កម្ពុជា ​នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជា​មួយ​រុស្ស៊ី​

កម្ពុជា ​នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជា​មួយ​រុស្ស៊ី​



ភ្នំពេញ​ ៖ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​មួយ​ស្ដីពី​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យា​សាស្ត្រ និង​បច្ចេកទេស ជាមួយ​សហព័ន្ធ​រុស្ស៊ី ដែល​ពិធី​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ដម​ណើ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​រុស្ស៊ី​នៅ​កម្ពុជា នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក​ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក នី​កូ​ឡាយ នី​គី​ហ្វូ​រ៉ូ​វ (Nikolay NIKIFO ROV) រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មាន នៃ​សហព័ន្ធ​រុស្ស៊ី នឹង​ធ្វើជា​សហប្រធាន​ នៃ​កិច្ច​ប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ការពារ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ចុង​បញ្ចប់ នៃ​កិច្ចប្រជុំ​នោះ នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ នៃ​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​- រុស្ស៊ី សម្រាប់​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស ហើយ​នៅ​ក្នុង​អំឡុង​ពេល​ស្នាក់នៅ​កម្ពុជា លោក នី​កូ​ឡាយ នី​គី​ហ្វូ​រ៉ូ​វ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មាន នៃ​សហព័ន្ធ​រុស្ស៊ី ​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នៅ​សៀមរាប៕