៊េរី លេខ​ម៉ាស៊ីន NC11-OBK0050423 គ្មាន​ស្លាក​លេខ​៕
ជនសង្ស័យ​ចំនួន​៥​នាក់ ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​តុលាការ​