អាល្លឺម៉ង​ដកខ្សែប្រយុទ្ធ Max Kruse ចេញពី​ក្រុម​ជម្រើសជាតិ

សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្សែប្រយុទ្ធ​របស់​ក្លិប Wolfsburg កីឡាករ Max Kruse ត្រូវបាន​ដកចេញ​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ សម្រាប់​ការប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយនឹង​ប្រទេស អង់គ្លេស និង​អ៊ីតាលី នាពេល​ខាងមុខនេះ ចំពោះ​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ​នៅក្រៅ​ទីលាន។

max-kruseគ្រូបង្វឹក លោក Joachim Loew បាន​លុបឈ្មោះ Kruse ចេញពី​ក្រុម​មាន​សមាជិក​ទាំង ២៧ នាក់​របស់លោក ដោយ​បង្ហើប​ថា «ការប្រើ​ឥរិយាបថ​មិន​សមរម្យ​ជាច្រើន​របស់​ខ្សែប្រយុទ្ធ​រូបនេះ» ដែល​ត្រូវបាន​ចាត់ទុកថា ជា​ទង្វើ​មិនមែនជា​កីឡាករ​អាជីព។ លោក Loew ថ្លែងថា៖ «Max បាន​ប្រើ​ឥរិយាបថ​មិនមែន​អាជីព​ម្តងទៀត ហើយ​ខ្ញុំ​នឹងមិន​ទទួលយកបាន​នោះឡើយ»។

សូ​បញ្ជាក់ថា ហេតុការណ៍​កើតឡើង ខណៈពេល​កំពុង​ប្រារព្ធ​ពិធី​ខួបកំណើត​របស់ Kruse វ័យ ២៨ឆ្នាំ កាលពី​ចុង​សប្តាហ៍​មុន, កីឡាករ​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​មួយ​ជាមួយ​អ្នកកាសែត នៅក្នុង​ក្លិប​កម្សាន្ត​នៃ​ទីក្រុង Berlin ក្រោយពី​រូបគេ ត្រូវបាន​គេ​រាយការណ៍​ថា មិន​សប្បាយចិត្ត​ដោយសារ​មាន​ការថត​រូបគេ ដោយ​គ្មាន​ការអនុញ្ញាត។
Kruse ធ្លាប់បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើសជាតិ​អាល្លឺម៉ង់ បាន ៤គ្រាប់​ក្នុងការ​បង្ហាញ ១៤ ប្រកួត​ឲ្យ​ជម្រើសជាតិ៕