រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សុរិយោដី​ថ្មី​ខេត្ត​ព្រះសីហនុ​ពន្លឿន​ចុះ​បញ្ជី​ដីធ្លី

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សុរិយោដី​ថ្មី​ខេត្ត​ព្រះសីហនុ ត្រូវ​ជួយ​ពន្លឿន​សកម្មភាព​ចុះ​បញ្ជី ឬ​ចុះ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ទប់ស្កាត់​វិវាទ​ដីធ្លី​នា​មូលដ្ឋាន​នេះ។ មន្ត្រី​សង្គម​ស៊ីវិល ប្រកាស​សាទរ និង​រំពឹង​ថា ថ្នាក់​ដឹក​នាំ​ថ្មី​រូប​នេះ អាច​អនុវត្ត​ការងារ​បាន​ល្អ។

សារ​ក្រើន​រំឭក​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម បែប​នេះ ធ្វើ​ឡើង​ចំពោះ​មុខ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ស្ថាប័ន​នានា​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​មុខ​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ គឺ​លោក នួន ប៉ុក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា នា​សាលា​ខេត្ត​ព្រះសីហនុ។

លោក អ៊ឹម ឈុនលឹម បាន​ផ្ដាំ​ផ្ញើ​ឲ្យ លោក នួន ប៉ុក ដែល​ទើប​ទទួល​បាន​តំណែង​បន្ត​វេន​ពី លោក ហ៊ុន ភី ដែល​គ្រប់​អាយុ​ចូល​និវត្តន៍ ត្រូវ​បន្ត​អនុវត្ត​ការងារ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ឬ​បទបញ្ជា​លេខ​០១ របស់​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត លោក អ៊ឹម ឈុនលឹម ក៏​បាន​ពញ្ញាក់​ស្មារតី​ដល់​ប្រធាន​មន្ទីរ​សុរិយោដី​ថ្មី​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក ត្រូវ​សហការ​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ដើម្បី​ឈាន​ដល់​អនុវត្ត​ការងារ ឬ​សេវា​បម្រើ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «ត្រូវ​ខិតខំ​បន្ត​ការងារ​ជម្រះ​ទិន្នន័យ​កក​ស្ទះ​ក្បាល​ដី​កន្លង​មក នៅ​ក្នុ​កម្មវិធី​ចុះ​បញ្ជី​ដីធ្លី​ទូទៅ ក៏ដូចជា​ការ​ចុះ​បញ្ជី​ដីធ្លី​តាម​បទបញ្ជា​លេខ​០១ កន្ល​មក»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​យក​ឱកាស​នោះ​ផ្តល់​អនុសាសន៍​ដល់ លោក នួន ប៉ុក ឲ្យ​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ការងារ​ចុះ​បញ្ជី​ដីធ្លី ឬ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​នៅ​សេសសល់​ឲ្យ​បាន​រលូន និង​ត្រូវ​ពន្លឿន​ការងារ​នេះ​ឲ្យ​បាន​ឆាប់។ លោក​សង្កត់​ធ្ងន់​ថា ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្ទួន​ជូន​បុគ្គល​ច្រើន​នាក់​នៅ​លើ​ទីតាំង​ដី​តែ​មួយ​កន្លែង គួរ​ត្រូវ​លុប​បំបាត់​ឲ្យ​បាន ព្រោះ​កន្លង​មក មូលដ្ឋាន​នេះ​ធ្លាប់​កើត​មាន​បញ្ហា​មិន​ប្រក្រតី​នេះ​ជាច្រើន​ករណី និង​បង្កើត​ឲ្យ​មាន​វិវាទ​ដីធ្លី​ដោះស្រាយ​មិន​ចេះ​ចប់៖ «ស្នើ​ឲ្យ​លោក​ត្រូវ​មាន​ការ​តាំង​ចិត្ត និង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការងារ​បម្រើ​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រលូន»

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ថ្មី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឡើង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ជំរុញ​ការងារ​ដែល​នៅ​សេសសល់​ក្នុង​ស្ថាប័ន​នេះ​ឲ្យ​បាន​រលូន។ ជាង​នេះ​ទៀត នឹង​ខិតខំ​ជំរុញ​ការងារ​ផ្តល់​សេវា​ផ្សេងៗ និង​ការងារ​ចុះ​បញ្ជី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចៀស​បាតុភាព​ផ្សេងៗ៖ «នឹង​ខិតខំ​គោរព​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​មាន​ជា​ធរមាន ពិសេស​នឹង​ខិតខំ​អនុវត្ត​ឲ្យ​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​រលូន»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​អបអរ​សាទរ​ការ​ទទួល​តំណែង​ថ្មី​របស់ លោក នួន ប៉ុក ពេល​នេះ។ អ្នកស្រី​រំពឹង​ថា មន្ត្រី​រូប​នេះ​នឹង​អនុវត្ត​ការងារ​ផ្តល់​សេវា​ផ្សេងៗ​ជូន​ពលរដ្ឋ ពិសេស​ការងារ​ចុះ​បញ្ជី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ អនុវត្ត​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់។ អ្នកស្រី ជៀប សុធារី បាន​សំណូមពរ​ដល់ លោក នួន ប៉ុក ត្រូវ​ជៀស​ឲ្យ​ផុត​ពី​អំពើ​ពុក​រលួយ ឬ​ការ​ឃុបឃិត​ណា​មួយ​ជាមួយ​ឈ្មួញ ឬ​បុគ្គល​មាន​អំណាច ដែល​អាច​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ទាំង​នោះ​ទៅ​លើ​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ ដូច​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នេះ​ធ្លាប់​អនុវត្ត​កន្លង​មក។

អ្នកស្រី ជៀប សុធារី បាន​រិះគន់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ​ថា ពួក​គេ​បាន​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ជូន​បុគ្គល​ឯកជន មាន​ដូចជា ចំណី​មាត់​បឹង ឬ​អូរ​ធម្មជាតិ ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដី​ភ្នំ និង​ដី​ឆ្នេរ​សមុទ្រ ជាដើម ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ឈាន​ដល់​បំផ្លាញ​ធនធាន​ធម្មជាតិ​ធ្ងន់ធ្ងរ​កន្លង​មក៖ «ខ្ញុំ​សង្ឃឹម​ថា លោក នួន ប៉ុក ជា​មនុស្ស​ម្នាក់​មាន​សមត្ថភាព​តាម​ផ្លូវ​ច្បាប់​ច្រើន ហើយ​សង្ឃឹម​ថា​គាត់​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ក្នុង​ការ​សើរើ​រាល់​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ខុស​ច្បាប់​នា​ពេល​កន្លង​មក​នេះ ដើម្បី​ឈាន​ដល់​ទាមទារ​ដាក់​ជា​ទ្រព្យ​សម្បត្តិសាធារណៈ​របស់រដ្ឋ​វិញ»

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៦ បង្ហាញ​ថា មូលដ្ឋាន​នេះ​កើត​មាន​វិវាទ​ដីធ្លី​ជាង ២០​សហគមន៍ និង​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ ទំនាស់​ដីធ្លី​ខ្លះ កើត​ឡើង​ដោយសារ​ភាព​យឺតយ៉ាវ​នៃ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ និង​ការ​ចេញ​ប័ណ្ណ​សម្គាល់​ក្បាល​ដី​ស្ទួន​គ្នា​នៅ​លើ​ទីតាំង​ដី​តែ​មួយ​កន្លែង​ជាដើម ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច​ស្ថាប័ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។