គ្រួសារ​ត្រកូល “​ខូវ ” ជួបជុំគ្នា​បាយ​សាមគ្គី ក្រោយ​បែកបាក់ ៦​ឆ្នាំ

គ្រួសារ​ត្រកូល “​ខូវ ” ជួបជុំគ្នា​បាយ​សាមគ្គី ក្រោយ​បែកបាក់ ៦​ឆ្នាំ



ភ្នំពេញ​ ៖ ​រូប​ថត​អនុស្សាវរីយ៍​មួយ​សន្លឹក​ បង្ហាញ​ពី​ការ​ជួបជុំ​គ្នា​ស្រស់ស្រូប​អាហារ​សាមគ្គី​រវាង​បង ប្អូន​កូន និង​ចៅ​ត្រកូល ​” ខូវ ” នៅ​ក្នុង​ប្រទេស​ថៃ​ កាលពី​ពេល​ថ្មីៗ​នេះ​ ដែល​ប្រភព​ជាក់លាក់​មួយ​បាន​ផ្ដល់​មកកាន់​ការិយាល័យ​និពន្ធ​កាសែត កម្ពុ​ជាថ្មី​ បាន​ធ្វើ​ឲ្យ​យើង​មានការ​ភ្ញាក់ផ្អើល និង​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជួបជុំ​នោះ។

ក្នុង​រូប​ថត ​ដែល​ប្រភព​ព័ត៌មាន​ផ្ដល់​ឲ្យ​នោះ គេ​​សង្កេត​ឃើញ​មាន​វត្តមាន​ លោកស្រី ខូវ ជឺ​ឡា​សា​ឌី ជា​បងធំ​ក្នុង​ត្រកូល បន្ទាប់មក​លោកស្រី ស៊ុន សុត្ថា ហៅ​ថាច ជា​ភរិយា​លោក ស៊ុនចាន់ថុល លោក ខូវ ផល្លា​បុត្រ ខូវ វរៈវតី​ ខូវ សូ​រ៉ា​ឌឿ​ន រួម​ទាំង​កូនស្រី​របស់​លោក​ស៊ុន ចាន់ថុល និង​សមាជិក​ក្នុង​គ្រួសារ​ផ្សេងទៀត បាន​ជួបជុំ​ហូប​អាហារ​ជាមួយគ្នា​ដោយ​ទឹកមុខ​ស្រស់ថ្លា ​រាក់ទាក់ ​និង​សប្បាយរីករាយ។

ការ​ជួបជុំ​នេះ​មិនមែន​ដោយ​ចៃដន្យ ឬ ដោយ​ប្រការ​ណាមួយ​ឡើយ ប៉ុន្តែ​ជា​ការ​ស្វែងរក​ការ​ជួបជុំ​គ្នា​ឡើងវិញ​នៅ​ក្នុង​ចំណោម បងប្អូន កូន ចៅ ក្នុង គ្រួសារ​ត្រកូល ខូវ ជឺ​លី ក្រោយពី​គ្រួសារ​របស់​ពួកគេ​ជួប​វិបត្តិ ព្យុះ ភ្លៀង ផ្គរ រន្ទះ បែកបាក់​ស្ទើរតែ​ភ្លេច​មុខ​បងប្អូន​អស់​ទៅ​ហើយនោះ។

តើ​មូល​ហេតុអ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​អភិជន ៥​ជំនាន់​នេះ​ជួប​រឿ​អកុសល​ក្នុង​ដំណើរ​ជីវិត​ដ៏​រុងរឿង​របស់​ពួកគេ ?

នៅ​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ​ឆ្នាំ​២០១០ លោកស្រី​ស៊ុន សុត្ថា ភរិយា លោក​ស៊ុន ចាន់ថុល បាន​ដាក់​ពាក្យបណ្ដឹង ព្រហ្មទណ្ឌ​មកកាន់​សមត្ថកិច្ច​អំពី​បទ​ប៉ុនប៉ង​មនុស្សឃាត និង​រំលោភ​សេពសន្ថវៈ។

ការ​ស៊ើបអង្កេត​បឋម​មួយ​បាន​កំណត់​មនុស្ស​៥​នាក់​ថា ​ជា​ជនសង្ស័យ ​រួម​មាន​ឈ្មោះ​ចាន់ សុខា ​ជា​អ្នក​បម្រើ​ ឈ្មោះ​នាង ស៊ីណាត ជា​អ្នក​បម្រើ​នៅផ្ទះ​លោក​ស៊ុន ចានថុល ឈ្មោះ សុខ ឡាក់ ជា​កម្មករ​យាម​ខុន​ដូរ ឈ្មោះ​យាន សុធា​រិ​ទ្ធ ជា​កម្មករ​យាម​ខុន​ដូរ និង​គោលដៅ​ចម្បង គឺ​លោកស្រី សេង ចិន្តា ភរិយា​លោក​ឧកញ៉ា​ខូ ជឺ​លី។

ជា​បន្តបន្ទាប់ ​តុលាការ​ក្រុង​ភ្នំពេញ ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ​យោង​លើ​ចម្លើយ​សារភាព​របស់​នាង ចាន់ សុខា​ និង នាង ស៊ី​ណាត កាលពី​ថ្ងៃ​ទី​០៥ ​ខែ​តុលា ​ឆ្នាំ​២០១២ បាន​សម្រេច​លើកលែង​ចោទ​ឈ្មោះ យាន សុធា​រិ​ទ្ធ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ ចំណែក សេង ចិន្ដា និង សុខ ឡាក់ ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ ២០​ឆ្នាំ។ ចំណែក​ឈ្មោះ ចាន់ សុខា និង នាង ស៊ីណាត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​១៨​ឆ្នាំ។

រឿង​នេះ​មិន​ចប់​ត្រឹមហ្នឹង​ទេ នៅ​ថ្ងៃ​ទី​០៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១១ លោក​ស៊ុន ចាន់ថុល បាន​ដាក់​ពាក្យបណ្ដឹង​បន្ថែម​មក​លើ​ឈ្មោះ ខូវ ជឺ​លី ជា​ឪពុកក្មេក​លោក​ខូវ ផល្លា​បុត្រ ជា​ប្អូនថ្លៃ ឡាយ ហួង ជា​ភរិយា​លោក​ខូវ ផល្លា​បុត្រ និង​ហ៊ុយ សុខលាភ ជា​កូនស្រី​លោកស្រី សេង ចិន្តា ថា​ជា​អ្នក​រៀបចំ​គម្រោង សម្លាប់​កូន សម្លាប់​បង ក្មួយ​ទៀត​ផង។

បណ្ដឹង​នេះ​យោង​តែ​លើ​ការ​ឆ្លើយ​ទម្លាក់កំហុស​របស់​ចាន់​សុខា​តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​សាលាឧទ្ធរណ៍។

បន្ទាប់មក​តុលាការ​ក្រុង​ភ្នំពេញ​ចាត់ការ​ឈុត​ទី​២ លើ​គ្រួសារ​លោក​ឧកញ៉ា​ខូវ ជឺ​លី។ ក្នុងនោះ តុលាការ​បាន​លើកលែង​ចោទ​លើ​លោក​ឧកញ៉ា​ ខូវ ជឺលី និង ហ៊ុយ សុខ​លា​ភ ប៉ុន្តែ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ខូវ ផល្លា​បុត្រ និង​លោកស្រី ឡាយ ហួង ថា​ជា​មេខ្លោង​ទៅវិញ ជាហេតុ​ធ្វើ​ឲ្យ​លោក ខូវ ផល្លា​បុត្រ និរទេស​ខ្លួន​ទៅ​ប្រទេស ហើយ​លោកស្រី ឡាយ ហួង ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​កាត់ទោស ដែល​សំណុំ​រឿង​ត្រូវ​ប្រកាស​សាលក្រម​នា​ថ្ងៃ​ទី​២៤ ​ខែ​មីនា ឆ្នាំ​២០១៦​នេះ។

ឆ្លង​កាត់​ការ​បែកបាក់ ព្រាត់ប្រាស​គ្នា កូន​ប្ដឹង​ម៉ែ កូនប្រសា​ប្ដឹង​ឪ​ក្មេក បង​ប្ដឹង​ប្អូន ដោយ​ទទួល​លទ្ធផល​នូវ​ការឈឺចាប់​ព្រោះតែ​ស្ដាប់​សម្ដី​សាក្សី​លោត​តាម​ខ្សែ​ញាក់​ម្នាក់ ធ្វើ​ឲ្យ​គ្រួសារ​ទាំងមូល​ស្ទើរ​ភ្លេចមុខ​គ្នា​ទៅ​ហើយ។

បទពិសោធន៍​​ដ៏​ឈឺចាប់​នេះហើយ ទើប​កាលពី​ពេល​ថ្មីៗ​នេះ​ បង ប្អូន ប្រុស ស្រី កូនចៅ​លោក​ឧកញ៉ា​ខូវ ជឺ​លី បាន​ស្វែងរក​ការ​ជួបជុំ​គ្រួសារ​នៅ​ក្រៅ​ប្រទេស​ដើម្បី​សួរ​សុខទុក្ខ​គ្នា សុំទោស​គ្នា​ទៅវិញទៅមក​នូវ​ការយល់​ខុស​ចំពោះ​បងប្អូន ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ សាមគ្គីភាព​ក្នុង​គ្រួសារ​ឡើងវិញ។ អ្វី​ទាំងអស់​ ដែល​កើត​ឡើង​ដោយ​ការ​ភ័ន្តច្រឡំ​ក៏​សូម​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​មួយ​នេះ៕