របាយការណ៍​អ.ស.ប៖ កំណើន​សេដ្ឋកិច្ច​​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ត្រូវ​បាន​គេ​មើល​រំលង

របាយការណ៍​អ.ស.ប៖ កំណើន​សេដ្ឋកិច្ច​​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ត្រូវ​បាន​គេ​មើល​រំលង

ពលករ​ញ៉ាំ​អាហារ​នៅ​ពេល​សម្រាក​ពី​ការងារ​នៅ​អគារ​ពាណិជ្ជកម្ម​ដែល​កំពុង​ត្រូវ​បាន​គេ​សាងសង់​នៅ​ក្នុង​ក្រុង Noida ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣។របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ពលកម្ម​និង​ការ​ធ្វើ​ចំណាក​ស្រុក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បង្ហាញ​ថា ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ពី​ការ​ធ្វើ​ចំណាក​ស្រុក ​ជា​រឿយៗ ​ត្រូវ​បាន​គេ​មើល​រំលង។
បាងកក—

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ពលកម្ម​និង​ការ​ធ្វើ​ចំណាក​ស្រុក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បង្ហាញ​ថា ​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ពី​ការ​ធ្វើ​ចំណាក​ស្រុក ​ជា​រឿយៗ ​ត្រូវ​បាន​គេ​មើល​រំលង។ របាយការណ៍​នេះអំពាវនាវ​ឲ្យ​មាន​គោល​នយោបាយ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន បើ​មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​មានគ្រោះ​ថ្នាក់​ដោយ​សារតែ​មាន​វិសមភាពកាន់​តែ​ខ្ពស់​ និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ច្រើន។

នៅ​ក្នុង​ឆ្នាំ​២០១៣ នៅ​ទូទាំង​ពិភពលោក ​មាន​ជនចំណាក​ស្រុក​ជាង​២១៣​លាន​នាក់ ដែល​ក្នុង​នោះ​មាន​ជាង​៥៩លាន​នាក់​ កំពុង​រស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ចំនួន​នេះ​ធ្វើ​ឲ្យ​មាន​ទំនោរ​កើន​ឡើង​ខ្លាំង​មួយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០ ​មក។

របាយការណ៍​របស់​ អ.ស.ប.​ ដែល​បាន​ផ្សាយ​កាល​ពី​ពីរ​សប្តាហ៍​មុន​និយាយ​ថា នៅ​ទូទាំង​ពិភពលោក ​ជន​ទេសន្តរប្រវេសន៍​ជាង​៩៥លាន​នាក់ មាន​ប្រភព​មក​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ចំនួន​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​៥០​ភាគរយក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លង​ទៅ​នេះ។ របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ថា ទំនោរ​នៃ​ការ​កើន​ឡើង​នេះ​នឹង​នៅ​តែ​បន្ត។

លោក ​Hongjoo Hahm ​អគ្គលេខា​ប្រតិបត្តិ​រង​របស់​គណៈកម្មការ​សង្គម​និង​សេដ្ឋកិច្ច​របស់ ​អ.ស.ប.​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ​ហៅ​កាត់​ថា​ UNESCAP ​និយាយ​ថា ​កត្តា​ជំរុញ​ចម្បង​ដែលធ្វើ​ឲ្យ​មាន​ការធ្វើ​ចំណាក​ស្រុកនៅ​ក្នុង​តំបន់​គឺ​បញ្ហា​សេដ្ឋកិច្ច។ លោក Hongjoo Hahm បាន​និយាយថា៖

«ការ​ទទួល​បាន​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជន​ចំណាក​ស្រុក​ផ្លាស់​ទី​ ហើយ​យើង​មើល​ឃើញ​ថា ការផ្លាស់​ទី​នេះ​ មិន​ដូច​នៅ​ក្នុង​តំបន់​ដទៃ​ទៀត​ក្នុង​ពិភពលោក​ទេ។ នៅ​អាស៊ី​ លក្ខណៈ​ពិសេស​ធំជាង​គេ​ ហើយ​ប្លែក​ពី​តំបន់​ដទៃ​ទៀត​គឺ​ថា ​ការធ្វើ​ចំណាក​ស្រុក​កើត​ឡើង​ពី​តំបន់​ខាង​ត្បូង​ទៅ​ត្បូង​ លើក​លែង​តែ​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សម្បូរ​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ»។

ជា​រៀងរាល់​ឆ្នាំ ជនជាតិ​ហ្វីលីពីន​ប្រមាណពីរ​លាន​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស។ ពលករ​ជាង​កន្លះ​លាន​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​បង់ក្លាដែស​ ឥណ្ឌា​ ឥណ្ឌូនេស៊ី ​និង​ប៉ាគីស្ថាន​ ជា​រៀងរាល់​ឆ្នាំ។

ប្រទេស​គោលដៅ​សំខាន់ៗ​សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក​ការងារ​ធ្វើ​រួម​មាន​ ប្រទេស​ព្រុយណេ (Brunei) កាហ្សាក់ស្ថាន (Kazakhstan) ម៉ាឡេស៊ី (Malaysia) ម៉ាល់ឌីវ (Maldives) សហព័ន្ធ​រុស្ស៊ី (Russian Federation) សិង្ហបុរី (Singapore) និង​ប្រទេស​ថៃ (Thailand)។

ក៏ប៉ុន្តែ​ ការ​រឹតត្បិត​មួយ​ចំនួន​ដែល​បាន​ដាក់​ទៅ​លើ​ពលករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ម្ចាស់​ផ្ទះ​ខ្លះ ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ចំណាក​ស្រុក​ ហើយ​ដាក់​កម្រិត​នូវ​ការ​ទទួល​បាន​ការ​ការពារ​ផ្នែក​សង្គម​របស់​ពួកគេ។ របាយការណ៍​នេះ​និយាយ​ថា​ ការ​រឹតត្បិត​ទាំង​នោះ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​បែប​សេដ្ឋកិច្ច​នោះ​ទេ​ ហើយ​វា​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​ទៀត​ផង។​

លោក Hongjoo ​នៃ​គណកម្មការ​ UNESCAP ​និយាយ​ថា​ បញ្ហា​ដូច​ជា​ផល​ប៉ះពាល់​ផ្ទាល់​របស់​ជន​ចំណាក​ស្រុក​ទៅ​លើ​ប្រាក់​ឈ្នួល​ក្នុង​ស្រុក​ និង​វិសមភាព ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​តិច​តួច។

«អ្វី​ដែល​យើង​បាន​រក​ឃើញ​នោះ​គឺ​ ​ផល​ប៉ះពាល់​ទៅ​លើ​ប្រាក់​ឈ្នួល​ វិសមភាព​ និង​ឱកាស​ការងារ​ដែល​ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ ហើយ​វា​ជា​មុខងារ​នៃគោលនយោបាយ​រដ្ឋាភិបាល តែ​មិន​ផ្តោត​លើ​ជន​ចំណាកស្រុក​ទេ។ នៅ​ពេល​អ្នក​ផ្តល់​ការងារ​សមរម្យ​ដល់​ជន​ចំណាកស្រុក​ នៅ​ពេល​អ្នក​ចាត់​ទុក​ពួកគេ​ដូច​ជា​ខ្លួន​អ្នក បញ្ចូល​ពួកគេ​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​អ្នក និង​ចាត់ទុក​ពួកគេ​ជា​ពលករ​ជាតិ​សាសន៍​ខ្លួន ការ​ធ្វើ​បែប​នេះ​ពិត​ជា​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​ជាតិ​របស់​អ្នក​មែនទែន»។​

ប៉ុន្តែ​លោក ​Phil Robertson អនុ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និយាយ​ថា រដ្ឋាភិបាល​ក្នុង​តំបន់ ​ដូចជា​ម៉ាឡេស៊ី ​ចង់​បាន​ជនចំណាក​ស្រុកក្នុង​កិច្ច​សន្យា​រយៈពេល​ខ្លី​ជាង ដោយ​ទុក​ឲ្យ​ជន​ចំណាកស្រុក​ទាំង​នោះ​ស្ថិត​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ងងឹត​និង​មិន​ទៀង​ទាត់​ ដែល​ទទួល​បាន​ការ​ការពារ​តិចតួច។

«តាម​រយៈ​បញ្ហា​ទាំង​នេះ មាន​ការ​បំភ្លើស​លើ​មូលហេតុ​សន្តិសុខ​ជាតិ​ ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា​ ជន​ភៀស​ខ្លួន និង​ជនចំណាក​ស្រុក​ទាំង​នេះ​ចូល​រួម​បង្កើត​ការ​គំរាម​កំហែង​ដល់​ប្រទេស​របស់​ពួកគេ។ អ្នក​មើល​ឃើញ​បញ្ហា​នេះ​នៅ​ក្នុង​ប្រទេស​ថៃ ជា​ទី​ដែល​គេ​តែង​តែ​ហៅ​ថា​ជា «បណ្តុំ​នៃ​ជន​ភៀស​ខ្លួន ឬ​ជន​ចំណាកស្រុក»។ អ្នក​ក៏​ឃើញ​មាន​បញ្ហា​នេះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ីដែរ​ ​ដែល​នៅ​ទី​នោះ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែងព្យាយាម​ដាក់​ជន​ភៀស​ខ្លួន​ឲ្យ​ស្ថិត​នៅ​ក្រៅ​សេដ្ឋកិច្ច​ផ្លូវ​ការ​ ដោយ​មិន​ផ្តល់​សិទ្ធិ​ឲ្យ​ពួកគេ​ធ្វើ​ការ»។

លោក Robertson បន្ថែម​ទៀត​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ របស់​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ AEC ក៏​បរាជ័យ​ក្នុង​ការ​បង្កើតគោលនយោបាយ​ការងារ​សម្រាប់​ជន​ចំណាកស្រុក​ក្នុង​តំបន់​ទាំង​មូល​ ដើម្បី​ឆ្លុះ​បញ្ចាំង​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​សម្រាប់សេវាកម្ម​និង​ទំនិញ។

អ្នក​សេដ្ឋកិច្ច​របស់ ​អ.ស.ប.​ និយាយ​ថា ទំនោរ​នៃ​ការធ្វើ​ចំណាក​ស្រុក​នៅ​ក្នុង​ពេល​អនាគត​នឹង​ត្រូវ​ទទួល​ឥទ្ធិពល​ពី​បម្រែ​បម្រួល​ប្រជាសាស្រ្ត​ក្នុង​តំបន់ ជា​ពិសេស​នៅ​តំបន់​ដែល​មាន​ប្រជាជន​វ័យ​ចំណាស់​ច្រើន ហើយ​នឹង​មាន​ការ​អំពាវនាវ​ឲ្យ​មាន​គោលនយោបាយ​ថ្នាក់​តំបន់​ដោយ​ផ្អែក​លើ​ការគោរព​សិទ្ធិ​មនុស្ស​ ការងារ​សមរម្យ និង​ការ​ការពារ​ផ្នែក​សង្គម​សម្រាប់​ទាំង​ជនជាតិ​ខ្លួន និង​ជន​ចំណាកស្រុក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ