មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កំពង់ចាម​បណ្ដុះ​បណ្ដាល​ពលរដ្ឋ​ពី​ការ​ការពារ​ធនធាន​មច្ឆជាតិ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​កំពង់ចាម លើក​ឡើង​ថា នៅ​ពេល​ប្រជាពលរដ្ឋ​ប្រកប​មុខ​របរ​នេសាទ​យល់​ដឹង​អំពី​ច្បាប់​ផ្សេងៗ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​អាច​រួម​ចំណែក​ក្នុង​ការ​ការពារ​ធនធាន​មច្ឆជាតិ​បាន​មួយ​ចំណែក​ធំ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មន្ត្រី​សង្គម​ស៊ីវិល​បង្ហាត់​បង្រៀន​ពលរដ្ឋ​រស់នៅ​ជាប់​បឹង​ធំ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ កាល​ពី​ថ្ងៃ​ទី​២២ មីនា។

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​បរិវេណ​បឹង​ធំ​ក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ លើក​ឡើង​ថា ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួក​គាត់​ជា​អ្នក​នេសាទ​លក្ខណៈ​គ្រួសារ។ បន្ថែម​ពី​នេះ ធ្វើ​ឲ្យ​ទិន្នផល​ត្រី​ក្នុង​បឹង​កាន់​តែ​ថយ​ចុះ រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ដែល​រស់​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ ត្រូវ​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ក៏​មាន។

ពលរដ្ឋ​នៅ​ភូមិ​ដីក្រហម ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គម្រោង​ការពារ​ធនធាន​មច្ឆជាតិ​របស់​សមាគម​យុវជន​ខ្មែរ លោក ឈាន រិទ្ធិ ឲ្យ​ដឹង​ថា មុខ​របរ​នេសាទ គឺ​ជា​មុខ​របរ​ទី​ពីរ​របស់​លោក បន្ទាប់​ពី​មុខ​របរ​ធ្វើ​ស្រែ ប៉ុន្តែ​ក្រោយ​ពេល​មាន​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កើត​ឡើង​ច្រើន ធ្វើ​ឲ្យ​ពួក​គាត់​រង​ផល​ប៉ះពាល់​ជា​ខ្លាំង៖ «មាន​ការព្រួយ​បារម្ភយ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​អ្នក​នេសាទ​ខុស​ច្បាប់​កើត​មាន​ច្រើន​ដូចជា​ស្បៃ​ទៅ ឆក់​ទៅ»

វគ្គ​បណ្តុះបណ្តាល​អំពី​ច្បាប់​ជលផល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​មុខ​របរ​នេសាទ ដែល​រៀបចំ​ឡើង​ដោយ​បណ្ដាញ​យុវជន​នៃ​សមាគម​យុវជន​ខ្មែរ​សាខា​ខេត្ត​កំពង់ចាម គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​នេសាទ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ មិន​ឲ្យ​កើត​មាន​ឡើង និង​ចូលរួម​ថែ​រក្សា​ធនធាន​មច្ឆជាតិ​នៅ​ក្នុង​បឹង​ធំ​ទាំង​មូល។

មេ​ភូមិ​ដីក្រហម លោក តៃ មឿន មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ធំ គឺ​កើត​មាន​ច្រើន​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​មិន​មាន​អ្នក​នេសាទ​ខុស​ច្បាប់​ទេ។ លោក​បន្ត​ថា នៅ​ពេល​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ច្បាប់​ទម្លាប់ គឺ​ធ្វើ​ឲ្យ​ពួក​គេ​ជៀស​ផុត​ពី​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់៖ «រឿង​បញ្ហា​ហ្នឹង​ចង់​ឲ្យពួក​គាត់កាត់​បន្ថយ​ខ្លួន​គាត់ ហើយ​គាត់​រក​ស៊ី​ទៅ អត់​កើត ហើយ​បញ្ហា​ហ្នឹង​ពលរដ្ឋ​ខ្ញុំ​ស្អប់​ណាស់ រឿង​នេសាទ​ខុស​ច្បាប់​ហ្នឹង»

លោក​មេ​ភូមិ​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​ពាំនាំ​ចំណេះ​ដឹង​ទាំងឡាយ​ដែល​លោក​ទទួល​បាន​ពី​ការ​វគ្គ​បណ្ដុះបណ្ដាល​នេះ យក​ទៅ​ផ្សព្វផ្សាយ​ប្រាប់​អ្នក​ភូមិ​ឲ្យ​ពួក​គាត់​ចូលរួម​ការពារ​ធនធាន​ជលផល​ទាំងអស់​គ្នា។

បុគ្គលិក​សមាគម​យុវជន​ខ្មែរ​សាខា​ខេត្ត​កំពង់ចាម អ្នកស្រី អ៊ី ស្រីម៉ុច ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​បែប​នេះ គឺ​មាន​ជា​ហូរហែ​ក្នុង​គោល​បំណង​បណ្ដុះ​គំនិត​ប្រជា​នេសាទ​ទាំងអស់ ឲ្យ​ចូលរួម​ការពារ​ធនធាន​មច្ឆជាតិ​ឲ្យ​បាន​ប្រសើរ៖ «បញ្ជ្រាប​ពលរដ្ឋ​ឲ្យ​គាត់​យល់​ដឹង​ពី​ច្បាប់​ជលផល ពិសេស​ឲ្យ​ពួក​គាត់​យល់​ដឹង​សិទ្ធិ​ពី​ការ​អាស្រ័យ​ផល​ធនធាន​ដែល​បាន​ពី​បឹង​ធំ​ហ្នឹង»

បឹង​ធំ​ជា​បឹង​មួយ​លាត​សន្ធឹង​ជាប់​ស្រុក​ចំនួន​បី ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​កងមាស ស្រុក​ព្រៃឈរ និង​ស្រុក​កំពង់សៀម។ ទិន្នផល​ត្រី​នៅ​តំបន់​បឹង​មួយ​នេះ អាច​ចិញ្ចឹម​អ្នក​ស្រុក​បាន​យ៉ាង​ស្រួល ប៉ុន្តែ​ចាប់​តាំង​ពី​មាន​បទល្មើស​នេសាទ​កើត​ឡើង ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​សម្រេច​បោះបង់​មុខ​របរ​នេសាទ​របស់​ខ្លួន​ចោល។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត ដែល​ជា​អ្នក​បណ្តុះបណ្តាល​ច្បាប់​ជលផល​ទៅ​ប្រជាពលរដ្ឋ​ទាំង​នោះ មាន​ប្រសាសន៍​ថា ដោយសារ​តែ​ពលរដ្ឋ​មិន​បាន​យល់​ពី​បញ្ហា​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​នេសាទ និង​កិច្ច​ការពារ​ធនធាន​ជលផល ទើប​បណ្ដាល​ឲ្យ​បទល្មើស​កើត​មាន​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​បន្ត​ថា នៅ​ពេល​ប្រជាពលរដ្ឋ​បាត់បង់​មុខ​របរ​នេសាទ​របស់​ខ្លួន​ដោយសារ​តែ​ទិន្នផល​ត្រី​ហិនហោច ធ្វើ​ឲ្យ​អ្នក​ភូមិ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ពិសេស​ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ជាដើម៖ «ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​នៅ​ទីនេះ គឺ​ជា​ពលរដ្ឋ​សំណាង​ជាង​គេ ដោយសារ​ទទួល​បានធនធាន​ធម្មជាតិ​សម្បូរ​បែប​ពី​បឹង​ធំ ពិសេស​មច្ឆជាតិ​ពី​ដូនតា​របស់​គាត់​នេះ នឹង​ក្លាយ​ជាជន​រងគ្រោះ»

លោក នាង សុវ៉ាត មាន​ជំនឿ​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ ពិសេស​នៅ​ក្នុង​ស្ថាប័ន​ជលផល បទល្មើស​នេសាទ​នឹង​អាច​កាត់​បន្ថយ​បាន។ ទន្ទឹម​គ្នា​នោះ លោក​ក៏​ស្នើ​ឲ្យ​ប្រជា​នេសាទ​ទាំងអស់ ប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​អនុញ្ញាត ទើប​ធានា​ថា ទិន្នផល​ត្រី​នឹង​សម្បូរ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។